ភ្នំពេញ ៖ របាំងថ្មចែកទ្រូងផ្លូវ ចំនួនបីកំណាត់ ត្រូវបែកបាក់ខ្ទេចខ្ទី ពេញផ្លូវក្នុងខណៈដែល បុរសម្នាក់ ស្រវឹង ស្រាហើយបើករថយន្ត ដឹកស្រាបៀរ ANCHOR បុកពេញទំហឹង កាលពីវេលាម៉ោង ២១ និង៣០នាទី យប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១២ នៅចំណុចមុខរោងចក្រ អ៊ីខាង តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សាក្សីដែលបានឃើញហេតុការណ៍ ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុគេ សង្កេតឃើញ រថយន្តបង្កហេតុ ជាប្រភេទរថយន្តតួរីស របស់ក្រុមហ៊ុន ស្រាបៀ ANCHOR ដែលបើកបរ ដោយបុរសម្នាក់ ស្ថិតក្នុង ស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តនេះក្នុងល្បឿនយ៉ាងលឿន ពេលមកដល់កន្លែង កើតហេតុ ក៏បានរេចង្កូតទៅបុករះរបាំងថ្មចែកទ្រូងបណ្តាលឲ្យបាក់បែកខ្ទាតខ្ទេចខ្ទី រាយបាយពេញផ្លូវតែម្តង ហើយរថយន្តបានហោះផ្លោងទៅធើរលើទ្រូងផ្លូវ ចំណែកអ្នកបើកបររថយន្តក្រោយពីកើតហេតុបានរត់គេចខ្លួន បាត់ស្រមោសតែម្តង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងទៅភាគី រថយន្តបង្កហេតុឲ្យ តំណាងក្រុមហ៊ុនមកដោះស្រាយសំណងថ្លៃខូចខាត របាំងថ្មចែកទ្រូង ទៅដល់ ម្ចាស់ក្រុមហ៊ុនដែលគ្រប់គ្រងផ្លូវឯកជនមួយនេះ ៕
![Photo by DAP-News]()
![Photo by DAP-News]()
![Photo by DAP-News]()