ភ្នំពេញ ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចគយ ប្រចាំនៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែសីហា នេះ បានឃាត់ខ្លួន ស្ត្រីជនជាតិថៃម្នាក់ ពីបទជួញដូរគ្រឿងញៀន ប្រភេទម្សៅស ជាតិកូកាអ៊ីន ជិត ៤គីឡូក្រាម ខណៈដែលស្ត្រីជនសង្ស័យរូបនេះ បានធ្វើដំណើរពីប្រទេសអេក្វាឌ័រ ឆ្ពោះទៅប្រទេសថៃរបស់ខ្លួន ដោយឆ្លងកាត់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។
មន្ត្រីនគរបាល អន្តោប្រវេសន៍មួយរូប បានប្រាប់ដើមអម្ពិលតាមទូរស័ព្ទ នៅយប់ថ្ងៃទី០៧ ខែសីហា នេះថា ស្ត្រីជនជាតិថៃ ដែលជួញដូរគ្រឿងញៀន ជាប្រភេទម្សៅស ជាតិកូកាអ៊ីន ចំនួន ៣,៧គីឡូក្រាមខាងលើនេះ មានឈ្មោះ EHUMDEE VARAMKANA អាយុ៣០ឆ្នាំ កាន់លិខិតឆ្លងដែន លេខ ៤២៦៧១៥៥៩ ហើយធ្វើដំណើរ ពីប្រទេសអេក្វាឌ័រ មកកាន់ប្រទេសកម្ពុជា តាំងពីថ្ងៃទី០៦ ខែសីហា តាមជើងយន្តហោះ MI ៦០៨ សិង្ហបុរី-ភ្នំពេញ វេលាម៉ោង ១៧និង១៥នាទី។
មន្ត្រីនគរបាលអន្តោប្រវេសន៍រូបនេះ បានបន្តថា ដោយមានការសង្ស័យលើលិខិតឆ្លងដែន ទើបកម្លាំងសមត្ថកិច្ច កំណត់មុខសញ្ញាជនសង្ស័យរូបនេះ ប៉ុន្តែមិនទាន់រកឃើញ ភស្តុតាងណាមួយ នៅឡើយនោះទេ ដោយសារ តែវ៉ាលីដែលជនសង្ស័យលាក់ម្សៅស នៅទីនោះ មិនទាន់បានបញ្ជូន មកដល់ ពោលមានការយឺតយ៉ាវមួយថ្ងៃ។ ដូច្នេះ សមត្ថកិច្ចតម្រូវឲ្យជនសង្ស័យរូបនេះបំពេញឯកសារ និងសំណុំបែបបទ ដើម្បីទទួលយកវ៉ាលី របស់ខ្លួន ហើយបន្ទាប់មកវ៉ាលីរបស់ជនសង្ស័យ បានផ្ញើមកកាន់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ តាមជើងយន្តហោះ សិង្ហបុរី-ភ្នំពេញ វេលាម៉ោង ៦និង២៥នាទី ល្ងាចថ្ងៃទី០៧ ខែសីហា នេះ ។
បើយោងតាមមន្ត្រីនគរបាលអន្តោប្រវេសន៍រូបនេះ បានឲ្យដឹងទៀតថា កម្លាំងនគរបាលអន្តោប្រវេសន៍ បានសហការជាមួយសមត្ថកិច្ចគយ ដែលប្រចាំនៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ហើយនាំទៅឆែកក្នុងវ៉ាលី ក៏ប្រទះឃើញម្សៅស ជាប្រភេទកូកាអ៊ីន ចំនួន ៣,៧គីឡូក្រាម ដែលលាក់ទុក ក្នុងហោប៉ៅវ៉ាលី។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ទៀតថា ការវេចខ្ចប់ម្សៅសរបស់ជនសង្ស័យ មានលក្ខណៈ ទំនើបយ៉ាងខ្លាំង សូម្បីតែឧបករណ៍ X-RAY ក៏មិនអាចឆ្លុះឃើញដែរ ប៉ុន្តែដោយសារសមត្ថកិច្ចរបស់ កម្ពុជាមានជំនាញខ្ពស់ ក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនេះតែម្តងទៅ ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យជាជនជាតិថៃរូបនេះ រួមទាំងវត្ថុតាងត្រូវបានប្រគល់ទៅឲ្យកម្លាំង នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តទៀត។
ការឃាត់ខ្លួន ជនជួញដូរគ្រឿញៀនឆ្លងប្រទេសរូបនេះ ពីសំណាក់កម្លាំងសមត្ថកិច្ចកម្ពុជា គឺជាការ បង្ហាញឲ្យឃើញថា សមត្ថកិច្ចកម្ពុជាមានសមត្ថភាព និងជំនាញខ្ពស់ ក្នុងការបង្រ្កាបការជួញដូរ គ្រឿងញៀន ស្របតាមការចង់បានរបស់សមាគមអាស៊ាន គ្មានការជួញដូរគ្រឿងញៀនឆ្នាំ២០១៥។
បើយោងតាមមន្ត្រីនគរបាលប្រវេសន៍ ការឃាត់ខ្លួនជនជួញដូរគ្រឿងញៀន នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញខាងលើនេះ គឺជាករណីទី១ សម្រាប់ឆ្នាំ២០១២នេះ ៕