Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សាងសង់អគារ មិនគោរពច្បាប់ និងមិនស្តាប់ លិខិតបញ្ជាឲ្យផ្អាក របស់សាលា រាជធានីភ្នំពេញ

$
0
0

-ផ្ទះជិតខាង រងផលប៉ះពាល់ ដោយសារធ្លាក់ សំណល់ដែក និងថ្មជារៀងរាល់ថ្ងៃ

ភ្នំពេញ៖ ប្រជាពលរដ្ឋ មួយគ្រួសារ រួមមានក្មេងតូចៗ ផងនោះ ដែលរស់នៅ ខាងក្រោយ និងក្រោម អគារដែល កំពុងសាងសង់ មានភាពភ័យខ្លាច ជារៀងរាល់យប់ថ្ងៃ ដោយសារតែ សំណល់ដូចជា ដែក និងថ្មតូចធំ ធ្លាក់ចេញពី អគារកំពុងសាងសង់ ដោយម្ចាស់អគារ មិនគោរព តាមបទដ្ឋាន សាងសង់ ត្រឹមត្រូវ និងតាមច្បាប់ ហើយជាងនេះទៅទៀត ម្ចាស់អគារខាងលើនេះ បាននិងកំពុង បំពាន លិខិតបញ្ជា ឲ្យផ្អាក របស់អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ទៀតផង ខណៈអាជ្ញាធរ សង្កាត់ និងខណ្ឌ ត្រឹមតែចុះទៅ អើតមើល មួយភ្លែត ហើយត្រឡប់មកវិញ ក្រោយពីត្រូវរ៉ូវ ជាមួយម្ចាស់ អគារ ដែលមានទ្រព្យសម្បត្តិ ប៉ុន្តែមិនគោរព អ្នកជិតខាងនោះ។

អគារដែលបាន និងកំពុង សាងសង់ ហើយមិនគោរព តាមបទដ្ឋាន ត្រឹមត្រូវ និងប៉ះពាល់ដល់ ផ្ទះអ្នកជិតខាងនោះ ត្រូវបានគេស្គាល់ថា ជាអគារ កាត់ដេរ របស់ម្ចាស់ហាង ខ្មែរកាត់ដេរឯករាជ្រ និងវិមានឯករាជ្រ កាត់ដេរ ដែលមានទីតាំង ស្ថិតនៅ ផ្ទះលេខ៦៣ និង៦៤ ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះដែល ជាជនរងគ្រោះ ដោយសារការធ្លាក់ សំណល់ថ្ម និងដែកពីលើអគារ របស់ម្ចាស់ហាង យីហោខ្មែរ កាត់ដេរឯករាជ្រ និងវិមានឯករាជ្រ កាត់ដេរនោះ បានរៀបរាប់ថា ក្រុមគ្រួសារ របស់លោកស្រី ទាំងមូល ដែលមានសមាជិកជិត ១០នាក់ រួមទាំងក្មេងតូចៗ ដែលជាចៅ របស់ខ្លួន បានភ័យខ្លាច ជារៀងរាល់ថ្ងៃ ដោយសារតែការរំខាន គ្មានថ្ងៃលោះ ពីការសាងសង់អគារខាងលើនេះ ពីព្រោះក្រៅ ពីការបង្ក ការខូចខាត ដល់ជញ្ជាំងផ្ទះ និងដំបូលផ្ទះរបស់ លោកស្រី គឺសមាជិក គ្រួសារទាំងមូល បានរងផលប៉ះមួយទៀត នោះគឺការធ្លាក់ សំណល់ថ្ម និងដែក យ៉ាងច្រើន និងជារៀងរាល់ថ្ងៃមក លើដំបូលផ្ទះ ដែលអាចបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់ សមាជិកគ្រួសារ របស់លោកស្រី នៅថ្ងៃណាមួយជាក់ ជាមិនខាន។

