ភ្នំពេញ៖ នាយកខុទ្ទការល័យ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក នរាណារិទ្ធិ អានន្ទដាយ៉ាត បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ប្រធានគណបក្ស នរោត្តម រណឫទ្ធិ ស្តីទីលោក ឈឹម សៀកឡេង ហើយនិងលោកនឹងចូលទៅបំភ្លឺ នៅតុលាការសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២ ខាងមុននេះ ទាក់ទងនឹងបណ្តឹងតវ៉ា របស់លោកដែលបានប្តឹងជំទាស់ នឹងដីការបស់តុលាការ កាលពីពេលកន្លងទៅនេះ។
លោក នរាណារិទ្ធិ អានន្ទដាយ៉ាត បានមានប្រសាសន៍តាមទូរស័ព្ទ នាព្រឹកថ្ងៃទី០៤ ខែសីហា នេះថា ការចូលខ្លួនរបស់លោក និងប្រធានស្តីទីគណបក្សនេះ គឺស្របទៅតាមការកោះអញ្ចើញ របស់ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ ទៅតាមបណ្តឹងរបស់លោក ដែលប្តឹងជំទាស់ នឹងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការក្សារការពារ ទៅតាមបណ្តឹងរបស់លោក សៅ រ៉ានី ដែលបានដាក់ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ។
ដីកាដែលតុលាការដំបូង ចេញការពារដល់លោក សៅ រ៉ានីនោះ គឺទី១.ព្យួរនូវ លិខិតរបស់ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ដែលបានបញ្ឈប់តួនាទី របស់លោក សៅ រ៉ានី កាលពីថ្ងៃទី២០ កក្កដា កន្លងទៅនេះ។ ទី២. រក្សាមុខតំណែងរបស់លោក សៅ រ៉ានី ជាអគ្គលេខាធិការបក្ស និងអគ្គលេខាធិការរង ហើយនិងសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍បក្ស នរោត្តម រណប្ញទ្ធិដដែល និងទី៣. ប្រគល់ត្រាគណបក្ស មកអគ្គលេខាធិការដ្ឋានបក្ស។
លោក នរាណារិទ្ធិ អានន្ទដាយ៉ាត បានមានប្រសាសន៍បន្តទៀតថា «ខ្ញុំចូលទៅបំភ្លឺរឿងពាក្យបណ្តឹង ដែលបានប្តឹងតវ៉ា ចំពោះដីការក្សាការពាររបស់តុលាការ»។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ អគ្គលេខាធិការបក្ស នរោត្តម រណប្ញទ្ធិ លោក សៅ រ៉ានី បានដាក់ពាក្យបណ្តឹងទៅកាន់ តុលាការក្រុងភ្នំពេញ ប្តឹងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ចំនួន៣ករណី ដែលករណីទាំងនោះ បង្គាប់ឲ្យទ្រង់ប្រគល់ត្រាបក្សជូនលោក។
លោក សៅ រ៉ានី បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ដាក់ពាក្យបណ្តឹងទៅលោក ជីវ គេង ប្រធានតុលាការក្រុងភ្នំពេញ ដោយផ្ទាល់ដៃនោះថា ពាក្យបណ្តឹង ដែលលោកបានដាក់ជូនទៅនោះ គឺដើម្បីឲ្យតុលាការសម្រេចរក្សាការពារ ស្របទៅតាមលក្ខន្តិកៈរបស់ គណបក្ស នរោត្តម រណប្ញទ្ធិ តែប៉ុណ្ណោះ ហើយរយៈពេល បីថ្ងៃបន្ទាប់ពីលោក សៅ រ៉ានី បានដាក់ពាក្យបណ្តឹង ត្រូវតុលាការចេញដីការរក្សាការពារ ជូនលោក សៅ រ៉ានី៕