Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រមុខ រាជរដ្ឋាភិបាល, អ្នកនយោបាយ, ប្រជារាស្រ្តកម្ពុជា និងបណ្តាប្រទេស មួយចំនួន រំលឹកអំពីវីរភាព ព្រះវររាជបិតាជាតិខ្មែរ ក្នុងសាររំលែក ព្រះរាជមរណទុក្ខ

$
0
0

ភ្នំពេញៈ ការយាងចូលព្រះទិវង្គត របស់អតីត ព្រះករុណា ព្រមហាវីរក្សត្រ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ជាដំណឹងដ៏ក្រៀមក្រំមួយ សម្រាប់ប្រជាជនកម្ពុជាទាំងមូល គ្រប់ក្រសួង ស្ថាប័នទាំងអស់ បានចេញសារលិខិត ក្នុងការថ្លែងរំលែកព្រះរាជមរណទុក្ខ មិនត្រឹមតែប៉ុណ្ណឹងទេ បណ្តាប្រទេស មួយចំនួន ក៏បានផ្ញើសាររំលែកព្រះរាជមរណទុក្ខផងដែរ ។

នៅក្នុងខ្លឹមសារ នៃសារលិខិតទាំងនោះ អ្នកនយោបាយកម្ពុជា ថ្នាក់ដឹកនាំប្រទេសកម្ពុជា រួមទាំងបណ្តាប្រទេសមួយចំនួន ក៏បានថ្លែងរំលឹកអំពីគំរូ វីរភាពរបស់ព្រះអង្គ ដែលបានបន្សល់ទុកជាប្រវត្តិសាស្រ្ត ។

ក្នុងសាររំលែក ព្រះរាជមរណទុក្ខរបស់ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការសោយព្រះទីវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់ នូវអង្គ អតីតព្រះមហាក្សត្រខ្មែរ ដ៏មហាឆ្នើមមួយព្រះអង្គ គឺព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ។

សម្រាប់សាររំលែក ព្រះរាជមរណទុក្ខរបស់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន វិញបានថ្លែងថា ការបាត់បង់ ព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តម នៃអង្គសម្តេចព្រះ មហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នាឱកាសនេះ គឺជាការបាត់បង់នូវតួអង្គ ព្រះអតីតអង្គព្រះមហាក្សត្រខ្មែរ ដ៏មហាឆ្នើមគ្មានគូប្រដូចមួយអង្គ ដែលជានិច្ចកាល ទ្រង់បំពេញព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យភាពជាតិខ្មែរ ប្រកបដោយ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ គ្រប់កាលៈទេសៈ ។

សាររំលែកព្រះរាជមរណទុក្ខ របស់ប្រធានស្តីទីព្រឹទ្ធសភា លោក សាយ ឈុំ បានថ្លែងថា ការបាត់បង់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ គឺជាការបាត់បង់អង្គ ព្រះមហាក្សត្រមួយអង្គដ៏ឆ្នើមគ្មានពីរ នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ។

ព្រះអង្គបានសម្រេចស្ថាព្រះហស្ថ ជាប្រវត្តសាស្រ្តដ៏ធំធេង ទាមទារឯករាជ្យទាំងស្រុង ពីសាធារណរដ្ឋបារាំង និងបានទាមទារយកនូវទឹកដី ដែលបានបាត់បង់មកវិញ ពីប្រទេសជិតខាង ជាពិសេសប្រាសាទព្រះវិហារ ដែលជាសម្បត្តិវប្បធម៌បេតិកភណ្ឌ ជាតិខ្មែរ ដ៏មានតម្លៃ, មុនសម័យសង្គម រាស្ត្រនិយម និងក្នុងសម័យសង្គម រាស្រ្តនិយម ព្រះអង្គបានប្រែក្លាយកម្ពុជា ជាទឹកដីសុវណ្ណភូមិមានការអភិវឌ្ឍ លើគ្រប់វិស័យ ព្រះអង្គបានធ្វើឲ្យកម្ពុជា ក្លាយជាសមាជិកពេញសិទ្ធិ នៃអង្គការ សហប្រជាជាតិ ព្រះអង្គជា ស្ថាបនិកទី៥ នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្នាព្រះហស្ថទំាងនេះ បាន នាំមកនូវផលប្រយោជន៍សម្រាប់ជាតិ និងមនុស្សជាតិទូទាំង សកលលោក ហើយបានលើកកម្ពស់កិត្យានុភាពដ៏ល្បីល្បាញសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ និងទទួលបាននូវការគោរពកោតសរសើរពីសំណាក់ឥស្សរជន និងប្រជាជនកម្ពុជា ក៏ដូចជាឥស្សរជនអន្តរជាតិផងដែរ ។

