ភ្នំពេញៈ គណៈប្រតិភូនៃប្រទេសអង់ហ្គូឡា បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីការងារសកម្ម ភាពមីននៅកម្ពុជា ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២-២៦ ខែតុលា ឆ្នាំ២០១២នេះ។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ មានប្រសាសន៍ក្រោយពីជំនួបពិភាក្សា ជាមួយ លោក Jose Virgilio Chalissala អគ្គនាយករងវិទ្យាស្ថានដោះមីនជាតិអង់ហ្គូឡា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ថា ក្នុងដំណើរទស្សនកិច្ចនាពេលនេះ គណៈប្រតិភូបានធ្វើការសិក្សាស្វែងយល់ នៅខេត្តបាត់ដំបង សៀមរាប ដើម្បីអប់រំពីការយល់ដឹងអំពីមីន ការធ្វើផែនការដោះមីន ប្រតិបត្តិការដោះមីន ដោយគ្រឿងចក្រ និង ការគ្រប់គ្រង់ព័ត៌មាន។
លោកបន្តថា ដំណើរទស្សនកិច្ចនេះ មានការជួយជ្រោមជ្រែងសម្របសម្រួល និងគាំទ្រដោយទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិជប៉ុន (JICA)។
លោកអះអាងថា ប្រទេសអង់ហ្គូឡា មានស្ថានភាពដូចទៅនឹងប្រទេសកម្ពុជាដែរ លើបញ្ហាគ្រាប់មីនមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកយ៉ាងច្រើន ពីសម័យសង្រ្គាមនាពេលកន្លងមក ហើយប្រទេសនេះ ដឹងច្បាស់ថា កម្ពុជាមាន សកម្មភាពយ៉ាងខ្លាំងក្លាក្នុងការបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់មួយចំនួនទៀត ទើបគេមានបំណង ផ្លាស់ប្តូរបទពិសោធន៍ជាមួយកម្ពុជាតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ៕