តាកែវ៖ ពិធីបោះជំរុំ ក្រុមកាយរឹទ្ធ កាលពីព្រឹកថ្ងៃទី២៤ ខែមិនា ក្នុងគោលបំណង បង្កើត និងរឹតណងមិត្តភាព យុវជន នៃសិស្សានុសិស្ស អុវិទ្យាល័យ និងវិទ្យាល័យ ចំនួន៧ ក្នុងស្រុកអង្គរបូរី ស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ដែលមានសិស្សានុសិស្ស ចំនួន១៥៥នាក់ រួមទាំងលោកគ្រូ អ្នកគ្រូ អភិបាលរង ស្រុកអង្គរបូរី សមាជិក សមាជិការ របស់សភាព សហព័ន្ធយុវជនកម្ពុជា មួយចំនួនផងដែរ។
ជាកិច្ចចាប់ផ្ដើម នៃការបើកកម្មវិធី បោះជំរុំកាយរឹទ្ធនោះ ក៏មានការគោរពទង់ជាតិ បន្ទាប់មក ព្រះសង្ឃសូត្រពុទ្ធមន្ដ ដើម្បីលើករាសី ដល់អង្គពិធី អោយដំណើរការ ទៅប្រកបដោយ សុខសុវត្ថិភាព និងសេចក្ដីសុខ ក្សេមក្សាន្ត តរាងទៅ ហើយក្នុងឱកាសនោះ ក៏មានការអញ្ជើញ ចូលរួមពីលោក ឃុន បូរ អភិបាលរង ស្រុកអង្គរបូរី លោក នួន ពុទ្ធារ៉ា តំណាង សមាជិក អចិន្រ្ដៃយ៍ សហភាព សហព័ន្ធ យុវជនកម្ពុជា ប្រចាំខេត្តតាកែវ លោក ង៉ាន់ ភិរុណ អនុប្រធាន សហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តតាកែវ លោក គឹម ហឿន ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ប្រចាំ ស្រុកអង្គរបូរី និងសមាជិក របស់សហភាព សហព័ន្ធយុវជនកម្ពុជា ផងដែរ។
ចំពោះអត្ថន័យសំខាន់ៗ នៃការបោះជំរុំ កាយរឹទ្ធនោះ គឺក្នុងគោលបំណងចង់អោយ យុវជនយល់ដឹង ពីកិច្ចការសង្គម ចេះរស់នៅ និងបត់បែនទៅ និងមេរៀនពិត ជាក់ស្ដែង ក្នុងសង្គមដែលអាចនិយាយបានថា ស្ទើរតែខុសគ្នាស្រឡះ ពីមេរៀនទាំងឡាយ ដែលពួកគេបានសិក្សា នៅក្នុងសាលារៀន និងអោយពួកគេយល់ដឹង ឬចេះស្វ័យរស់ នៅក្នុងខណៈពេល ដែលពួកគេឃ្លាត ឆ្ងាយពីលំនៅឋាន ដែលពួកគេធ្លាប់ តែរស់នៅ សុខសាន្ត កន្លងមក៕