ព្រះអង្គជាហត្ថលេខីដ៏សំខាន់ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី «ដំណោះស្រាយនយោបាយរួមនៃកម្ពុជា» ព្រះអង្គជានិមិត្តរូបជាតិដ៏ឧត្តុង្គឧត្តម នៅក្នុងការផ្សះផ្សា បង្រួបបង្រួមជាតិ នាំមកនូវការឯកភាពជាតិ សុខសន្តិភាព ស្ថិរភាពរឹងមំា លើកកម្ពស់សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងកសាងនីតិរដ្ឋនៅ កម្ពុជា ព្រមទាំងនំាមក នូវការអភិវឌ្ឍ សម្បូរសប្បាយ ថ្កុំថ្កើងរុងរឿងត្រចះត្រចង់ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជានុរាស្រ្តទូទៅ ។

សាររំលែកទុក្ខ របស់អគ្គមេបញ្ជការ កងយោធពលខេមរភូមិន្ទ នាយឩត្តមសេនីយ៍ ប៉ុល សារឿន បានលើកឡើងថា ការយាងឃា្លតឆ្ងាយជារៀង រហូតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរនាពេលនេះ មិនត្រឹមតែបាត់បត់ នូវព្រះរាជបិតា ជាទីគោរពដ៏ឧត្តុង្គឩត្តម របស់ព្រះអង្គប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ គួរឲ្យសោកស្តាយជាទីបំផុត សម្រាប់ប្រជាជាតិខ្មែរ នូវព្រះមគ្គុទេសដ៏ឆ្នើមមួយ ព្រះអង្គ ដែលបានបូជាព្រះកាយពល ព្រះបញ្ញាញាណដ៏ត្រចះត្រចង់ ក្នុងព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យជូនជាតិពី អាណានិគមបារាំង ព្រះរាជកិច្ចផ្សះផ្សា បង្រួបបង្រួមជាតិ និងព្រះរាជកិច្ចមនុស្សធម៌ ដល់កូនចៅ ចៅទូតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

សាររំលែកទុក្ខរបស់ លោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន, ក្រុមប្រឹក្សធម្មនុញ្ញ, តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានថ្លែងថា ព្រះអង្គជា ព្រះមហាវីរក្សត្រដ៏ឆ្នើម នៅក្នុងប្រវត្តិសាស្រ្តនៃកម្ពុជា ដោយបាននាំមកជូនជាតិ និងប្រជារាស្រ្តរបស់ព្រះអង្គនូវឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ ការអភិវឌ្ឍជាតិ និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ ។

សាររំលែក ព្រះរាជមរណទុក្ខរបស់ ក្រសួធម្មការ និងសាសនា រួមនឹង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានលើកឡើងថា ការសោយព្រះទិវង្គតនៃ អង្គព្រះ មហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ គឺជាការបាត់បង់ដ៏ធំធេង នូវតួអង្គព្រះអតីតអង្គព្រះមហាក្សត្រដ៏អស្ចារ្យ និងអគ្គពុទ្ធសាសនូបត្ថម្ភដ៏មហិមា ជាទីបំផុត ។

សាររំលែកព្រះរាជមរណទុក្ខ របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជ្យបិតាឯករាជ្យ បានធ្វើព្រះរាជបូជនីកិច្ច និងពលីកម្មគ្រប់បែបយ៉ាង ក្នុងការទាមទារឯករាជ្យ រក្សាបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រមទាំងអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីបម្រើឩត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជាជាទីស្រឡាញ់បំផុត ។

