ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិក នៅប្រទេសកម្ពុជា និងការិយាល័យកិច្ចការអប់រំ និងវប្បធម៌របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២នេះ បានប្រកាសទទួលយក សំណើសុំថវិកាពីមូលនិធិ ឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ឆ្នាំ២០១៣(AFCP) ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតសហរដ្ឋអាមេរិក នៅប្រទេសកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១២នេះ បានឲ្យដឹងថា មូលនិធិ ឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ឆ្នាំ២០១៣ ដែលហៅកាត់ថា AFCP ត្រូវបានបង្កើតឡើង ដើម្បីជួយប្រទេសនានា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដើម្បីបង្ហាញការគោរព របស់សហរដ្ឋអាមេរិក ចំពោះវប្បធម៌នៃប្រទេសដទៃ។
ប្រភពដដែលបន្តថា គំរោងដែលត្រូវបាន ជ្រើសរើសសម្រាប់ទទួល បានថវិកាក្រោមកម្មវិធីនេះ នឹងជំរុញគោលដៅការទូតរបស់សហរដ្ឋអាមេរិក ហើយបង្ហាញពីការ គោរពដ៏ជ្រាលជ្រៅរបស់សហរដ្ឋអាមេរិក ចំពោះបេតិកភណ្ឌវប្បធម៌នៃប្រទេសកម្ពុជា។ មូលនិធិនេះ មានបំណងអភិរក្សទីតាំង ឬវត្ថុវប្បធម៌ ដែលមានអត្ថន័យជា ប្រវត្តិសាស្រ្ត ឬជា វប្បធម៌នៃប្រទេសកម្ពុជា។
ចំពោះថវិកាដែលទទួលបាន ពីស្ថានទូតសហរដ្ឋអាមេរិក នៅប្រទេសកម្ពុជា មានចំនួនពី ១០.០០០ (មួយម៉ឺន)ដុល្លាអាមេរិក ដល់១០០. ០០០ (ដប់ម៉ឺន)ដុល្លាអាមេរិក ហើយអាចច្រើនជាងនេះចំពោះគំរោងពិសេស។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា កាលបរិច្ឆេទនៃការដាក់សំណើសុំ ជាភាសាអង់គ្លេស គឺថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០១២៕