ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ដែលមានមូលដ្ឋាននៅ ប្រទេសកាណាដា សហការជាមួយអង្គការ មូលនិធិបង្ការរបួស អាស៊ី បានប្រកាសផ្តើមអនុវត្តកម្មវិធី “មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ” នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣។ អ្នកចូលរួមក្នុងអង្គពិធី ផ្តល់អំណោយមួកសុវត្ថិភាព ក្នុងសាលាបឋមសិក្សា សំពៅមាស មានប្រមាណ ៦០០នាក់រួមមាន មន្រ្តីរាជរដ្ឋាភិបាល តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងវិស័យឯកជន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា ឬអាណាព្យាបាលសិស្ស សំដៅបង្កើនការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ក្នុង ប្រទេសកម្ពុជា ។
សាលាបឋមសិក្សា សំពៅមាស មានទីតាំងនៅតំបន់ដែលមាន ចរាចរណ៍មមាញឹកតាមបណ្តោយផ្លូវ ដ៏សំខាន់មួយក្នុងរាជធានីភ្នំពេញ។ សិស្សានុសិស្ស នៅសាលានេះច្រើនជាង ៨០% បានធ្វើដំណើរទៅមកសាលារៀន តាមទោចក្រយានយន្ត និងទោចក្រយាន ប៉ុន្តែពួកគេទាំងនោះ តិចតួចបំផុតបានពាក់មួកសុវត្ថិភាព។
កម្មវិធីមួកសុវត្ថិភាព សម្រាប់ក្រុមគ្រួសារ នឹងធ្វើការផ្តល់មួកសុវត្ថិភាពចំនួន ៤២៤មួក ទៅដល់សិស្សានុសិស្ស ៣០៤នាក់ លោកគ្រូ-អ្នកគ្រូ ២០នាក់ និងមាតា(ម្តាយ)របស់សិស្ស ១០០នាក់ រួមទាំងផ្តល់វគ្គបណ្តុះបណ្តាល ដល់លោកគ្រូ-អ្នកគ្រូ និងមាតាបិតាសិស្ស ដើម្បីពង្រឹងចំណេះដឹង របស់ពួកគាត់អំពីការពាក់មួកសុវត្ថិភាព និងជំរុញលើកទឹកចិត្តពួកគាត់ ឲ្យពាក់មួកសុវត្ថិភាពឲ្យកូនៗ របស់ពួកគាត់។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ របស់ក្រុមហ៊ុនមេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា៖ "ក្នុងនាមជាក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតមួយ ដែលឈានមុខគេនៅលើពិភពលោក ចក្ខុវិស័យរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺការផ្តល់ជូនដល់ប្រជាជនកម្ពុជា នូវអនាគតមួយដ៏ប្រសើរ។” លោកបានមានប្រសាសន៍បន្ថែមទៀតថា "គម្រោង «មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ» នេះផ្តល់ជូនដល់ក្រុមហ៊ុន នូវឪកាសមួយក្នុងការរួមចំណែក ធានាបាននូវមានសុវតិ្ថភាពសម្រាប់កុមារកម្ពុជា និងក្រុមគ្រួសារតាមរយៈការ ផ្តល់ការអប់រំទាក់ទងនឹង សុវត្ថិភាពចរាចរណ៍ និងសារៈសំខាន់នៃការប្រើប្រាស់មួកសុវត្ថិភាព ក្នុងពេលធ្វើដំណើរទំាងរបស់អ្នកបើកបរ និងអ្នករួមដំណើរជាមួយ។“
តាមរយៈការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការទទួលខុសត្រូវការងារសង្គម បុគ្គលិកក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី បានចូលរួមគាំទ្រដល់ គម្រោងតាមរយៈការផ្តល់ជា អំណោយមួកសុវត្ថិភាព ការផាត់គំនូរអប់រំអំពីសុវត្ថិភាព ចរាចរណ៍នៅលើរបងសាលារៀន បង្រៀនសិស្សានុសិស្សអំពី របៀបពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងផ្តល់ជាជំនួយក្នុងវគ្គ បណ្តុះបណ្តាលដល់មាតា និងសិស្សានុសិស្សដែលបានរៀបចំឡើងដោយ អង្គការមូលនិធិបង្ការរបួស អាស៊ី។