សាររំលែកព្រះរាជមរណទុក្ខ របស់ក្រសួងទេសចរណ៍, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងសាធារណកការ និងដឹកជញ្ជូន បានលើកឡើងថា ការបាត់បង់តួអង្គ នៃព្រះអតីត អង្គព្រះមហាក្សត្រខ្មែរ ដ៏មហាឆ្នើម គ្មានគូប្រដូចមួយអង្គ ដែលជានិច្ចកាលទ្រង់បំពេញព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា វាងវៃគ្រប់កាលៈទេសៈ ។

សាររំលែកព្រះរាជមរណទុក្ខ របស់គណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា ការយាងចូលព្រះទីវង្គត របស់អង្គព្រះមហាវីរក្សត្រ ជាក្តីសោកសង្វេគដ៏មហាធំ ធេងក្រៃលែង ព្រមជាមួយនឹងក្តីសោកស្តាយ ឥតមានអ្វីប្រៀបផ្ទឹមស្មើបាន អង្គព្រះវររាជបិតាជាតិខ្មែរ គឺជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងទាំងអស់គ្នា ដែល ជានិច្ចកាលគង់នៅជាប់ក្នុងក្រអៅបេះដូង របស់ប្រជានុរាស្រ្តរបស់ព្រះអង្គ មិនថានៅក្នុងអតិតកាល បច្ចុប្បន្នកាល នឹងតទៅអនាគតកាល យ៉ាងណានោះទេ គឺព្រះអង្គ នឹងស្ថិតនៅជាមហាវីរបុរស របស់បងប្អូនជនរួមជាតិខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅជុំវិញពិភពលោក ជារៀងដ៏រាបនិរន្តរ៍ អមតៈអំណឹះតទៅ ។

សាររំលែកព្រះរាជមរណទុក្ខ របស់គណបក្សសម រង្ស៉ី បានលើកឡើងថា ព្រះគុណូបការៈ ជាប្រវត្តិសាស្រ្ត និងព្រះគំរូដ៏វិសេសវិសាល ដែលប្រជាពលរដ្ឋខ្មែរ និង ប្រទេសកម្ពុជា មិនអាចបំភ្លេចបាន គឺការទាមទារ និងទទួលបានឯករាជ្យ ពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលនាំមកនូវការរួបរួម ការពារ និងកសាងប្រទេស ប្រកបដោយសេចក្តីសុខចំរើន មានឈ្មោះថា ជាកោះសន្តិភាព ។ ព្រះកិត្តិនាមជាព្រះប្រធាន ឧត្តមក្រុមប្រឹក្សាជាតិ និងការបំពេញព្រះរាជតួនាទី ជួយឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារិស ២៣ ខែតុលា ឆ្នាំ១៩៩១ សំរេចបានការបង្រួបបង្រួម ដើម្បីព្រះរាជាណាចក្រកម្ពុជាទីពីរ និងរបបប្រជាធិបតេយ្យពហុបក្ស មាន អត្ថិភាព ស្របបែបផែនរបស់ពិភពលោកសម័យទំនើប ។

