ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ មានការបើកវគ្គបណ្តុះបណ្តាលមួយ ដោយផ្តោតលើការពង្រឹងសមត្ថភាព របស់គណបក្សនយោបាយ ក្នុងការបញ្ជូនសាររបស់គណបក្ស ទាក់ទងកម្មវិធីនយោបាយ និង ទស្សនៈរបស់គណបក្សដល់អ្នកបោះឆ្នោត ដើម្បីឲ្យយុទ្ធនាការបោះឆ្នោត ឲ្យកាន់ តែមានប្រសិទ្ធភាពឡើង សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ។
លោក អ៊ក គីមហាន ប្រធាននាយកដ្ឋានសរុប ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ នៅក្នុងវគ្គបណ្តុះបណ្តាលនោះ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៣ នាសណ្ឋាគារ អាំងទែកុងទីណង់តាល់ ថា គោលបំណង ដែលរៀបចំឡើងនាពេលនេះ ដើម្បីឧបត្ថម្ភប្រយោជន៍ដល់ប្រជាជន មាតុភូមិ ហើយ គណបក្សប្រជាជនកម្ពុជា បានផ្តោតយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍលើ គ្រប់វិស័យដែលក្នុងនោះ មានវិស័យថាមពល ការការពារ បរិស្ថាន និងការចូលរួមចំណែក កាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលជាអាទិភាព របស់គណបក្សបានយកចិត្តទុក ដាក់យ៉ាងខ្លាំង។
លោក អ៊ក គីមហាន បានបន្តថា ភាពផ្ទុយគ្នានៃយុទ្ធវិធី នៃយុទ្ធនាការបោះឆ្នោត សកម្មភាពជាមួយម្ចាស់ឆ្នោត និងភ្នាក់ងារផ្សព្វផ្សាយនឹងត្រូវ លើកយកមកអនុវត្តផ្ទាល់ តាមរយៈការបង្កើតឲ្យមានជា សកម្មភាព និងការធ្វើការងារជាក្រុម ដើម្បីយកទៅអនុវត្តសម្រាប់អំឡុងពេល នៃយុទ្ធការបោះឆ្នោត។
សូមជម្រាបថា ចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ មូលនិធិខុន រ៉ាដ អាដិនណៅអ៊ែរ ប្រចាំកម្ពុជា បានរៀបចំវគ្គបណ្តុះ បណ្តាលនេះឡើង សម្រាប់គណបក្សនយោបាយមួយចំនួន ដែលរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សជាតិនិយម គណបក្សសម រង្ស៊ី និងគណបក្សសិទិ្ធមនុស្សផងដែរ៕