បាងកក៖ ឧបនាយករដ្ឋមន្រ្តីថៃមួយរូប បានអះអាងថា គណៈរដ្ឋមន្រ្តីថៃ បានឯកភាពទៅលើពង្រាងច្បាប់ស្តីពី ប្រាក់កម្ចីពីបរទេសប្រមាណ ២លានលានបាត សម្រាប់អភិវឌ្ឍន៍លើវិស័យគមនាគមន៍មូលដ្ឋាន ហើយរឿងនេះ នឹងត្រូវដាក់ជូនសភា ដើម្បីអនុម័ន។
យោងតាមគេហទំព័រ INN របស់ថៃផ្សាយនៅថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំ ២០១៣ បានឲ្យដឹងថា លោក កិតិរ៉ាត់ ណៃរ៉ាក់ណង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បានថ្លែងថា គណៈរដ្ឋមន្រ្តីថៃ បានអនុម័តលើ សេចក្តីព្រាងច្បាប់ ដែលផ្តល់អំណាចឲ្យក្រសួងហិរញ្ញវត្ថុខ្ចីថវិកាពីបរទេស ដើម្បីអភិវឌ្ឍន៍លើវិស័យគមនាគមន៍ និងដឹកជញ្ជូនមូលដ្ឋានរបស់ប្រទេស។ សម្រាប់ប្រាក់កម្ចីនេះ ក្រសួងហិរញ្ញវត្ថុ អាចខ្ចីជារូបិយប័ណ្ណបាត ឬបរទេស ផ្សេងៗទៀត ដើម្បីការវិនិយោគទុនលើគម្រោងផ្សេងៗ ក្រោមយុទ្ធសាស្រ្ត នៃការអភិវឌ្ឍន៍លើគម្រោងសាងសង់ វិស័យមូលដ្ឋាន ដែលមានទំហំសាច់ប្រាក់ ២លានលានបាត ស្មើនឹងប្រមាណ ៦,៦ម៉ឺនលានដុល្លារសហរដ្ឋ អាមរិក។
លោក កិតិរ៉ាត់ បានបញ្ជាក់ថា នៅក្នុងខ្លឹមសារសេចក្តីព្រាងច្បាប់ប្រាក់កម្ចីបរទេសនេះដែរ ត្រូវបានបញ្ជាក់ពី គម្រោងលម្អិត ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់រដ្ឋាភិបាលថៃ សម្រាប់អនុវត្តន៍ទៅលើគំរោងនិមួយៗ ដោយភាគី ថៃអាចមានលទ្ធភាពសងបំណុលទាំងអស់ក្នុងរយៈពេល ៥០ឆ្នាំ។ ការអនុម័តពីរដ្ឋសភាអាចនឹងរួចរាល់នាអំឡុង ខែកញ្ញា ខាងមុខនេះ៕