កំពត ៖ ប្រជាពលរដ្ឋមកពីឃុំចំនួន២ នៅក្នុងស្រុកឈូក ខេត្ដកំពត កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ បាន មកទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ពីអភិបាលខេត្ដកំពត លោក ខូយ ឃុនហួរ និងលោកស្រី អ៊ុន សុគន្ធា តំណាងរាស្ដ្រ គណបក្សប្រជាជន មណ្ឌលកំពត ព្រមទាំងមានការចូលរួម ពីមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។
មន្ដ្រីសាលាខេត្ដ កំពត បានឱ្យដឹងថា ប្រជាពលរដ្ឋទាំង ៤៧៥គ្រួសារ មកទទួលប័ណ្ណកម្មសិទ្ធិខាងលើនេះ មកពីភូមិចំនួន២ គឺភូមិ ត្រញំងរុន ក្នុងឃុំតាកែន និងភូមិជ្រៃបាក់ ក្នុងឃុំតេជោអភិវឌ្ឍន៍ ហើយការប្រគល់ប័ណ្ណកម្មសិទ្ធិនេះ ធ្វើឡើងនៅ សាលារៀនត្រញំងរុន ក្នុងភូមិត្រញំងរុន ឃុំតាកែន ស្រុកឈូក។
មន្ដ្រីសាលាខេត្ដកំពត បានឱ្យដឹងថា ប្រជាពលរដ្ឋ ទាំង ៤៧៤ គ្រួសារ ទទួលប័ណ្ណកម្មសិទ្ធិខាងលើនេះ ដែលមានផ្ទៃដីសរុប ចំនួន ៧២៧, ៥១៧ហិកតា ស្មើនឹងប័ណ្ណ ៩៨៩ សន្លឹក ។
អភិបាលខេត្ដកំពត បានមានប្រសាសន៍ថា ក្រោយពីទទួលបានកម្មសិទ្ធិដីធ្លីខាងលើ នេះ ប្រជាពលរដ្ឋអាចយកទៅធ្វើអ្វីក៏បានដែរ គឺជាកម្មសិទ្ធិផ្ដាច់មុខរបស់បងប្អូន។ លោកបានបន្ដថា ទម្រាំបាន កម្មសិទ្ធិដីធ្លីនេះ គឺក្រុមការងារទាំងក្រុមយុវជនស្ម័គ្រចិត្ដ សម្ដេចតេជោ ក្រុមមន្ដ្រីសុរិយោដី និងអាជ្ញាធរខេត្ដ បានឆ្លងកាត់ផលវិបាកជាច្រើន ។
អភិបាលខេត្ដកំពត បានមានប្រសាសន៍ទៀតថា ទាំងនេះគឺជាការអនុវត្ដ គោល នយោបាយចាស់ សកម្មភាពថ្មី ក្នុងវិស័យដីធ្លី របស់រាជរដ្ឋាភិបាល ហើយបានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋ កុំចាញ់បោក ការរុកគួន និងភូតកុហក ពីសំណាក់អ្នកនយោបាយប្រឆាំង មួយក្ដាប់តូច ពោលប្រជាពលរដ្ឋ គឺពិតជាបានទទួល កម្មសិទ្ធិដីធ្លីយ៉ាងប្រាកដមែន៕