ភ្នំពេញ៖ គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (ខុមហ្វែ្រល) នៅចុងខែតុលា នេះ នឹងចេញរបាយការណ៍ ស្ដីពី លទ្ធផលនៃការសង្កេត ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១២ ដែលនៅក្នុងនោះក៏មានភាពមិនប្រក្រតី មួយចំនួនផងដែរ។
អ្នកសម្របសម្រួលផ្នែកអង្កេតរបស់ខុមហ្វែ្រល កញ្ញា គង់ រ៉ាវីន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃអាទិត្យ ទី២៨ ខែតុលានេះ ថា ខុមហ្វែ្រល នឹងចេញរបាយការណ៍ខាងលើនេះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ ដែលក្នុងនោះ មានភាពមិនប្រក្រតីលើសពីការចេញរបាយការណ៍បឋម កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ។
កញ្ញាបន្ត ថា “ភាពមិនប្រក្រតី អាចលើស ពីការចេញរបាយការណ៍បឋម ព្រោះកាលនោះស្ថិតអំឡុង ពេលពាក់កណ្ដាលនៃកាលបរិច្ឆេទ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២”។
ការ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ គឺបានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់១២ ខែតុលា ឆ្នាំ២០១២ លើកលែងតែឃុំ-សង្កាត់ចំនួន៣៨៣ ក្នុងខេត្តចំនួន៩ ដែលត្រូវបន្ថែម១ថ្ងៃ។
កញ្ញា គង់ រ៉ាវីន បញ្ជាក់ ថា ភាពមិនប្រក្រតីទាំងនោះបានដាក់ចូលរួចរាល់អស់ហើយ ក្នុងរបាយការណ៍ ដែលគ្រោងនឹងចេញថ្ងៃទី៣០ ខែតុលានោះ។ដែលមានដូចជាស្មៀននៅក្នុងឃុំ-សង្កាត់ មួយចំនួន មិនបានគោរពនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតជាដើម។
ខុមហ្រ្វែល បានចេញរបាយការណ៍ម្ដងរួចមកហើយ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ ស្ដីពីលទ្ធផលបឋមនៃការសង្កេតការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២។ ក្នុងចំណោមឃុំ-សង្កាត់ចំនួន២៥០ដែលខុមហ្រ្វែលសង្កេត ខុមហ្រ្វែលបានឃើញភាពមិនប្រក្រតីមួយចំនួនដូចជា ស្មៀនមិន គោរពម៉ោងធ្វើការ ឬយឺតយ៉ាវក្នុងការបើក/បិទការិយាល័យចំនួន៨ឃុំ-សង្កាត់,ករណីបាត់ឈ្មោះ អ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតចុងក្រោយចំនួន២សង្កាត់,ការខកខាន ឬយឺតយ៉ាវបិទបញ្ជីបោះឆ្នោត ចុងក្រោយឆ្នាំ២០១១ ចំនួន៤ករណី,ករណីបិទការិយាល័យពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ១ករណី,និងករណីចុះ ឈ្មោះអ្នកបោះឆ្នោតដោយមិនមានវត្តមានសាម៉ីខ្លួនចំនួន២ករណី។
សម្រាប់ ប្រធាននាយកដ្ឋានសរុបគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លោក អ៊ក គឹមហាន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្នុងសប្ហាហ៍នេះ ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១២ បានប្រព្រឹត្រទៅដោយរលូន ទោះបីមានភ្លៀងធ្លាក់ទៅតាមឃុំ-សង្កាត់ មួយចំនួនក៏ដោយ “ក្នុងការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១២នេះ ខ្ញុំពិនិត្យឃើញថា ការចុះឈ្មោះឆ្នោតនឹងប្រព្រឹត្តទៅ វារលូន ថ្វីត្បិតតែ នៅកន្លែងខ្លះ មានភ្លៀងធ្លាក់ទឹកជំនន់ អីក៏ដោយ ក៏សភាពការណ៍ហ្នឹង វារលូន វាមិនមានអី ជាការរាំងស្ទះធ្ងន់ធ្ងរ ដល់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតទេ”។
លោកបន្ត ថា អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២នេះ មិនមានការប្រើអំពើហិង្សា ឬការគំរាមកំហែងដល់ប្រជាពលរដ្ឋនោះទេ។ គឺអ្វីៗ បានគោរពទៅតាមនីតិវិធី នៃការបោះឆ្នោតទាំងអស់។
មន្រ្ដីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឲ្យដឹង ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ ឆ្នោតឆ្នាំ២០១២ បានបញ្ចប់ហើយ ក្នុងនោះចំនួនអ្នកចុះឈ្មោះ មានរហូត ដល់ទៅ៩១៦.៧៥៧នាក់ កែតម្រូវ ឈ្មោះមាន ៨៨.៦០៤នាក់ និងលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោតបានចំនួន៦១៩.៦៣៣នាក់។ សម្រាប់ ក្នុងដំណាក់កាល ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងដំណាក់កាល បិទផ្សាយបញ្ជី បោះឆ្នោត ដំបូងនេះ មានពាក្យបណ្តឹង សរុបចំនួន ១៨បណ្តឹង ត្រូវបានប្តឹងដោយ គណបក្សនយោបាយ និងប្រជាពលរដ្ឋ ទៅកាន់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ទាក់ទងនឹងការចុះឈ្មោះ ឲ្យប្រជាពលរដ្ឋគ្មានទីលំនៅ ពិតប្រាកដក្នុងឃុំ,ការសុំលុបឈ្មោះ និងការរក្សាទុកឈ្មោះ ក្នុងបញ្ជីបោះឆ្នោត។ ពាក្យបណ្ដឹងទាំង១៨បណ្ដឹង ខាងលើនេះ ត្រូវបានប្ដឹងដោយគណបក្ស សម រង្ស៊ីមានចំនួន៤បណ្ដឹង, គណបក្សប្រជាជនកម្ពុជាចំនួន២ បណ្ដឹង, គណបក្សសិទ្ធិមនុស្សចំនួន២ បណ្ដឹង និងបណ្ដឹងពីប្រជាពលរដ្ឋចំនួន១០បណ្ដឹង៕