ភ្នំពេញ៖ លោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូ នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន២៩រូប ចូលជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍ មុននឹងចេញដំណើរទៅចូលរួម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៣៩ ឆ្នាំ២០១២។
នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២នេះ នាវិមានព្រឹទ្ធសភា លោក ទេព មករា អនុប្រធាននាយកដ្ឋានព័ត៌មាន ព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ ប្រាប់ទៅ ក្រុម អ្នកសារព័ត៌មាន នៅក្រោយជំនួបនោះថា អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា បានវាយតម្លៃ និងកោតសរសើរ ចំពោះសកម្មភាពទាំងឡាយ របស់ក្រុមយុវជនកម្ពុជា ដែលបានសំរេចភារកិច្ច ក្នុងរយៈពេលកន្លងមកនេះ ហើយដែលពួកគេបានត្រៀមលក្ខណៈ ក្នុងការចូលរួមនៅក្នុងកម្មវិធីនាវា យុវជនអាស៊ីអាគ្នេយ៍ លើកទី៣៩ នេះ។
លោកបានបន្តថា អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា ក៏បានផ្តល់អនុសាសន៍ ដល់ក្រុមប្រតិភូនាវា យុវជនកម្ពុជា ឲ្យធ្វើការផ្សព្វផ្សាយពីការអភិវឌ្ឍ រីកចំរើនបច្ចុប្បន្ន របស់ប្រទេសកម្ពុជា ទៅបណ្តាប្រទេស ដែលក្រុមនាវាយុវជនឆ្លងកាត់ ឲ្យបានយល់កាន់តែច្បាស់ «ជាមួយគ្នានេះដែរ លោកអនុប្រធានទី២ ក៏បានផ្តល់ជាអនុសាសន៍ ដូចជាធ្វើយ៉ាងម៉េច ផ្សព្វផ្សាយអំពីការអភិវឌ្ឍប្រទេសជាតិយើង ដែលយើងមានស្ថិរភាពនយោបាយ សន្តិសុខ ឯកភាពជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ឲ្យទៅដល់បណ្តាប្រទេស ដែលនៅក្នុងក្រុមនាវាយុវជន យល់ឲ្យកាន់តែច្បាស់»។
លោក ស្រ៊ាង គឹមលី ជាសមាជិក គណៈកម្មាធិការនាយក នៃសហព័ន្ធនិស្សិត បញ្ញវន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) និងជាប្រធានប្រតិភូយុវជន បានមាន ប្រសាសន៍ថា ការអនុញ្ញាតឲ្យប្រតិភូនាវាយុវជន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីអនុប្រធានទី២ ព្រឹទ្ធសភា ក្នុងឱកាសនេះ គឺជាការលើកទឹកចិត្ត យ៉ាងខ្លាំងក្លាបំផុត ដល់ក្រុមប្រតិភូយុវជនទាំងអស់គ្នា។ នេះគឺជាសក្ខីភាពមួយ បង្ហាញឲ្យឃើញកាន់តែច្បាស់នូវ ការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរដ៏ឧត្តុង្គឧត្តម របស់អនុប្រធានទី២ព្រឹទ្ធសភា ចំពោះយុវជនកម្ពុជា។
លោកបានបន្តថា លោកនឹងនាំយកអ្វីដែលប្រទេសកម្ពុជា កំពុងតែមាន ដើម្បីបង្ហាញដល់យុវជនដទៃទៀត ឲ្យពួកគេបានយល់កាន់តែច្បាស់ថា ប្រទេសកម្ពុជាមាន សន្តិភាពពេញលេញ មានសុវត្ថិភាពនិងមានសណ្តាប់ធ្នាប់ល្អ ព្រមទាំងមានការអភិវឌ្ឍខ្លាំង ក្នុងពេលបច្ចុប្បន្ននេះ «អ្វីដែលខ្ញុំនាំយកទៅ គឺនឹងបង្ហាញដល់យុវជន ដទៃទៀត ឲ្យបានដឹងនិងបានឮថា ស្រុកខ្មែរយើង ជាប្រទេសមួយមានសន្តិភាពពេញលេញ មានសុវត្ថិភាព មានសណ្តាប់ធ្នាប់ល្អ មានការអភិវឌ្ឍរីកចំរើន ខ្លាំងបច្ចុប្បន្ននេះ ហើយជាប្រទេសមួយ ដែលអាចជាទិសដៅមួយ ក្នុងការទាក់ទាញសម្រាប់ពួកគេ អញ្ជើញមកធ្វើទេសចរណ៍ ក៏ដូចជាមកវិនិយោគផ្សេងៗ នៅក្នុងស្រុកខ្មែរនេះ»។
គួររំលឹកដែរថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៣៩ ឆ្នាំ២០១២នេះ មានរយៈពេល ៥៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២។ នៅក្នុងឆ្នាំនេះ នាវាយុវជនអាស៊ីអាគ្នេយ៍ នឹងចូលចតក្នុងកំពង់ផែ នៃប្រទេសជប៉ុន វៀតណាម ថៃ សិង្ហបូរី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នេះ គឺជាកម្មវិធីមួយ ដែលបានរៀបចំឡើង ដោយរាជរដ្ឋាភិបាលជប៉ុន និងមានការចូលរួមយ៉ាងសកម្ម ពីបណ្តាប្រទេសជាសមាជិក អាស៊ាន។ កម្មវិធីនេះ បានចាប់ដំណើរការតាំងពីឆ្នាំ១៩៧៤ ក្នុងគោលបំណង រឹតចំណងមិត្តភាព ការយោគយល់គ្នារវាងយុវជនជប៉ុន និងអាស៊ាន ដើម្បីពង្រឹងទស្សនៈ យុវជនចំពោះពិភពលោក ព្រមទាំងលើកកម្ពស់សមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