ភ្នំពេញ៖ ការអនុវត្ត ការសាងសង់ទំនប់វារីអគ្គិសនី គឺជាជម្រើសថាមពលមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយចំណាយថវិកាជាតិ លើការប្រើប្រាស់ថាមពលអគ្គិសនី ប្រើដោយប្រេងឥន្ធនៈ ដែលបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។
លោក ខៀវ មុត រដ្ឋលេខាធិការ និងជារដ្ឋមន្រ្តីស្តីទី នៃក្រសួងបរិស្ថាន មានប្រសាសន៍ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី លំហូរព័ត៌មាន និងឥទ្ធិពលនៃប្រតិបត្តិការ ទំនប់វារីអគ្គិសនីយ៉ាលី លើសហគមន៍តំបន់ទន្លេសេសាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ថា ការអនុវត្តនូវការសាងសង់ទំនប់វារីអគ្គិសនី ពិតជាបានកាត់បន្ថយ ថវិកាជាតិប្រាកដមែន។
ទំនប់វារីអគ្គិសនី ត្រូវបានទទួលស្គាល់ថា ជាប្រភេទថាមពលមួយ មិនមានការបញ្ចេញឧស្ម័នកាបូនិច ហើយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពិចារណា យ៉ាងហ្មត់ចត់ ក្នុងការដាក់ផែនការ សាងសង់ទំនប់វារីអគ្គិសនី ដើម្បីទុកជាជម្រើសថាមពលប្រើប្រាស់ សម្រាប់ពេលអនាគត។ តួយ៉ាងទំនប់វារីអគ្គិសនីកំចាយ និងទំនប់វារីអគ្គិសនីមួយចំនួនទៀត ត្រូវបានសាងសង់ឡើង និងកំពុងសាងសង់ ដើម្បីបំពេញតម្រូវការថាមពល សម្រាប់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។
លោកបន្ថែមថា បើទោះបីជាទំនប់វារីអគ្គិសនី បានផ្តល់នូវសក្តានុពលយ៉ាងច្រើន សម្រាប់សេដ្ឋកិច្ចជាតិយ៉ាងណាក្តី ក៏រាល់ការសម្រេចក្នុងការសាងសង់ ទំនប់ វារីអគ្គិសនីនានា ចាំបាច់ត្រូវការវាយតម្លៃ ជាក់លាក់ពីផលប៉ះពាល់លើបរិស្ថាន និងសង្គម។ ការរៀបចំផែនការឲ្យបានជាក់លាក់ ជាតម្រូវការចាំបាច់ បំផុតដើម្បីឲ្យ គម្រោង នៃការសាងសង់ទំនប់វារីអគ្គិសនី ទទួលបានជោគជ័យ និងជៀសផុតពីផលប៉ះពាល់លើបរិស្ថាន។
លោក ខៀវ មុត បន្តថា ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលអាចនឹងកើតចេញពី ការសាងសង់ទំនប់វារីអគ្គិសនី ការសិក្សាស្រាវជ្រាវផ្នែកបច្ចេកទេស ការសិក្សាស្រាវ ជ្រាវពីជម្រើសបន្សាំ វិធីសាស្រ្តបង្ការសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន គឺជាការចាំបាច់បំផុត មុននឹងសម្រេចអនុវត្ត និងសាងសង់។
ការផ្តល់ព័ត៌មានស្តីពីការបិទ បើក ទំនប់ដល់ប្រជាពលរដ្ឋមូលដ្ឋាន គឺជាការល្អប្រសើរ ដែលជាភាពងាយស្រួលមួយ ដល់ប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះថ្នាក់ នានាដោយចៃដន្យ៕