ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ នេះ មានប្រជាពលរដ្ឋ ជាច្រើននាក់ ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ មិនថា តែនៅរាជធានីភ្នំពេញ ឫតាមបណ្តា ខេត្តនោះឡើយ បាននាំគ្នា ចោមរោមមើល ព្រះចន្ទ នៅលើមេឃ ដែលពួកគេ អះអាងថា មានលេច ព្រះភក្ត្រ័ របស់ ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ នៅក្នុងព្រះចន្ទ។
ប្រជាពលរដ្ឋ ដែលនាំគ្នាផ្អើល មើលព្រះចន្ទ ហើយថា ឃើញព្រះភក្រ្ត័ សម្តេចតា បានកើតឡើង និងទូរស័ព្ទ ប្រាប់តៗគ្នា នៅតាម ខេត្តដូចជា ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ជាដើម ដែលភាគច្រើន បានអះអាងថា ពិតជាឃើញ រូបព្រះភក្រ្ត័ សម្តេចតា រាងអោនបន្តិច។
កញ្ញា អ៊ុង រចនា អាយុ១៦ ឆ្នាំ រស់នៅក្នុង ភូមិកូលាបទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ បាននិយាយថា រូបនាងពិតជា បានឃើញ រូបសម្តេចតា នៅក្នុងព្រះចន្ទ ពិតមែន ខណៈរូបនាង បាន និងកំពុង ឈរមើល ព្រះចន្ទ ជាមួយក្រុមគ្រួសារ និងអ្នកជិតខាង របស់នាង។
កញ្ញា រចនា បានបន្តថា នៅពេលក្រឡេក មើលឲ្យយូរនោះ ច្បាស់ជាឃើញ រូបព្រះភក្រ្ត័ របស់សម្តេចតា យ៉ាងពិតប្រាកដ។ បើយោងតាម អ្នកចោមរោមមើល ព្រះចន្ទ បាននិយាយថា នេះជាអព្ភូតហេតុ ដ៏អស្ចារ្យ ដែលព្រះភក្រ្ត័ របស់ព្រះអង្គ បានលេច នៅក្នុងព្រះចន្ទ ពីព្រោះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២នេះ ជាថ្ងៃគម្រប់ ខួប៧ថ្ងៃហើយ ដែលព្រះអង្គ សោយទីវង្គតនោះ។
យ៉ាងណាក៏ដោយ មិនទាន់អាចមានបញ្ជាក់ ពីអ្នកជំនាញ ខាងអបិយ៍ជំនឿ នោះឡើយ ខណៈប្រជាពលរដ្ឋ ជាច្រើននាក់ បាននាំគ្នាអះអាងថា ពិតជាមាន ព្រះភក្រ្ត័របស់ ព្រះអង្គនៅក្នុងព្រះចន្ទមែន៕
រូបភាព (កាត់ត) ដែលទទួលបាន ពី Facebook
រូបភាពថត ពីទូរស័ព្ទ iPhone ដែលទទួលបាន ពី Facebook