រីឯអ្នកវិភាគនយោបាយឯករាជ្យ នៅកម្ពុជា លោក សុខ ទូច បានថ្លែងថា ការបាត់បង់អតីត ព្រះមហា ក្សត្រសម្តេច ព្រះនរោត្តម សីហនុ គឺជាការបាត់បង់នៃដុំពេជ្រ អ្នកដឹកនាំដែលមានថ្វីដៃ នៃនយោបាយ កម្ពុជា ពីព្រោះព្រះអង្គ មានស្នាព្រះហស្ថសំខាន់ៗ នៅក្នុងជីវិតព្រះអង្គ ក្នុងនាមព្រះអង្គជាអ្នកដឹកនាំ ក្នុងនាម ព្រះអង្គជា ស្តេចមួយអង្គ ។ ព្រះអង្គបានបន្សល់នូវស្នាព្រះហស្ថ ជាច្រើនក្នុងប្រវត្តិសាស្រ្ត ព្រះអង្គបាន បំពេញ រាជបូនីយកិច្ច ដេញអាណានិគមបារាំង ចេញពីកម្ពុជា បានចូល រួមជាមួយប្រទេសក្នុងពិភពលោក ដេញពួកហ្វាស៊ីសជប៉ុនចេញពីកម្ពុជា បានធ្វើឲ្យរបបសង្គមរាស្រ្តនិយម មានភាពរីកចម្រើន នៅ ទសវត្សរ៍ទី៦០, ជាស្ថាបនិក នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាស្ថាបនិកមួយរូប នៃចលនាមិនចូលបក្ស សម្ព័ន្ធ, ធ្វើឲ្យអ្នកនយោបាយកម្ពុជា ចេះស្វែងរកឯកភាពជាតិ រកបូរណភាពទឹកដី ឈរលើ គោលការណ៍សន្តិភាព ឯករាជ្យ អព្យាក្រឹត្យ, ព្រះអង្គបានបង្កើតឲ្យមានរដ្ឋធម្មនុញ្ញទី២ ជាច្បាប់កំពូលសម្រាប់អនុវត្តសព្វថ្ងៃ ហើយព្រះអង្គបានដោះស្រាយបញ្ចប់ ជម្លោះនយោបាយ ដែលបានជាប់គាំងនៅឆ្នាំ២០០៣។

ក្នុងសារថ្លែងរំលែក ព្រះរាជមរណទុក្ខ របស់ព្រះអង្គម្ចាស់ ស៊ូលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ នៃ ប្រទេសប្រ៊ុយណេ បានថ្លែងថា ព្រះវររាជបិតាជាបុរសដ៏ឆ្នើម ដែលបាននាំមកនូវការផ្លាស់ប្តូរជាច្រើន និង បានជំរុញឲ្យមានស្ថិរភាព និងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។

សាររំលែកព្រះរាជមរណទុក្ខ របស់នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រថៃ លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ បានលើកឡើងថា ភាពជាអ្នកដឹកនាំដ៏វិសាមញ្ញ ភាពក្លៀវក្លា និងព្រះរាជបញ្ញាញាណ របស់ព្រះអង្គ គឺជាគំរូធ្វើឲ្យព្រះអង្គ មានព្រះរាជតួនាទីដ៏សំខាន់បំផុត ក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្លងកាត់ស្ថានភាពប្រឈម និងភាពមិន ច្បាស់លាស់ក្នុងអតីតកាលរហូតដល់ភាពជោគជ័យ និងវិបុលសុខរបស់ជាតិនាពេលបច្ចុប្បន្ន ។

សាររំលែកព្រះរាជមរណទុក្ខ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា ការសោយទិវង្គត របស់សម្តេចព្រះវររាជបិតា នរោត្តម សីហនុ គឺជាការបាត់បង់ ដ៏ធំធេង របស់ព្រះរាជវង្សានុវង្ស, ព្រឹទ្ធសភា, រដ្ឋសភា, រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាបងប្អូន ។ ប្រទេសវៀតណាម បានបាត់បង់នូវមហាមិត្ត ដែលជួយឧបត្ថម្ភ ដ៏មានតម្លៃ និងគំាទ្រ និងចែករំលែកចំណងមិត្តភាព ដ៏ស្អិតល្មួតក្នុងអំឡុងការតស៊ូលំបាក ដើម្បីឯករាជជាតិ ក៏ដូចជាក្នុងបុព្វហេតុ ការកសាងជាតិ និងការអភិវឌ្ឍ នៃប្រទេសនីមួយៗ ។

សាររំលែកព្រះរាជមរណទុក្ខ របស់នាយករដ្ឋមន្រ្តី សិង្ហបុរី លោក លី សិនឡុង បានថ្លែងថា ព្រះករុណាព្រះមហា វីរក្សត្រ ជារដ្ឋបុរស ដែលមានក្តីមេត្តាករុណា ដែល ខិតខំប្រឹងប្រែង មិនចេះនឿយហត់ ដើម្បីនាំមកនូវសន្តិ ភាព និងវិបុលភាពជូនប្រជាជនកម្ពុជា ព្រះរាជប្រាជ្ញា និងការលះបង់របស់ព្រះមហាវីរក្សត្រ គឺជាប្រភព នៃកម្លាំងដ៏ឋិតថេរ និងភាពសុខដុម សម្រាប់ប្រជាជនកម្ពុជា ។

