ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ប្រទេសកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ នៅទូទាំង ប្រទេស ត្រូវចេះថែរក្សាទឹកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់ផលដំណាំស្រូវ ព្រោះភ្លៀងនឹងឈប់ធ្លាក់នៅ សប្តាហ៍ទី១ ខែវិច្ឆិកា។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជាច្រើនរយនាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៩ ខែតុលានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា នៅឆ្នាំ២០១២ តាមការព្យាករណ៍ ភ្លៀងពុំមែនមានរហូតទៅដល់ចុងខែវិច្ឆិកានោះទេ ហើយវា នឹងបញ្ចប់នៅដើមខែវិច្ឆិកា ក្នុងសប្តាហ៍ទី១ ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ត្រូវប្រុង ប្រយ័ត្នក្នុងការរក្សាទឹក ដើម្បីទុកស្រោចស្រពផលដំណាំស្រូវ ដែលមានស្រូវខ្លះកំពុងឱនដាក់គ្រាប់ ឯមួយ ចំនួនទៀតកំពុងឡើងខ្លួន ដើម្បីត្រៀមរៀបចំចេញគួរ។ ហេតុនេះហើយ ប្រជាពរលរដ្ឋត្រូវ មានការប្រយ័ត្ន ប្រយែងក្នុងការខ្វះខាតទឹក សម្រាប់ការបង្កបង្កើនផលស្រូវ ដែលនឹងត្រូវជិតប្រមូលផល ក្នុងពេល ឆាប់ៗខាងមុខ។
នាយករដ្ឋមន្រ្តីបញ្ជាក់ថា«ខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ត្រូវថែទាំស្រូវ ហើយសេដ្ឋកិច្ចនៅក្នុង ឆ្នាំនេះក៏អត់អាក្រក់ សម្រាប់យើង គឺមិនអាក្រក់ទេ»។
សម្តេចបានបន្ថែមថា ការផលិតស្រូវឆ្នាំនេះ លើសពីផែនការកំណត់ ហើយអ្វីដែលមានការចំលែកខុសប្លែកនោះ គឺឆ្នាំរោង ស្ថានភាពទឹកជំនន់មានលក្ខណៈតូច មិនជន់ឡើងខ្លាំងដូចកាលពីឆ្នាំកន្លងទៅ៕