ភ្នំពេញ ៖ ចៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានថ្លែងឱ្យដឹងថា ចំពោះការចោទប្រកាន់ របស់អ្នកស្រីមេភូមិថ្មគោល និងប្រជាពលរដ្ឋ ថារូបលោកដែលជា ចៅសង្កាត់ បានដកហូតតំណែងមេភូមិ ដោយអត្ដនោម័តនោះ គឺមិនពិតឡើយ ពោលលោកស្រីមេភូមិថ្មគោល ត្រូវបានផ្លាស់ប្ដូរឱ្យធ្វើការងារផ្សេង ពោល ផ្លាស់ពី មេភូមិ ទៅជាមន្ដ្រីទទួលបន្ទុកកិច្ចការនារី នៅក្នុងភូមិវិញម្ដង ។
ជាមួយគ្នានេះ លោកចៅសង្កាត់ សុទ្ធ សាត បានឱ្យដឹងទៀតថា ការផ្លាស់ប្ដូរតំណែងមេភូមិថ្មគោល អ្នកស្រី ស៊ន សាវឿន ខាងលើនេះ បានធ្វើឡើង តាមរចនា សម្ព័ន្ធត្រឹមត្រូវ ពោលគឺមានការប្រជុំក្រុមប្រឹក្សា សង្កាត់ ហើយបានផ្ញើសេចក្ដីសម្រេចខាងលើនេះ ទៅ អភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងប្រធានក្រុមប្រឹក្សា ខណ្ឌទៀតផង មិនមែនធ្វើឡើងដោយឯងៗ និងអត្ដនោម័តឡើយ ។
បើតាមលោកចៅសង្កាត់ មូលហេតុដែលនាំឱ្យផ្អាកការងារលោកស្រី ស៊ន សាវឿន ជាមេភូមិថ្មគោលនោះ ដោយសារតែលោកស្រី មានភាពអសកម្មនៅក្នុងការងារ ព្រមទាំងមិនសូវចេះ ផ្នែករដ្ឋបាលច្រើនទៀតផង ដែលនាំឱ្យការងារមិនមានការរីកចម្រើនទៅមុខ។ យ៉ាងណាក៏ដោយ អ្នកស្រីមេភូមិ ថ្មគោល បានចោទថា លោកចៅសង្កាត់ចោមចៅ បានដកតំណែងលោកស្រីតែឯងៗ ពោលមិនមានការប្រជុំសម្រេច ក្រុមប្រឹក្សាសង្កាត់នោះឡើយ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ចំពោះការបញ្ឈប់តួនាទី លោកស្រីមេភូមិនេះ និងមានប្រជាពលរដ្ឋជាច្រើននាក់ ធ្វើពាក្យបណ្ដឹង ទៅសាលាខណ្ឌទៀត ផង៕