ព្រះសីហនុ៖ យុវជនស្ម័គ្រចិត្ដ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក្រុមទី១០០ កាលពីពេលថ្មីៗនេះ បានចុះចែករំលែក បទពិសោធន៍លើការសិក្សា ដល់សិស្សានុសិស្ស នៅវិទ្យាល័យហ៊ុនសែន វាលរេញ ចំនួន១.៥៥៥នាក់ និងបានជួបសំណេះសំណាល ជាមូយលោកនាយក លោកគ្រូ អ្នកគ្រូ វិទ្យាល័យហ៊ុនសែន វាលរេញ ចំនួន៣៥នាក់។
តាមរបាយការណ៍របស់លោកនាយកបានឲ្យដឹងថា នៅក្នុងការប្រលងមធ្យមសិក្សាបឋមភូមិ ឆ្នាំ២០១២ ក្នុងចំណោមសិស្ស ១៦៥នាក់ បានប្រលងជាប់ចំនួន១៦៤នាក់ ចំណែកឯការប្រលងមធ្យមសិក្សាទុតិយភូមិ មានសិស្ស សរុបចំនួន២៥៤នាក់ បានប្រលងជាប់ចំនួន ២២៨នាក់ក្នុងនោះសិស្សស្រីចំនួន ១០៧នាក់។
លោក ថោង គ្រឿន ប្រធានក្រុមទី១០០ យុវជនស្ម័គ្រចិត្ដសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសម្ដែងនូវការកោតសរសើរចំពោះលោកនាយកនិងលោកគ្រូអ្នកគ្រូដែលបានខិតខំផ្ទេរចំណេះដឹងទាំងទ្បាយ ដល់សិស្សានុសិស្សទាំងពីរភេទ។ក្នុងនោះដែរលោកក៏បានកោតសរសើរ និងអបអរសាទរចំពោះការ ប្រឹងប្រែង ព្យាយាមរៀនសូត្ររបស់ប្អូនៗជាសិស្ស និងការចូលរួមពីមាតាបិតាអាណាព្យាបាលនិងក្រុមគ្រួសារ របស់ ប្អូនៗផងដែរ។ លោកក៏បានបង្ហាញអំពីសមាសភាពរបស់យុវជនស្ម័គ្រចិត្ដទាំង១២រូប ជូនដល់លោកនាយក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់បានស្គាល់។
លោកក៏បានបង្ហាញពីបទពិសោធន៍លើការសិក្សាពីកុមារភាពរបស់លោក និងភាពលំបាកលំបិនកម្សត់កម្រង ក្នុង នាមជាកូនកំព្រាសុទ្ធសាធ ទាំងពីលោកមានអាយុ៦ឆ្នាំ។លោកតស៊ូរៀនសូត្រដោយផ្ញើខ្លួនជាមួយ នឹងវត្ដអារាមរបស់ព្រះពុទ្ធសាសនា រហូតបានក្លាយជាសិស្សពូកែអក្សរសាស្រ្ដខ្មែរ ទូទាំងប្រទេសឆ្នាំ១៩៩២ និងបានក្លាយខ្លួនជាទីប្រឹក្សាសម្ដេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០០៧ តរៀងមក។ លោកក៏បានឲ្យដឹងច្បាស់ពីការសិក្សា របស់លោកដែរថា លោកព្យាយាមរៀនសូត្រយ៉ាងទៀងទាត់ នូវកម្មវិធីសិក្សារបស់លោក មានកាលវិភាគស្វ័យសិក្សានិងអនុវត្ដបាន យ៉ាងទៀងទាត់ ស្ដាប់ដំបូន្មាន លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលព្រោះថា ចំណេះត្រូវផ្សាយភ្ជាប់ជាមួយនិងសីលធម៌ទើបធ្វើឲ្យការ សិក្សារបស់យើងបានជោគជ័យគ្រប់ពេលវេលា។
លោកក៏បានបង្ហាញពីបទពិសោធន៍ នៃការសិក្សាក្រៅប្រទេស របស់លោកផងដែរ។ អ្នករៀន សូត្រទាំង ទ្បាយត្រូវមានកត្ដាបីជាកំណត់ ទី១ ការព្យយាម ទី២ សុខភាព និងទី៣ សម្ភារៈ(ប៊ិច សៀវភៅ សម្លៀកបំពាក់)។ ជាមួយគ្នានោះ ក៏ត្រូវឈរលើមូលដ្ឋាន៣ ជាកំណត់ គឺគ្រួសារ សាលារៀន និងសង្គម ។បើសិនជា យើងជួយការ ជ្រោមជ្រែងពីក្រុមគ្រួសារ សាលាមានកម្មវិធីសិក្សាល្អហើយ បើសង្គម មិនផ្ដល់ឱកាសឲ្យប្អូនៗទេនោះ ក៏ប្អួនពុំអាចទទួលបានជោគជ័យក្នុងជីវិតទ្បើយ៕