លោកស្រី ស៊ី សុថា នាយិកាសាលាបឋមសិក្សា សំពៅមាស បានមានប្រសាសន៍នៅក្នុង ពេលប្រកាសផ្តើមអនុវត្តកម្មវិធីថា៖ “អង្គពិធីនាថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ថ្មីមួយទៀត សំរាប់សាលារបស់យើងខ្ញុំ”។ លោកស្រីបានបន្ថែមទៀតថា៖ “កុមារជាទ្រព្យដ៏មានតម្លៃបំផុតរបស់យើង និងសង្គមជាតិ ប៉ុន្តែពួកគេក៏ជាក្រុមដែលងាយ ទទួលរងគ្រោះថ្នាក់ដែរ។ យើងប្តេជ្ញាចិត្តក្នុងការបំពេញ ការងារជាមួយមាតាបិតា អាណាព្យាបាលសិស្ស នឹងដៃគូពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជំរុញធ្វើឲ្យការពាក់មួកសុវត្ថិភាព ក្លាយជាការចាំបាច់មួយសំរាប់សិស្សានុសិស្ស នៅពេលដែលពួកគេធ្វើដំណើរ ទៅមកសាលារៀន”។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងជា តំណាងដ៏ខ្ពង់ខ្ពស់ លោក កែប ជុតិមា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងជា អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ “កាលពីឆ្នាំ២០១២ មានមនុស្ស ១,៨៩៤ នាក់បានស្លាប់បាត់បង់ជីវិត និង ៤,៣៨៨នាក់បានទទួលរងរបួសធ្ងន់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវក្នុងប្រទេសកម្ពុជា”។
ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា៖ “យើងពិតជាមានការកោតសរសើរ ចំពោះអំពើដ៏សប្បុរសរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី និងអង្គការមូលនិធិបង្ការរបួស អាស៊ី ដែលបានបង្កើតឲ្យមានជាពិធីផ្តល់ អំណោយមួកសុវត្ថិភាពនាថ្ងៃនេះឡើង។ នេះគឺជាការរួមចំណែក ដ៏ប្រពៃជាមួយរាជរដ្ឋាភិបាលដើម្បី កាត់បន្ថយគ្រោះថ្នាក់ឲ្យមកនៅកម្រិតទាបបំផុត ហើយវាក៏បានជំរុញឲ្យមានសុវត្ថិភាព ដល់ប្រជាជនកម្ពុជា។ យើងត្រូវតែទទូចឲ្យមនុស្សគ្រប់វ័យ ជាពិសេសគឺកុមារ ពាក់មួកសុវត្ថិភាពរាល់វេលាធ្វើដំណើរ។ យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ អាចកាត់បន្ថយនឹងការស្លាប់បាន ៤២ភាគរយ និងការរងរបួសក្បាលធ្ងន់ធ្ងរ ៦៩ភាគរយ ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង” ។
ការកែសម្រួលលើច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដែលក្នុងនោះក៏រួមមាន ការដាក់បញ្ចូលនូវបទបញ្ញត្តិមួយ កំណត់ពីការពាក់មួកសុវត្ថិភាព ចំពោះអ្នករួមដំណើរតាម ទោចក្រយានយន្តជាមនុស្សពេញវ័យ និងជាកុមារ កំពុងស្ថិតនៅក្រោមការពិនិត្យ និងពិភាក្សាដោយស្ថាប័ន រាជរដ្ឋាភិបាលពាក់ព័ន្ធ។
លោកគឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស អាស៊ីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ខណៈពេលដែលអ្នកបើកបរ ទោចក្រយានយន្តប្រមាណ ៨០ភាគរយ ពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរ លើដងផ្លូវនៃប្រទេសកម្ពុជា មានអ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារផង ប្រមាណ ៧%ប៉ុណ្ណោះបានពាក់មួកសុវត្ថិភាព”។ លោកបានបន្ថែមទៀតថា៖ “អង្គការមូលនិធិបង្ការរបួស អាស៊ី កំពុងបន្តអំពាវនាវដោយផ្ទាល់ ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ ដែលមានសង្គមស៊ីវិល និងវិស័យឯកជនពាក់ព័ន្ធប្រមាណជាង ៦០បានចុះហត្ថលេខាគាំទ្រ សំដៅជំរុញឲ្យមានការពិនិត្យ លទ្ធភាពពន្លឿនការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក (ថ្មី) ដែលក្នុងនោះក៏មានការដាក់បញ្ចូល នូវការកំណត់ឲ្យអ្នករួមដំណើរតាម ទោចក្រយានយន្ត គិតទាំងកុមារ ត្រូវពាក់មួកសុវត្ថិភាព ដែលជាការកំណត់ដ៏ត្រឹមត្រូវមួយ ទទួលបាននូវការគាំទ្រប្រមាណ ៩៨ភាគរយ ពីប្រជាជនកម្ពុជាដែលចូលរួម ឆ្លើយតបនឹងការសម្ភាសន៍៕