ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ការប្រើប្រាស់ភាសាខ្មែរ តាមប្រព័ន្ធផ្សព្វផ្សាយ មានសារៈ ប្រយោជន៍ យ៉ាងធំធេងក្នុងការបញ្ជ្រាបការប្រើប្រាស់ភាសាខ្មែរទៅដល់គ្រប់ភាគីពាក់ព័ន្ធ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សិក្ខា សាលាការប្រើប្រាស់ភាសាខ្មែរតាមប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ថា ការប្រើប្រាស់ភាសា នេះ ពិតជាសំខាន់ ដើម្បីបញ្ជ្រាបដល់ពិធីករ ពិធីការិនី អ្នកសារព័ត៌មាន និងអ្នកសរសេរទស្សនាវដ្តី។
លោកបញ្ជាក់ថា «ពិតជាមានសារៈសំខាន់ ព្រោះវាទាញទម្លាប់របស់យើង ប៉ុន្តែអ្នកទាំងអស់គ្នាកុំគិតថា វារឹង ស្តូក ព្រោះភាសាពីមួយជំនាន់ទៅមួយជំនាន់ វាមានការខុសប្លែកគ្នា»។
លោកបន្តថា ក្នុងភាសាជាតិសាសន៍ណា ក៏ដូចភាសាជាតិសាសន៍ដទៃទៀតដែរ ពាក្យថ្មីៗ តែងតែត្រូវបាន បង្កើត ឡើង នៅពេលសង្គមមានការអភិវឌ្ឍ ហើយពាក្យខ្លះ ក៏ត្រូវបានស្លាប់ទៅវិញនៅពេលដែល សង្គមឈប់ត្រូវការ។
ចំពោះសង្គមខ្មែរក៏ដូច្នេះដែរ បច្ចុប្បន្នកំពុងមានការអភិវឌ្ឍជឿនលឿនទៅមុខឥតឈប់ឈរ តាមរយៈបច្ចេកវិទ្យា នានា។ ការបង្កើតពាក្យថ្មី ការខ្ចីពាក្យ ត្រូវការទាមទារឲ្យមានគោលការណ៍ច្បាស់លាស់ មានក្បួនខ្នាតត្រឹមត្រូវ ដើម្បីការប្រើប្រាស់ភាសាមានឯកភាព ។
ក្រោយឆ្នាំ១៩៧៩ ភាសាខ្មែរ មានការរីកចម្រើនកាន់តែរហ័ស ប៉ុន្តែការរីកចម្រើននេះ បាននាំមកជាមួយនូវភាព ចម្រូងចម្រាសផងដែរ គឺកង្វះឯកភាពលើអក្ខរាវិរុទ្ធ នៃពាក្យមួយចំនួន និងការប្រើប្រាស់ពាក្យជាច្រើន សម្រាប់ បញ្ញត្តិតែមួយ ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់នឹងភាសាជាតិ ដោយបានបង្កើតឲ្យមានគណៈកម្មា ធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ)។
បច្ចុប្បន្នគណៈកម្មាធិការជាតិភាសាខ្មែរ បានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការស្វែងរកការឯកភាពជូន ភាសាខ្មែរ ទាំងការសរសេរ ការបង្កើតពាក្យ ការខ្ចីពាក្យ និងតាមរយៈការអនុម័តពាក្យបច្ចេកទេសនានា នាពេល កន្លងមក ជាពិសេសការសរសេរអក្ខវិរុទ្ធតាមវចនានុក្រមខ្មែរ៕