ម្ចាស់ផ្ទះរូបនេះ បានបន្តថា ថ្ងៃមួយដែកប្រវែង ប្រហែល៦ម៉ែត្រ និងមានទម្ងន់ យ៉ាងធ្ងន់ បានធ្លាក់ចូលក្នុងផ្ទះ របស់លោកស្រី តែសំណាងល្អ មិនបានចំ និងធ្លាក់ត្រូវ សមាជិកគ្រួសារ ខណៈកំទេចកំទីថ្មធំតូច បានធ្លាក់ជា បន្តបន្ទាប់ ទាំងយប់ទាំងថ្ងៃ ដែលធ្វើឲ្យ មានការព្រួយបារម្មណ៍ គ្រប់ពេលទាំងអស់ ក្នុងការរស់នៅ ជិតអគារដែល កំពុងសាងសង់នេះ។

ទាក់ទិននឹងបញ្ហានេះ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅសាលា ខណ្ឌដូនពេញ និងសាលារាជធានីភ្នំពេញ ដើម្បីឲ្យចេញមក ជួយសម្របសម្រួល និងចុះត្រួតពិនិត្យ មើលការ សាងសង់អគារ  កម្ពស់ជាច្រើនជាន់នេះ រហូតដល់លោក អភិបាលរាជធានីភ្នំពេញ កែប ជុតិមា កាល ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១២ បានចេញ លិខិតបញ្ជា ឲ្យមានការផ្អាក សំណង់អគារខាងលើនេះ ប៉ុន្តែផ្ទុយ ទៅវិញ ម្ចាស់អគារ ដែលអាងលុយ និងអំណាចនោះ នៅតែបន្តសាងសង់ ដដែល ដោយមើលងាយ និងមើលស្រាល ចំពោះលិខិត ជាផ្លូវការ របស់អភិបាលរាជធានីភ្នំពេញ។

យោងតាម លិខិតរបស់ លោកអភិបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ ផ្ញើជូន អភិបាល ខណ្ឌដូនពេញ ដែលមាន កម្មវត្ថុស្តីពី សំណើសុំផ្អាក ការសាងសង់ សំណង់របស់ឈ្មោះ ស៊ុន គឹមស្រូយ និងឈ្មោះ ចាន់ ង៉ែត ស្រេង ស្ថិតនៅក្បាល ដីលេខ៦៣ និង៦៤ ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

លិខិតរបស់ លោកអភិបាលបានបន្តថា យោងតាម សំណើរបស់ លោក ព្រាម ឆាយគ្រី ដែលជាម្ចាស់ ផ្ទះរងគ្រោះ ម្ចាស់សំណង់ នេះបានសាងសង់ ខុសបទដ្ឋាន គំរូប្លង់ បណ្តាលឲ្យប្រេះស្រាំ ស្រុតផ្ទះរបស់លោក និងបង្កសម្លេងរំខាន ធ្វើឲ្យជ្រុះសម្ភារៈ សំណង់មកលើ បរិវេណផ្ទះរបស់លោក ដូច្នេះ សាលារាជធានីភ្នំពេញ ស្នើឲ្យផ្អាក ការសាង សង់សំណង់នេះ ជាបណ្តោះអាសន្ន រង់ចាំការ ដោះស្រាយសិន។

បើទោះបីមាន លិខិតសុំឲ្យផ្អាក សំណង់នេះ ប៉ុន្តែម្ចាស់អគារ នៅតែបន្តឲ្យ ក្រុមជាងរបស់ខ្លួន ដែលមានសម្តីឈ្លើយៗនោះ សាងសង់ ដដែល ខណៈអាជ្ញាធរ សង្កាត់និងអាជ្ញាធរ ខណ្ឌដូនពេញ ហាក់បីមាន អំណាចតិតតួច ចំពោះ ការងារនេះ។

ទាក់ទិន នឹងករណីនេះ អភិបាលរង ខណ្ឌដូនពេញ លោក សុខ ពេញវុធ បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ថា ចំពោះការងារនេះ ខាងអាជ្ញាធរ ខណ្ឌដូនពេញ បានចេញមុខមក សម្របសម្រួលរួចហើយ និងភាគីម្ចាស់ផ្ទះ ដែលជាជនរងគ្រោះ បានលុយចំនួន ៣០០០ដុល្លារទៀតផង ពីភាគីម្ចាស់អគារ។

