ភ្នំពេញៈ ក្រុមហ៊ុន T.O Group co.,Ltd ដែលជាក្រុមហ៊ុន បង្កើតកម្មវិធី Software នៅកម្ពុជា កាលពីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ បានសហការជាមួយ ក្រុមហ៊ុន Mitsubishi Electric Asia រៀបចំសិក្ខាសាលាមួយ នៅសណ្ឋាគារណាហ្គាវើល ស្តីពី ផលិតផល បញ្ចាំងរូបភាពខ្នាតធំ ជូនដល់សាធារណជននានា ។
លោក ហេង ចំរើន ប្រធានក្រុមហ៊ុន T.O Group co.,Ltd បានឱ្យដឹងថា ទន្ទឹមនឹងប្រទេសកម្ពុជា កំពុងអភិវឌ្ឍន៍ ទៅមុខ តម្រូវការ ក្នុងវិស័យ បច្ចេកវិទ្យា បានកើនឡើងជាបន្តបន្ទាប់ សម្រាប់ជួយសម្រួល ដល់ការងារនានា ។ លោកថា សិក្ខាសាលានេះ បង្កើតឡើង ដើម្បីបង្ហាញដល់ សាធារណជន កម្ពុជា ឱ្យស្គាល់ពី ផលិតផល ដែលមានគុណភាព របស់ Mitsubishi ដែលក្នុងនោះមាន ផលិតផលបញ្ចាំងខ្នាតធំ Projector ក៏ដូចជា ទូរទស្សន៍ខ្នាតធំ សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម ជាដើម ។
លោកមានប្រសាសន៍ថា “អ្វីៗដែលប្រទេសគេមាន ពេលនេះ កម្ពុជាក៏មានដែរ ។ ខ្ញុំថា កម្ពុជាមិនចាញ់ ប្រទេសគេទេ” ។ លោកបន្ថែមថា នាពេលនេះ យើងក៏អាចបង្កើតកម្មវិធី Software សម្រាប់គ្រប់គ្រង ទន្និន័យ ដោយខ្លួនឯងបាន ហើយអ្នកធ្វើSoftware នេះទៀតសោត នៅក្នុងក្រុមហ៊ុន របស់លោក សុទ្ធតែជាប្រជាជនខ្មែរសុទ្ធសាធ ។
លោកថា “ពួកគេ អាចបង្កើតកម្មវិធី Software ជាច្រើន ដូចជាកម្មវិធីគ្រប់គ្រងទិន្នន័យ កម្មវិធីគ្រប់គ្រង ភោជនីយដ្ឋាន កម្មវិធីគ្រប់គ្រងសណ្ឋាគារ និង គ្រប់គ្រងធនធានមនុស្សជាដើម ហើយកម្មវិធីទាំងនេះ ត្រូវបានក្រុមហ៊ុនមួយចំនួន យកទៅប្រើប្រាស់ ប្រកបដោយសុវត្ថិភាព” ៕