វ៉ាស៊ីនតោន, (ស៊ិនហួ)៖ ការលាលែងចេញពីតំណែង របស់ប្រេសិតពិសេសតំណាង អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ ក្នុងការដោះស្រាយវិបត្តិ ដែលកំពុងតែ កើតមានឡើង នៅប្រទេសស៊ីរីនោះ គឺជាការបើកឱកាសមួយ ដែលនឹងអាចឲ្យការធ្វើ ប្រតិបត្តិការយោធាបាន ប្រសើរឡើងជាងមុន ពីសំណាក់ប្រទេសលោក ខាងលិច។ នេះបើយោងតាមការលើកឡើងពី អ្នកវិភាគជំនាញនានា របស់សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១២ នេះ។
លោក ដេវីដ ផូលឡកខ៍ មន្ត្រីជាន់ខ្ពស់ ដែលជិតស្និទ្ធនឹងវិទ្យាស្ថាន នយោបាយវ៉ាស៊ីនតោន បាននិយាយថា ការលាលែងរបស់លោក អាណាន់ ទោះបីជាយ៉ាងណា ក៏ដោយវាបានផ្តល់នូវ ការជំរុញមួយ ដោយប្រយោលចំពោះ នយោបាយរបស់ សហរដ្ឋអាមេរិក, សហគមន៍អឺរ៉ុប និងអារ៉ាប់ ដើម្បីជួយគាំទ្រទៅដល់ ក្រុមប្រឆាំង នៅស៊ីរីតែម្តង។
អ្នកវិភាគមួយចំនួន ជឿជាក់ថា អាមេរិកពិតជាចង់ចូលរួម យ៉ាងពេញទំហឹងនៅក្នុងការចូលរួម ដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ីរី ស្របពេលដែលការព្រួយបារម្ភ បានកើតមានឡើងទៅ លើសន្តិសុខរបស់អ៊ីស្រាអែល ដែលជាប្រទេសម្ព័ន្ធមិត្ត របស់ខ្លួនយ៉ាងផ្តាប់មុខនោះ។ ការគំរាមកំហែងនោះ គឺព្រោះតែគេមិនបានដឹងថា តើអ្នកណាដែលនឹងត្រូវឡើង កាន់តំណែងបន្ទាប់ពី របបរបស់អាស្សាដត្រូវដួលរលំ។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃសៅរ៍ នេះកងកម្លាំងរដ្ឋាភិបាលអាស្សាដ បានបើកការបាញ់ប្រហារ ដោយកាំភ្លើងធំ ទៅលើតំបន់របស់ក្រុម ប្រឆាំងស្ថិតនៅខេត្ត អាឡេពផូ ដែលជាទីក្រុង សេដ្ឋកិច្ច និងមានប្រជាជនរស់នៅ ច្រើនបំផុតនៅស៊ីរី។ អង្គការសហប្រជាជាតិ បានប៉ាន់ ស្មានថា របបរបស់អាស្សាដ កំពុងតែរៀបចំធ្វើការ បោសសម្អាតជាលក្ខណៈទ្រង់ទ្រាយធំមួយ ដើម្បីកម្ចាត់ពួកប្រឆាំង ចេញពីតំបន់ដ៏រឹងមំានេះឲ្យអស់។
អ្នកវិភាគខាងលើបានបន្តទៀតថា រដ្ឋាភិបាលស៊ីរី ហាក់ទន់ដៃជើងយ៉ាងខ្លាំង ជាមួយក្រុម ប្រឆាំងនៅក្នុងទីក្រុងអាឡេពផូ នោះ ដោយរបបដឹកនាំនេះ ហាក់ដូចជាផ្តោត ការយកចិត្តទុកដាក់ និងចំណាយកម្លាំងខ្លាំងហួសនៅតំបន់នេះ។ ការធ្វើបែបនេះហាក់ដូចជាទុកឱកាសឲ្យ ក្រុមប្រឆាំងកសាង មូលដ្ឋានរឹងមុំានៅកន្លែងផ្សេងទៀត ស្របពេលដែលរដ្ឋាភិបាលស៊ីរី មិនអាចគ្រប់គ្រងបាន គ្រប់តំបន់ទូទាំងប្រទេសស៊ីរីផងនោះ៕