ព្រះវិហារ : នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ នៅសាលា ខេត្តព្រះវិហារ មានកិច្ចប្រជុំរបស់គណ:កម្មាធិការសមាគមន៍យុវជនកម្ពុជា ខេត្តព្រះវិហារ ក្រោមអធិបតីភាពរបស់លោក អ៊ុន ចាន់ដា អភិបាលរងខេត្តព្រះវិហារ និងជាប្រធានសមាគមន៍យុវជនកម្ពុជាខេត្តព្រះវិហារ ដែលមានការចូលរួមពី សមាជិកអចិន្ទ្រៃយ៍របស់សមាគមន៍ និងតំណាងសមាជិកយុវជនក្រុង/ស្រុកទាំង៨ និងមន្ទីរវិស័យក្នុងខេត្តព្រះវិហារចំនួន២៩រូប។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកប្រធានសមាគមន៍ បានលើកឡើងពីប្រវត្តិរបស់សមាគមន៍ ដែលបានចាប់កំណើតមកជាយូរលុងណាស់មកហើយ និងមានអង្គការចាត់ តាំងត្រឹមត្រូវ និងបានសំរេចនូវលទ្ធផលជាច្រើនមកដល់បច្ចុប្បន្ននេះ។
លោកប្រធានសមាគមន៍បានលើកឡើងពីគោលការណ៍ប្រតិបត្តិសម្រាប់សមាជិកសមាគមន៍ ដោយផ្តោតលើតួនាទី ភារកិច្ចរបស់យុវជន ការពង្រឹងនូវក្បាលម៉ាស៊ីន ដឹកនាំ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់ ក្នុងការចូលរួមកិច្ចការសង្គម ការលើកស្ទួយនូវតម្លៃបរិស្ថាន វប្បធម៌ កិច្ចការអប់រំ ទឹកចិត្តគុណធម៌ខ្ពស់ ការងារសេដ្ឋកិច្ច និងគាំទ្រលើគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍលើគ្រប់វិស័យ មានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ចុងបញ្ចប់កម្មវិធី លោក អ៊ុន ចាន់ដា ប្រធានសមាគមន៍កម្ពុជាខេត្តព្រះវិហារ បានចែកជូនអាវសមាគមន៍យុវជនកម្ពុជា ដល់សមាជិក ទាំងអស់ដោយម្នាក់ទទួលបានអាវចំនួនមួយ៕