សាររំលែកព្រះរាជមរណទុក្ខ របស់ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ស៊ូស៊ីឡូ បាំបាំង យូដូ យ៉ូណូ បានថ្លែងថា ព្រះករុណាព្រះបាទ នរោត្ត សីហនុ បានបន្សល់ នូវស្នាព្រះហស្ថសំខាន់ពិតប្រាកដមិន ត្រឹមតែ ចំពោះប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ ថែមទាំងចំពោះពិភពលោកផងដែរ ព្រះអង្គបានរួមចំណែកដ៏ ធំធេង ចំពោះការជំរុញឲ្យមានសន្តិភាពតំបន់ វិបុលភាព និងចំពោះការពង្រឹងសាមគ្គីភាព ក្នុងចំណោម ប្រជាជាតិកំពុងអភិវឌ្ឍន៍ ។

សាររំលែកព្រះរាជមរណទុក្ខ របស់សាធារណរដ្ឋបារាំង និងរដ្ឋមន្រ្តីការបរទេស លោក ឡូរ៉ង់ ហ្វាបឺស បាន ថ្លែងថា ព្រះករុណាព្រះវររាជបិតា ដោយមានការចូលរួមពី នាយករដ្ឋមន្រ្តី នៅទីក្រុងប៉ារីស ក្នុងការនាំមក នូវសន្តិភាពជានិរន្ត សម្រាប់ប្រទេសកម្ពុជា ។ ដោយគ្មានការនឿយហត់ ក្នុងការការពារប្រទេស និងបូរណភាព ទឹកដីរបស់ព្រះអង្គ ព្រះវររាជបិតាឯករាជ្យជាតិ សហស្ថាបនិក នៃចលនាមិនចូលបក្សសម្ព័ន្ធ ព្រះអង្គបានធ្វើ ឲ្យប្រវត្តិសាស្រ្តកម្ពុជាលេចធ្លោឡើងនៅលើឆាកអន្តរជាតិ ក្នុងរយៈពេល៦០ ឆ្នាំ ចុងក្រោយនេះ។ ក្នុងបុព្វ ហេតុខាងលើ ព្រះអង្គបានបង្ហាញនៅទំនាក់ទំនង យ៉ាងជិតស្និទ្ធ ដោយថែរក្សាអនុស្សាវរីយ៍ ដ៏ជ្រាលជ្រៅជា មួយប្រទេសបារាំង។

សាររំលែកព្រះរាជមរណទុក្ខ របស់ប្រធានាធិតី នៃសហព័ន្ធរុស្ស៊ី លោក វ្លាដីមៀរ ពូទីន បានលើកឡើងថា ព្រះនាម នរោត្តម សីហនុ បានដក់ជាប់នៅក្នុងយុគសម័យ ប្រវត្តិសាស្រ្តកម្ពុជាទាំងមូល ។ ព្រះអង្គត្រូវបានចងចាំជានិច្ច នៅក្នុងប្រទេសរុស្ស៉ីថា ជាមហាវីរក្សត្រ ដែលបានគំាទ្រស្មោះស័្មគ្រជាទីបំផុត ក្នុងការអភិវឌ្ឍន៍ ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា រវាងប្រទេសយើងទាំងពីរ ។

សាររំលែកព្រះរាជមរណទុក្ខ របស់ប្រធានាធិបតី នៃសាធារណរដ្ឋឆែក លោក វ៉ាក្លាវ ក្លូស បានថ្លៃថា ដោយសារព្រះរាជកិច្ចខិតខំប្រឹងប្រែង យ៉ាងខ្លំាងក្លារបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសមួយ ល្បីល្បាញនៅក្នុងសាធារណរដ្ឋឆែក ។