ចំពោះការ លើកឡើងថា ម្ចាស់ផ្ទះបាន លុយចំនួន៣០០០ដុល្លារ សម្រាប់យកទៅ ធ្វើការជួលជុល ដំបូល និងជញ្ជាំង ដែលរងការ ខូចខាតនោះ ត្រូវបានម្ចាស់ផ្ទះ បដិសេធថា មិនបានទទួលនោះឡើយ សូម្បីមួយសេន លុយខ្មែរ។

លោក សុខ ពេញវុធ បានបន្តថា នៅដើមសបា្តហ៍ក្រោយនេះ អាជ្ញាធរ ខណ្ឌដូនពេញ និងហៅភាគីម្ចាស់ផ្ទះ និងភាគីម្ចាស់អគារ មកសម្របសម្រួលគ្នា ម្តងទៀត ដើម្បីធ្វើការ ដោះស្រាយ។ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនទាន់អាច សុំកាបកស្រាយណាមួយ ពីភាគីម្ចាស់អគារ ដែលសង់ខុសបទដ្ឋាន និងបង្កផលប៉ះពាល់ ដល់ផ្ទះជនរងគ្រោះ នោះទេ ខណៈដែល តាមការពិនិត្យ ជាក់ស្តែង គឺក្រុមជាងសាងសង់ អគារនៅបន្តសាងសង់ ដដែលរហូត មកដល់ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២នេះ។

ស្រ្តីជាម្ទាស់ផ្ទះ បានចង្អុល ប្រាប់ដំបូល របស់ខ្លួន ដែលធ្លុះធ្លាយ ដោយសារការ ធ្លាក់នូវសម្ភារៈ សំណង់មកលើ និងជញ្ជាំងផ្ទះ រងប្រេះស្រាំ ដោយសារ តែការបុកគ្រឹះ នៃការធ្វើអគារ ប៉ុន្តែសម្រាប់ លោកស្រី ដែលជាម្ចាស់ផ្ទះ មិនចង់រករឿងវែងឆ្ងាយ នោះឡើយ ពីព្រោះយល់ថា ជាអ្នករស់នៅ ជិតខាង ផ្ទុយទៅវិញ ម្ចាស់អគារ មិនបានយោគយល់ និងតែងតែ ឆ្លើយថា បញ្ហាទាំងនោះ គឺបង្កឡើងដោយក្រុម ជាងសាងសង់ទៅវិញ ដែលនេះគឺជាការ ឆ្លើយដោះសារ ទំាំងស្រុង។

យ៉ាងណា ក៏ដោយ គេសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ របស់ សាលា រាជធានី ភ្នំពេញ និងសាលា ខណ្ឌដូនពេញ នឹងដោះស្រាយ បញ្ហាមួយនោះ ប្រកបដោយ ភាពយុត្តិធម៌ កុំទុកបណ្តែត បណ្តោយ ឲ្យម្ចាស់អគារ មួយនេះ នៅបន្តសាងសង់ ដោយរំលោភច្បាប់ និងមិនគោរព អ្នកជិតខាង ក្នុងឋានៈជាខ្មែរ ដែលចេះ និងនិយាយភាសាខ្មែរ ដូចគ្នានោះ។

ជាមួយគ្នានេះ គេនឹងរង់ចាំ មើលចំពោះ ចំណាត់ការ របស់អាជ្ញាធរ ការដែលម្ចាស់អគារ មិនគោរពតាម លិខិតបញ្ជារបស់ លោកអភិបាល រាជធានីភ្នំពេញ លោក កែប ជុតិមា៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដែកប្រវែងប្រហែលម៉ែត្រ ដែលធ្លាក់ពីលើអគារ

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

មន្រ្តីអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យមើល

www.dap-news.com

www.dap-news.com

www.dap-news.com

លិខិតរបស់លោកអភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យផ្អាកសំណង់


Viewing all articles
Browse latest Browse all 8042

Trending Articles