ខេត្តក្រចេះ ៖ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) សហការជាមួយអង្គការសកម្មភាព ដើម្បីសុខុមាលភាពស្រ្តីកម្ពុជា (KWWA) និង សមាគមសាមគ្គីអភិវឌ្ឍន៍ ASAD ប្រទេសអេស្ប៉ាញ បានរៀបចំពិធីសម្ពោធ ស្ថានីយ៍វិទ្យុផ្សាយបន្តទី៤ របស់វិទ្យុស្រ្តីអេហ្វអឹម ១០២ គឺ FM ១០០ MHz ខេត្ត ក្រចេះ និង កម្មវិធីវិទ្យុស្រ្តីសហគមន៍ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១៣ ខែសីហា នេះ បានឲ្យដឹងថា ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកស្រី ប៊ន សុភី អភិបាលរងខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់របស់អភិបាលខេត្តក្រចេះ លោក Carlos Villa Blanco ឯកអគ្គរាជទូត ប្រទេសអេស្ប៉ាញប្រចំាប្រទេសកម្ពុជា តំណាងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិអេស្ប៉ាញ AECID និង មានវត្តមានភ្ញៀវជាតិ និង អន្តរជាតិជាច្រើនរូបទៀត។
មណ្ឌលព័ត៌មានស្រ្តីកម្ពុជា មានស្ថានីយវិទ្យុផ្សាយបន្តចំនួន៣ នៅតាមបណ្តាខេត្តមួយចំនួន ៖ FM១០៤.២៥MHz នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ FM៩២.២៥MHz នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង និង FM៩៩.៧៥MHz នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ហើយនិងវិទ្យុ FM ១០០ MHz ជាស្ថានីយផ្សាយបន្តទី ៤ នៅក្រុងក្រចេះ ខេត្តក្រចេះ និង ជាវិទ្យុដំបូងគេដែលមានកម្មវិធីវិទ្យុសហគមន៍។
ក្រោមជំនួយថវិការបស់ទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិអេស្ប៉ាញ AECID វិទ្យុនេះមានគោលបំណង លើកកំពស់ការសិក្សាអប់រំ សុខភាពមាតា និង ទារកសង្គមវប្បធម៌ និងការអភិវឌ្ឍនានានៅក្នុងសហគមន៍ ដោយផ្តោតទៅលើទស្សនៈយេនឌ័រ៕