សារំលែកព្រះរាជមរណទុក្ខ របស់ប្រធានាធិបតីម៉ុងហ្គោលី លោក TSAKHLAGIN ELBEGDORI បានលើកឡើងថា ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានខិតខំប្រឹងប្រែងអស់ពីព្រះកាយ ដើម្បីវិបុលភាព និងការរីកចម្រើននៃប្រទេសកម្ពុជា ហើយក៏បានចូលរួមយ៉ាងសំខាន់ ក្នុងការបង្កើននូវចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការនៅក្នុងតំបន់ និងភូមិភាគអាស៊ីអាគ្នេហ៍ ។

សារំលែកព្រះរាជមរណទុក្ខ របស់អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក ស៊ូយ៉ា ប្រាសាទ ស៊ូបេឌី បានថ្លែងថា ការរួមចំណែករបស់អតីត ព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ចំពោះការកសាងប្រទេសកម្ពុជា ប្រកបដោយសន្តិភាព ស្ថិរភាព និងប្រជាធិបតេយ្យ គឺមានតម្លៃ ធំធេងដែលមិនអាចកាត់ថ្លៃបាន ។

សារំលែកព្រះរាជមរណទុក្ខ របស់ប្រធានធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតអាល់ហ្សេរី លោក អាប់ដែលឡាហ្ស៊ីស ប៊ូតែហ្វីលីកា បានលើកឡើងថា ព្រះរាជសកម្មភាពជានិរន្តរ៍ របស់ព្រះអង្គ ក្នុងបុព្វហេតុជួយរំដោះប្រជាជាតិនានា ចេញពីរបបអាណានិគម ការជួយគ្នាទៅវិញ ទៅមក និងកិច្ចសហប្រតិបត្តិការ ក្នុងពិភពលោកមួយសន្តិភាព នៅតែដិតជាប់ជានិច្ច ក្នុងស្មារតីចងចាំរបស់ទូលព្រះបង្គំយើងខ្ញុំ ។

សារំលែកព្រះរាជមរណទុក្ខ របស់ប្រធានាធិបតី សាធារណរដ្ឋ សហព័ន្ធ នីហ្សេរីយ៉ា លោក ហ្លូតឡាក់ អេបេឡេ ចូណាថាន បានលើកឡើងថា ព្រះអង្គជាបិតានៃរបប រាជានិយមដ៏ចំណាស់មួយ ក្នុងពិភពលោក ព្រះវររាជបិតា គឺជានិមិត្តរូបអភិបាលកិច្ចល្អ ក្នុងបរិយាកាសលិទ្ធិប្រជាធិបតេយ្យ ។

សាររំលែកព្រះរាជមរណទុក្ខ របស់នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិកបង់ក្លាដេស លោក Sheikh Hasina និងរបស់រដ្ឋមន្រ្តីការបរទេស លោក Dipu Moni បានលើកឡើងថា វិភាគទានមិនអាចប្រៀបផ្ទឹមបាន របស់ព្រះបរមសពព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បីសន្តិភាព វិបុលភាព និងស្ថិរភាព នៃព្រះរាជាណាចក្រ កម្ពុជា នឹងត្រូវបានចារទុកនៅក្នុងក្រាំងមាស របស់ប្រវត្តិសាស្រ្តកម្ពុជា ។

ការយាងចូលព្រះទិវង្គត របស់ព្រះអង្គ នេះ គឺជាការបាត់បង់ដ៏ធំធេង មិនចំពោះប្រជាជកកម្ពុជាប៉ុណ្ណោះទេ តែក៏ចំពោះប្រជាជន បង់ក្លាដេស ដែលព្រះអង្គទទួល បាននូវការគោរពដ៏ជ្រាលជ្រៅ ។

សារំលែកព្រះរាជមរណទុក្ខ របស់តំណាងជាន់ខ្ពស់ នៃសហគមន៍អឺរ៉ុប លោកស្រី ខានធើរិន អះស្តង បានថ្លែងថា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ គឺជាមេដឹកនាំមួយ រូប ដែលធ្លាប់ទទួលបាន នូវការគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅ និងជាឥស្សរជនដ៏សំខាន់ នៅក្នុងប្រវត្តិសាស្រ្តបច្ចុប្បន្នរបស់កម្ពុជា ។ សហគមន៍អឺរ៉ុបនឹងនៅតែ បន្តនៅ ជាប់ជាមួយកម្ពុជា ។

