ភ្នំពេញៈ នារីម្នាក់ រួមទាំងសាច់ញាតិ ក្រុមគ្រួសារ នាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ចោមចៅដោយចោទទៅលើបុរសម្នាក់ បានល្បួងនាង តាមទូរស័ព្ទ ឲ្យមកយកលុយចាយ នៅទីរាជធានីភ្នំពេញ ប៉ុន្តែ ខណៈនាង មកជួប ស្រាប់តែប្រើល្បិចល្បួងនាងទៅផ្ទះជួល រួចហើយ ធ្វើសកម្មភាពរំលោភនាង បានសម្រេច រួច ហើយ គេចខ្លួនបាត់ ។
ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១៤ និង ១០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅ ក្នុងបន្ទប់ជួល បុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ មានអាយុ ១៨ ឆ្នាំ រស់នៅម្តុំសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ចំណែកឯជន ដែលត្រូវនាង ចោទ ប្រកាន់នោះ មានឈ្មោះ សូ សាមាន ភេទប្រុស អាយុប្រហែល ២០ឆ្នាំ មានមុខរបរ ជាកម្មករលីសែង រស់នៅម្តុំផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មាន ស្រុកកំណើត នៅឯខេត្តព្រៃវែង ។
ប្រភពបានបន្តទៀតថា ជនរងគ្រោះ និងជនត្រូវគេចោទ គឺជាមនុស្សមានស្រុកកំណើត នៅជាមួយគ្នា នៅឯខេត្ត ព្រៃវែង ប៉ុន្តែ ក្រោយជនរងគ្រោះ បានផ្លាស់ទីលំនៅ ពីខេត្តព្រៃវែង ទៅរស់នៅខេត្តកំពង់ឆ្នាំងហើយ ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មកធ្វើការ នៅរាជធានីភ្នំពេញ បានជួបគ្នាម្តងដែរ ។
ប្រភពបានបន្តទៀតថា នៅព្រឹកថ្ងៃកើត ហេតុ ជនសង្ស័យបានទូរស័ព្ទ ទៅកាន់ជនរងគ្រោះ ដោយសួរថា អូនមានលុយចាយឬទេ ? ពេលនោះ ជនរងគ្រោះប្រាប់ថា អត់មានលុយចាយទេ ជនសង្ស័យ ក៏បានប្រាប់បន្ត បើអត់លុយចាយ មកភ្នំពេញមក រូបគេមានលុយ ។ ក្រោយមក នារីរងគ្រោះ បានជិះរថយន្តមកកាន់ភ្នំពេញ ដើម្បីមកជួបជនសង្ស័យ តាមការ ណាត់ ដោយមកជាមួយមិត្តភ័ក្តិម្នាក់ ស្រីដូចគ្នា លុះពេលមកដល់ម្តុំគល់ស្ពាន ជ្រោយចង្វារ ក៏បានជួបជនសង្ស័យមែន បន្ទាប់ ជនសង្ស័យ បាននាំនាងទៅផ្ទះជួលរបស់គេ នៅបុរីរុងរឿង ក្នុង សង្កាត់ចោមចៅ ដោយមកតែពីរនាក់ ជនសង្ស័យនោះទេ ។ លុះពេលមកដល់ ជន សង្ស័យក៏ បានលូកដៃ ខ្ទាក់គន្លឹះទ្វារពីខាងក្នុង រួចហើយធ្វើសកម្មភាព ចាប់រំលោភនាង ហើយដោយសារ នៅបន្ទប់ជួល របស់ជន សង្ស័យ មានសភាពស្ងាត់ ទើបធ្វើឲ្យនាង រងគ្រោះ ពុំហ៊ានស្រែកនោះទេ បណ្តោយឲ្យជនសង្ស័យធ្វើ សកម្មភាព រំលោភរហូតបានសម្រេចតែម្តងទៅ ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះរួមទាំងក្រុមគ្រួសារ បានមកដាក់ពាក្យ បណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យនគរបាល ជួយស្វែងរកចាប់ខ្លួនជនសង្ស័យក្រែងបានប្រទះឃើញ៕