ភ្នំពេញៈ មន្រ្តីជលផលថ្នាក់អធិការដ្ឋានចតុមុខ ប្រចាំការនៅស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានប្រជាពល រដ្ឋធ្វើការចោទប្រកាន់ថា ចុះបង្រ្កាបបទល្មើសនេសាទចាប់យកទាំងឧបករណ៍ហើយ កៀបយកលុយពី ម្ចាស់ថែមទៀត។
អ្នកនេសាទនៅក្នុងឃុំសណ្តា ស្រុកលើកដែក ខេត្តកណ្តាល បានរាយការណ៍ប្រាប់ដើមអម្ពិលឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ មានមន្រ្តីជលផល ដែលគេស្គាល់ឈ្មោះ ផល្លី ដែលជាមន្រ្តីជល ផលនៅអធិការដ្ឋានចតុមុខ ប្រចាំស្រុកកោះធំ បានចុះទៅចាប់ឧបករណ៍នេសាទល្មើសច្បាប់ ដែលប្រជា ពលរដ្ឋដាក់នៅតាមព្រែក។ ប៉ុន្តែរឿងដែលចម្លែកនោះ គឺពេលមន្រ្តីជលផលចុះទៅ បានទាក់ទងជាមួយ ប្រជាពលរដ្ឋជាអ្នកនេសាទ ដោយអះអាងថា ពួកគេមិនចាប់យកឧបករណ៍នោះទេ តែត្រូវបង់លុយឲ្យទៅ ពួកគេ ក្នុងម្នាក់ៗ ២០០ដុល្លារ។
ប៉ុន្តែក្រោយមកមានអ្នកនេសាទខ្លះ បានរើឧបករណ៍នេសាទចេញអស់ គឺនៅសល់តែម្នាក់ប៉ុណ្ណោះ ស្រាប់ តែមន្រ្តីជលផលឈ្មោះ ផល្លី បានបង្គាប់ឲ្យអ្នកនេសាទម្នាក់នោះ បង់លុយទៅឲ្យគេចំនួន ៤០០ដុល្លារ ជា ថ្នូរទៅនឹងការមិនចាប់ ហើយបិទភ្នែកឲ្យរកស៊ីបន្ត។ ប៉ុន្តែនៅពេលអ្នកនេសាទនោះ ប្រមែប្រមូលលុយ បានចំនួន ៤០០ដុល្លារយកទៅឲ្យហើយ ស្រាប់តែមន្ត្រីជលផលរូបនោះ បញ្ជាឲ្យចាប់យកឧបករណ៍នេ សាទល្មើសច្បាប់ថែមទៀត។
ប្រភពបានបន្តថា ចំណាត់ការរបស់ឈ្មោះ ផល្លី គឺធ្វើទៅតាមបញ្ជាមេរបស់គេ ឈ្មោះ ចេតនា ។
អ្នកឃើញហេតុការណ៍ បានអះអាងថា គេគាំទ្រចំពោះចំណាត់បង្រ្កាបបទល្មើសនេសាទរបស់មន្រ្តីជល ផលខាងលើនេះ។ ប៉ុន្តែការបង្រ្កាប គួរតែធ្វើទៅដោយតម្លាភាព មិនគួរយកលុយពីអ្នកប្រព្រឹត្តបទល្មើស ហើយចាប់របស់គ្នាថែមទៀតនោះទេ បើចាប់ហើយគួរកុំយកលុយដាក់ហោប៉ៅ ព្រោះវាអាក្រក់មើល ណាស់។
ពាក់ព័ន្ធព័ត៌មានខាងលើនេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១២ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិន អាចទាក់ទងមន្រ្តីជលផលខាងលើ សុំការបំភ្លឺបានឡើយ។
សូមបញ្ជាក់នៅតាមបណ្តាបឹងវាលទំនាប ស្ថិតក្នុងស្រុកលើកដែក ស្រុកកៀនស្វាយ ស្រុកកោះធំ និង ស្រុកស្អាង គឺសម្បូរដោយបទល្មើសនេសាទ ដែលតំបន់នោះ ប្រជុំដោយបឹង និងវាលទំនាប សម្បូរត្រី និងសត្វព្រៃជាច្រើន ដូចជាពស់ អណ្តើក កន្ធាយ ជាដើម។ ការសម្បូរបទល្មើសខាងលើ ក៏ធ្វើឲ្យមន្រ្តីជល ផលត្រូវប៉ាន់មិនតិចនោះទេ៕