សាររំលែកទុក្ខព្រះរាជមរណទុក្ខ របស់អគ្គលេខាធិការ អង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី លោក អាប់ឌូ ដីយ៉ូហ្វ បានលើកឡើងថា ព្រះករុណ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ គឺជានិមិត្តរូបរបស់អង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី ចំពោះកិច្ចការ ដែលព្រះអង្គបានបំពេញប្រកប ដោយភាពស្វាហាប់ ដោយក្តីសាទរ និងដោយមិនចេះ នឿយហត់ ។ ក្នុងសារលិខិតនោះ ក៏បានលើកឡើងទៀតថា កិច្ចប្រជុំកំពូលនៃបណ្តាប្រទេស និយាយភាសាបារាំងលើកទី១៤ អាចកើតមានបាន ក៏ដោយសារ ឧបការគុណ និងគំនិតផ្តួចផ្តើមរបស់បិតាស្ថាបនិកទាំង៥ រូប ក្នុងនោះនាមព្រះករុណា ព្រះមហាវីរក្សត្រ បានដឹកនាំអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី របស់យើងប្រកប ដោយឆន្ទៈក្លៀវក្លា និងមោះមុត ។

សាររំលែកព្រះរាជមរណទុក្ខ របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានលើកឡើងថា អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទូលស្គាល់នូវការលះបង់ ដ៏យូរលង់របស់ សម្តេចព្រះនរោត្តម សីហនុ ចំពោះប្រទេសជាតិ និងកេរ្តិ៍ដំណែលរបស់ព្រះអង្គ ជាមេដឹកនាំបង្រួបបង្រួមជាតិ ដែលត្រូវបានប្រជាជនកម្ពុជា និង អន្តរជាតិ គោរពយ៉ាងជ្រាលជ្រៅបំផុត ។

ក្រៅពីប្រមុខដឹកនាំប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀត រួមនិងអ្នកនយោបាយ នៅកម្ពុជានោះ ប្រជានុរាស្ត្ររបស់ព្រះអង្គទាំងសម័យបច្ចុប្បន្ន និងចាស់ៗ ដែលបានដឹងច្បាស់ ពីសម័យសង្គមរាស្រ្តនិយម ដែលព្រះអង្គជាប្រមុខរដ្ឋនោះ បានសម្តែងនូវការសោកស្តាយដ៏ធំធេង និងបានលើកឡើងពីស្នាព្រះហស្ថ ដ៏ច្រើន សន្ធឺកសន្ធាប់ព្រះអង្គ បានបន្សល់ទុកសម្រាប់ ប្រជានុរាស្រ្តរបស់ព្រះអង្គ។ ក្រៅតែពីការទាមទារ ឯករាជ្យពីអាណានិគមន៍បារាំង ៩ វិច្ឆិកា ឆ្នាំ១៩៥៣នោះ ព្រះអង្គ មហារីរក្សត្រខ្មែរ បានបូជាអស់កម្លាំងកាយពល និងព្រះរាជបញ្ញាញាណ ដើម្បីជំរុញឲ្យវិស័យ សេដ្ឋកិច្ចកម្ពុជា ស្ទុះឡើងរីកចម្រើនគ្រប់វិស័យ ។

ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះអង្គ បានយាងសោយទិវង្គតកាលពីវេលាម៉ោង១ និង២០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យ នាទីក្រុងប៉េកំាង នៃសាធារណរដ្ឋប្រជាមានិកចិន ក្នុងព្រះជន្មាយុ ៩០ វស្សា ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានយាងមកកាន់ ប្រទេស កម្ពុជានៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ប្រជាពលរដ្ឋចំនួនប្រហែល ១ លាន ទៅ ១,២ លាន នាក់ បានចូលរួមដង្ហែ ព្រះបរមសពព្រះអង្គ តាំងពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ រហូតមកដល់ព្រះបរមរាជវំាង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>