ភ្នំពេញ៖ លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការណ៍គ្នា ដើម្បីរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងទទួលបានពត៌មាន” ដែលសិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ។
សិក្ខាសាលានេះ នឹងចាប់ពីម៉ោង ៨:០០ នាទីព្រឹក រហូតដល់ម៉ោង ៥:០០នាទីរសៀល នៅសាលប្រជុំ របស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។
គោលបំណង ដើម្បីឲ្យអ្នកចូលរួមទាំងអស់ នឹងបានជ្រាបបន្ថែមពីប្រភពបញ្ហា និងឫសគល់ ដែលបណ្តាលឱ្យកើតមានឡើង ចំពោះបងប្អូនខ្មែរក្រោម ។ ជាងនេះ ទៅទៀតអ្នកចូលរួមទាំងអស់ នឹងបានជ្រាបបន្ថែម ពីការវិភាគស្ថានភាពស្របច្បាប់ នៃការរស់នៅរបស់បងប្អូនខ្មែរក្រោម ។
អ្នកចូលរួមទាំងអស់ នឹងបានជ្រាបបន្ថែម ពីការវិភាគផ្លូវច្បាប់ពាក់ព័ន្ធ និងបញ្ហារបស់ខ្មែរក្រោមប្រឈម និងនីតិវិធីនៃការដោះស្រាយ ។ លើសពីនេះទៅទៀត អ្នកចូលរួមនឹងបានប្រមូលទិន្នន័យ ដែលជាបញ្ហាបច្ចុប្បន្ន នៃខ្មែរក្រោមកំពុងប្រឈម និងបានពង្រាងរបាយការណ៍ ដាក់ជូនសន្និបាត អង្គការសហប្រជាជាតិ នាពេលខាងមុខ ។
អង្គសិក្ខាសាលា នឹងមានការអញ្ជើញចូលរួមជាវាគ្មិន ពីលោកមេធាវី សុក សំអឿន នាយកប្រតិបត្តិ នៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងវាគ្មិនមកពីតំណាង ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលសិទ្ធិមនុស្សប្រចាំកម្ពុជា និងសិក្ខាកាម ត្រូវបានអញ្ជើញចូលរួម គឺជាប្រជាពរដ្ឋខ្មែរក្រោម នៅរាជធានីភ្នំពេញ និងមកពី បណ្តាខេត្តចំនួន៦ នៃព្រះរាជាណាចក្រកម្ពុជា សរុប ១០០ នាក់៕