បន្ទាយមានជ័យៈ ប្រជាពលរដ្ឋជាង១៧.០០០ នាក់ នៅជាយដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកជួប ជុំគ្នានៅចំណុចរង្វង់មូល ក្រុងប៉ោយប៉ែត និងតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីគោរពព្រះវិញាណក្ខន្ធ និងរាប់ បាត្រឧទ្ទិសកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចតា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២។
ពិធីនេះត្រូវបានរៀបចំធ្វើឡើង ដោយអាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការអញ្ជើញចូលរួមជាអធិបភាព របស់លោក ទ្រី ណារិន អភិបាលរងខេត្តបន្ទាយមានជ័យ, លោក សុខ ភាព អនុរដ្ឋលេខាធិការក្រសួងការពារជាតិ, លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ក្រៅពីនេះក៏មានការចូលរួមពីលោក លោកស្រីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជីវករ ពាណិជ្ជករ សិស្ស និស្សិត ប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា ពិតមានមោទនភាពណាស់ ដែលប្រជាពលរដ្ឋ បាន មកចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងរាប់បាត្រឧទ្ទិសកុសលថ្វាយអង្គសម្តេចតាយ៉ាងច្រើន លើសពីការរំពឹងទុក របស់អាជ្ញាធរក្រុង ដែលគិតថា មានការចូលរួមយ៉ាងច្រើនត្រឹមតែ ៥.០០០នាក់ ផ្ទុយទៅវិញនៅព្រឹកថ្ងៃទី២៣ ខែតុលា នេះ ជាក់ស្តែងមានប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធររហូតដល់ទៅដល់ជាង ១៧.០០០នាក់ឯណោះ ដើម្បីរាប់បាត្រព្រះសង្ឃចំនួន ៤០០អង្គ ដើម្បីឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធអង្គសម្តេចតា នៃយើង។
លោក ង៉ោ ម៉េងជ្រួន បានបន្តថា ការប្រារព្ធពិធីនេះឡើង គឺជាការដឹងគុណដល់ព្រះបាទសម្តេច នរត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ពិសេសជាងនេះនិមន្តព្រះសង្ឃ សូត្រធម៌បង្សុកូលឧទ្ទិសកុសលថ្វាយដល់ព្រះវិញ្ញាណក្ខន្ធសម្តេចតា ឲ្យព្រះអង្គយាងទៅចាប់បដិសន្ធិនៅឋាន បរមសុខ។
ទន្ទឹមគ្នានោះអាជ្ញាធរក្រុងប៉ោយប៉ែត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ បងប្អូនអាជីវករ ពាណិជ្ជករ ក្នុងក្រុងប៉ោយប៉ែតទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ចូលរួមឧបត្ថម្ភ កម្មវិធីឲ្យដំណើរការបានយ៉ាងរលូនចាប់តាំងពីថ្ងៃទី១៧ រហូតដល់២៣ ខែតុលា នេះ ជូនពរឲ្យលោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