តូក្យូ៖ ប្រទេសជប៉ុន និង ចិន បានរៀបចំនូវកិច្ចពិភាក្សា កម្រិតខ្ពស់មួយ កាលពីថ្ងៃចុងសប្តាហ៍ កន្លងទៅនេះ ដើម្បីស្វែងរកផ្លូវ ក្នុងការជួសជុល ឡើងវិញនូវទំនាក់ទំនង មហាសេដ្ឋកិច្ចទាំងពីរ ដែលបានបំផ្លាញ ដោយសារតែជម្លោះ ដែនកោះដ៏ជូរចត់ នៅសមុទ្រចិនខាងកើតនោះ។ នេះ បើតាមការលើកឡើងពី មន្ត្រីរដ្ឋាភិបាលទីក្រុងតូក្យូ នៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១២ នេះ។
ចំពោះទំនាក់ទំនងរបស់ ប្រទេសទាំងពីរនេះដែរ បានលិចទៅក្នុងបាតសមុទ្រដ៏សែនជ្រៅ ដោយសារតែក្រុមមួយចំនួន បានបង្កការខូចខាតយ៉ាងខ្លាំង ចំពោះការតវ៉ាបែបជាតិនិយម របស់ពួកគេកាលពីពេលថ្មីៗនេះ។ កោះជម្លោះខាងលើនេះដែរ ត្រូវបានជប៉ុន គ្រប់គ្រង រាប់សិបឆ្នាំមកហើយ ដោយដាក់ឈ្មោះថា ស៊ិនកាគុ រីឯចិន ហៅថា ដាវយុ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំរវាងភាគីជម្លោះទាំងពីរខាងលើ បានធ្វើឡើងកាលពីថ្ងៃចុងសប្តាហ៍ កន្លងទៅនេះ ដោយមានការចូលរួម ពីអនុរដ្ឋមន្ត្រីការបរទេសជប៉ុន ជីកៅ កាវ៉ៃ ជាមួយនឹង សមភាគីចិនលោក ហ្សាង ហ្ស៊ីជន នៅទីក្រុងសៀងហៃ ដើម្បីពិភាក្សាអំពីការដោះស្រាយ ជម្លោះកោះរវាងប្រទេសទាំងពីរ ជាពិសេសនោះ គឺភាគីទាំងពីរចង់ស្វែងយល់ ឲ្យបានច្បាស់លាស់បន្ថែមទៀតអំពី ឫសគល់នៃជម្លោះ និង ស្ថានការណ៍ជាក់ស្តែង នៅពេលថ្មីៗនេះ៕