បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបាន បណ្តាលឲ្យ ស្ត្រីម្នាក់ស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ ខណៈជនរងគ្រោះ ចុះពីលើរថយន្តហើយ ដើរឆ្លងផ្លូវ ។ ដោយឡែក មនុស្ស០២ នាក់ផ្សេង ទៀត បានសន្លប់ បាត់មាត់ឈឹងព្រោះឃើញ ហេតុការណ៍ ស្តែងពេក តែមិនរងរបួស ឡើយ កាលពីម៉ោង២៖៣០នាទី យប់ថ្ងៃទី២៤ តុលា ២០១២ លើផ្លូវជាតិលេខ៥ ស្តិតក្នុងភូមិវាំងមួង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងនៅថ្ងៃទី ២៤ តុលា ឆ្នាំ២០១២ ថា មុនពេល កើតហេតុ ជនរងគ្រោះបាន ជិះរថយន្តតាក់ស៊ី ពីជាយដែនប៉ោយប៉ែត ក្នុងទិសដៅពីលិច ទៅកើត រួចបានចុះ ដើម្បីរកផ្ទះបងប្អូន សម្រាក តែអកុសលពេល ដើរឆ្លងផ្លូវក៏ត្រូវ រថយន្តដឹកភ្ញៀវទេសចរបរទេស ១ គ្រឿង ដែលពុំទាន់ស្គាល់ អត្តសញ្ញាណ បើកបរបញ្ច្រាស ទិសគ្នា បុកពេញទំហឹង ប៉ើងជាង១០០ម៉ែត្រ បណ្តាលឲ្យ ជនរងគ្រោះស្លាប់ភ្លាមៗតែម្តង ហើយភ្លាមនោះ រថយន្តបង្កហេតុ បានបន្ថែមល្បឿន រត់គេចខ្លួន បាត់ស្រមោល។
សមត្ថកិច្ចដដែល បានឲ្យដឹងថា ស្រ្តីរងគ្រោះដែលស្លាប់មាន ឈ្មោះ ផាន់ សារ៉េត អាយុ៥០ឆ្នាំ របររកស៊ីចេញ-ចូលកម្ពុជា-ថៃ លំនៅ ភូមិបន្ទាយមានរិទ្ធ(បឹងត្រកួន) ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅជាប់ និងខ្លួនសពក៏មាន លិខិតឆ្លងដែន មួយក្បាលផងដែរ។
ចំពោះអ្នករួម ដំណើរ ០២ នាក់ផ្សេងទៀត មានឈ្មោះ ជុំ និង ប្រពន្ធឈ្មោះ ប៉ក់ បានសន្លប់បាត់មាត់ឈឹង ពេលដែល ឃើញហេតុការណ៍ ស្តែងពេក។ ក្រោយកើត ហេតុ សពត្រូវបានសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត៕