ភ្នំពេញ៖ អង្គការមិនមែនរដ្ឋាភិបាលចំនួន៩ ក្នុងស្រុក បានទទួលវិញ្ញាបនបត្រ ក្នុងការដែលបានប្រតិបត្តិ ប្រកបដោយវិជ្ជាជីវៈនៅកម្ពុជា ដែលពិធីប្រគល់ជូន វិញ្ញាបនបត្រនេះ មានការចូលរួមពីសំណាក់ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិ និងអន្តរជាតិ ព្រមទាំងប្រទសម្ចាស់ ជំនួយជាច្រើនរូប នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២នេះ នាអាគារ KSSA រាជធានីភ្នំពេញ។
ពិធីប្រគល់វិញ្ញាបនបត្រនេះ មានគោលបំណង ដើម្បីឲ្យមានការទទួលស្គាល់សាធារណៈ នូវកិច្ចប្រឹងប្រែងរបស់អង្គការទាំងអស់ ជាអង្គការគំរូ ដែលបានឆ្លើយតប ពេញលេញ តាមគោលការណ៍អភិបាលកិច្ចល្អ ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ពួកគេ។
លោក ប៉ោ ភក្តិ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងមហាផ្ទៃ ជាជំនួយការលោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជានាយក គំរោងអភិបាលកិច្ចល្អមូលដ្ឋាន បានមានប្រសាសន៍ នៅក្នុងពិធីនោះថា លោកសូមសម្តែងការអបអរសាទរ និងការកោតសរសើរ ចំពោះសេចក្តីក្លាហាន និងប្រកប ដោយការទទួលខុសត្រូវ ក្នុងកាតព្វកិច្ច របស់ថ្នាក់ដឹកនាំ នៃអង្គការនីមួយៗ ដែលបានដាក់ពាក្យដោយស្ម័គ្រចិត្ត ឲ្យធ្វើការវាយតម្លៃ ដើម្បីឲ្យមានការទទួលស្គាល់ ជាសាធារណៈ នូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាអង្គការគំរូ តាមគោលការណ៍អភិបាលកិច្ចល្អ ក្នុងការរៀបចំដឹកនាំសកម្មភាព បំពេញការងារប្រចាំថ្ងៃរបស់ខ្លួន។
លោកបន្តថា អង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួនផ្សេងទៀត ដែលត្រូវបានបង្កើតឡើង ដោយស្របច្បាប់នោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បន្តលើក ទឹកចិត្ត ដើម្បីឲ្យចូលរួមក្នុងដំណើរការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ប្រទេស ឲ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាល «រាជរដ្ឋាភិបាល បន្តលើកទឹកចិត្ត អង្គការមិនមែនរដ្ឋាភិបាល និងសមាគមនានា ដែលត្រូវបានបង្កើតឡើង ដោយស្របច្បាប់ ហើយប្រតិបត្តិការដោយឈរលើ គោលការណ៍អភិបាលកិច្ចល្អ ឲ្យចូលរួមក្នុងកិច្ចដំណើរការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកស្ទួយការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ និង សេចក្តីថ្លៃថ្នូរ របស់មនុស្ស ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការតាមដានការ អនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានាផងដែរ»។
លោក តេង ប៊ុនឈឿន នាយកប្រចាំប្រទេសរបស់អង្គការ Cord និងជាសមាជិកក្រុមការងារ វាយតម្លៃលើប្រព័ន្ធវិញ្ញាបនបត្រ បានមានប្រសាសន៍ថា ដំណើរការ នៃការគិតគួរ និងការពិភាក្សាអំពីវិញ្ញាបនបត្រនេះ គឺចាប់តាំងពីឆ្នាំ២០០៤ ប៉ុន្តែប្រសិន បើយើងនិយាយពីចំណុច នៃការចាប់ផ្តើមផ្តល់វិញ្ញាបនបត្រ ដល់អង្គការ ក្រៅរដ្ឋាភិបាល ត្រូវបានចាប់ផ្តើមធ្វើឡើងនៅក្នុងឆ្នាំ២០០៧។
លោកបានបន្តថា គោលបំណងសំខាន់ នៅក្នុងការផ្តល់វិញ្ញាណបនបត្រ ដល់អង្គការក្រៅរដ្ឋាភិបាលនេះ គឺយើងចង់និយាយអំពីប្រសិទ្ធិភាព និងការបង្កើននូវអភិបាល កិច្ចល្អ នៅក្នុងអង្គការសង្គមស៊ីវិល ហើយគោលដៅសំខាន់នោះ គឺធ្វើយ៉ាងណា ឲ្យការអនុវត្តរបស់យើងឲ្យមានប្រសិទ្ធិភាព «ជាគោលបំណងសំខាន់ គឺយើងចង់ និយាយអំពីប្រសិទ្ធភាព និងបង្កើននូវអភិបាលកិច្ចល្អ នៅក្នុងអង្គការសង្គមស៊ីវិល កាលណាយើងនិយាយ អំពីអភិបាលកិច្ចល្អនៅក្នុងនោះ តម្លាភាព និងគណនេយ្យភាព ក៏ជាកត្តាសំខាន់នៅក្នុងពាក្យថា អភិបាលកិច្ចល្អនោះផងដែរ។ហើយម៉្យាងវិញទៀត គោលដៅសំខាន់ គឺយើងចង់និយាយ អំពីការធ្វើយ៉ាងណា ដើម្បីឲ្យការអនុវត្តរបស់យើង គឺប្រកបដោយប្រសិទ្ធភាព»។
អង្គការក្រៅរដ្ឋាភិបាលចំនួន៩ ដែលបានទទួលបានវិញ្ញាបនបត្រ ថាជាអង្គការដែលបានប្រតិបត្តិ ប្រកបដោយវិជ្ជាជីវៈនៅកម្ពុជា នៅព្រឹកមិញនេះ រួមមាន៖ ១.អង្គការស្រែខ្មែរ។ ២. អង្គការជីវិតថ្លៃថ្នូរ។ ៣.អង្គការសម្រាប់ សកម្មភាពបឋមសិក្សានៅកម្ពុជា។ ៤.អង្គការសង្រ្គោះសត្វព្រៃ។ ៥.អង្គការស៊ីដាប់បែលយូអេស។ ៦.អង្គការបន្ទាយស្រី។ ៧.អង្គការអភិវឌ្ឍន៍ស្រី។ ៨.អង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន។ ៩.គណៈកម្មការ សហប្រតិបត្តិការដើម្បីកម្ពុជា។
គួរបញ្ជាក់ផងដែរថា អង្គការដែលដាក់ពាក្យ ដើម្បីទទួលបានវិញ្ញាបនបត្រទាំងអស់ ត្រូវបានឆ្លងកាត់ដំណើរការត្រួតពិនិត្យ យ៉ាងហ្មត់ចត់ទៅលើគុណភាពឯកសារ ក្នុងការត្រួតពិនិត្យ ផ្នែកបច្ចេកទេស ដោយក្រុមបុគ្គលឯករាជ្យ ហើយរហូតមកដល់បច្ចុប្បន្ននេះ មានអង្គការចំនួន៣៦ ដែលបានទទួលបានវិញ្ញាបនបត្រពីប្រព័ន្ធ ក្នុងខណៈដែលអង្គការ ចំនួន៨០ ទៀតកំពុងរង់ចាំ៕