ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី ដែលបានរៀបចំឡើង កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ២៤៧, ៣៦៨, ៣៧២ ,៣៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
យោងតាមសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានចេញផ្សាយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣បានឲ្យដឹងថា ក្រមនីតិព្រហ្មទណ្ឌ ដែលត្រូវបាន ប្រកាសឲ្យប្រើ ដោយព្រះរាជក្រមចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ បាន និងកំពុងអនុវត្តនៅក្នុងសង្គមកម្ពុជា ។ បទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌនេះ ត្រូវបាន ចាត់ទុកថា ជាបទប្បញ្ញត្តិរួម ដែលត្រូវយកចិត្តទៅអនុវត្តចំពោះគ្រប់រឿងព្រហ្មទណ្ឌទាំងអស់ លើកលែងតែក្នុងករណី ដែលមានបទប្បញ្ញត្តិ ស្តីពីនីតិវិធី ត្រូវបានចែង កំណត់ដោយឡែក នៅក្នុងច្បាប់ពិសេស។
ជាគោលការណ៍ ដោយអនុលោម តាមក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញតិ្តព្រហ្មទណ្ឌ ជាធរមាននានា វត្ថុតាង រួមទាំងផលនៃបទល្មើស គឺជាកម្មវត្ថុ នៃការរឹបអូស ជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវធ្វើតាមរយៈសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការ។
កន្លងមក ការរឹបអូសវត្ថុតាង នៃបទល្មើសជាទ្រព្យសម្បត្តិរបស់រដ្ឋ មិនមានឧបសគ្គផ្នែកវិធីច្បាប់នោះទេ ប្រសិនបើជនល្មើសត្រូវបានចាប់ខ្លួន ឬត្រូវបានស្គាល់ អត្តសញ្ញាណ។ប៉ុន្តែបញ្ហានីតិវិធី ដែលកើតឡើងកន្លងមក ក្នុងករណីដែលត្រូវរឹបអូស ជាទ្រព្យសម្បត្តិរបស់រដ្ឋ នូវវត្ថុតាងជាសម្ភារៈបរិក្ខា និងមធ្យោបាយដឹកជញ្ជូន ដែលប្រើប្រាស់ ក្នុងការប្រព្រឹត្តបទល្មើស ហើយជនប្រព្រឹត្តបទល្មើស ជាជនដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ។
សេចក្តីព្រាងច្បាប់នេះ មានពីរមាត្រា រៀបចំឡើង ដោយក្រសួងយុត្តិធម៌ ក្នុងគោលបំណងដើម្បីដោះស្រាយឧបសគ្គក្នុងនីតិវិធីខាងលើ។ មាត្រាមួយ ៖ ចែងពីការ ធ្វើវិសោធនកម្មទៅលើមាត្រា ២៤៧ (ដីកាដោះស្រាយ) មាត្រា ៣៦៨ (រយៈពេលសម្រាប់ធ្វើបណ្តឹងទាស់ មាត្រា៣៧២ (បណ្តឹងទាស់ដែលធ្វើឡើង ដោយដើមបណ្តឹង រដ្ឋ ប្បវេណី ឬអ្នកទទួលខុសត្រូវរដ្ឋប្បវេណី និងមាត្រា៣៨២ (រយៈពេលប្តឹងឧទ្ធរណ៍របស់ពិរុទ្ធជន ដើមបណ្តឹងរដ្ឋប្បវេណី អ្នកទទួលខុសត្រូវ រដ្ឋប្បវេណី) ។ មាត្រាពីរ៖ ចែងអំពីការអនុវត្តច្បាប់នេះ ជាការប្រញាប់ ៕