ភ្នំពេញ៖ មន្ទីរពេទ្យចារីល្បីឈ្មោះ នៅប្រទេសវៀតណាម ដែលគ្រោងសាងសង់សាខា នៅប្រទេសកម្ពុជា ចំណាយទឹកប្រាក់រហូត ទៅដល់ ៤០លានដុល្លារនោះ ត្រូវបានប្រភពស្និទ្ធស្នាល ឲ្យដឹងថា គំរោងសាងសង់ត្រូវបានផ្អាក បណ្តោះអាសន្ន ដោយមិនទាន់ដឹងពី មូលហេតុច្បាស់លាស់។
យោងតាមប្រភពគួរឲ្យទុកចិត្ត បានឲ្យដឹងថា សាខាមន្ទីរពេទ្យចារី ដែលកំពុងដំណើរការសាងសង់ ក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញនេះ ត្រូវផ្អាក ជាបណ្តោះអាសន្ន ក៏ដោយសារតែមានការលើកឡើង ពីមូលហេតុមួយចំនួន ដូចជាបណ្តាលមកពីការខ្លាច ប៉ះពាល់ដល់កិត្តិស័ព្ទ ឈ្មោះមន្ទីរពេទ្យ ចារីដើម នៅប្រទេសវៀតណាម ដែលប្រជាជនខ្មែរមួយចំនួនធំ ជ្រើសរើសមន្ទីរពេទ្យ ក្រៅប្រទេសមួយនេះសំរាកព្យាបាល។
មូលហេតុមួយចំនួនទៀត តូយ៉ាងដូចជាបណ្តាលអាចមកពីមិនទាន់មានបរិក្ខារពេទ្យ អ្នកជំនាញច្បាស់លាស់ ដូចនៅមន្ទីរពេទ្យចារីដើម ស្ថិតនៅក្នុង ប្រទេសវៀតណាម។
ការជ្រើសរើសយកប្រទេស វៀតណាម ដើម្បីព្យាបាលជំងឺក្លាយជារឿងពេញនិយមណាស់ ក្នុងចំណោមប្រជាជនកម្ពុជា ហើយវាធ្វើឲ្យមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យធំៗជាច្រើន នៅក្នុងទីក្រុងហូជីមិញ ឈ្មោះចារី បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនសូគីម៉ិច ដើម្បីសាងសង់មន្ទីរពេទ្យមួយ មានតម្លៃ ៤០លានដុល្លារ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមបើកឲ្យប្រើប្រាស់ នៅឆ្នាំ២០១៣។
ទោះជាយ៉ាងណាក៏ដោយ មជ្ឍមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់ទទួលបានការបកស្រាយ ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅឡើយទេ នៅថ្ងៃសៅរ៍ ទី០៤ ខែសីហានេះ។
ប្រជាជនខ្មែរមួយចំនួនធំ បានជ្រើសរើសការព្យាបាល នៅមន្ទីរពេទ្យវៀតណាម ពីព្រោះដោយសំអាងថា ជិតប្រទេសរបស់ខ្លួន សេវាការព្យាបាលសមរម្យ និងមានទំនុកចិត្តជាខ្លាំងពី ការព្យាបាលដោយមានមានបច្ចេកវិទ្យាទំនើប ទាំងសំភារៈគ្រប់គ្រាន់ គ្រូពេទ្យជំនាញ និងមានសីលធម៌ក្នុងការងារ។
ប្រជាពលរដ្ឋលើកឡើងថា ពួកគេជឿជាក់លើវេជ្ជបណ្ឌិត ក្នុងប្រទេសកម្ពុជាសម្រាប់ជំងឺស្រាលមួយចំនួន ហើយប្រសិនបើជំងឺធ្ងន់ធ្ងរវិញ ពួកគេជ្រើសរើសមន្ទីរពេទ្យ វៀតណាម។ ហើយមួយភាគធំវិញនោះ សម្រាប់ប្រជាជនដែលមានជីវភាពធូរធារ មានទ្រព្យសម្បត្តិស្តុកស្តម្ភ ឈានទៅរកការព្យាបាល ក្រៅប្រទេសដូចជាប្រទេស សិង្ហបុរីជាដើម។
តែទោះជាយ៉ាងណាក៏ដោយ មន្រ្តីសុខាភិបាល បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរ មានជំនឿទុកចិត្តលើការព្យាបាល ក្នុងប្រទេសកម្ពុជា ដើម្បីជួយលើកស្ទួយ សេដ្ឋកិច្ចជាតិ មិនចាំបាច់ចំណាយថវិកា ទៅក្រៅប្រទេស ទើបរាជរដ្ឋាភិបាលគ្រោងសាងសង់ មន្ទីរពេទ្យចារីនៅប្រទេសកម្ពុជា ដោយសហការជាមួយ មន្ទីរពេទ្យចារី ល្បីឈ្មោះនៅប្រទេសវៀតណាម៕











