ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ មន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភំ្នពេញ បានផ្សព្វផ្សាយ សុវត្ថិភាពម្ហូបអាហារ និងបញ្ហាកង្វះជាតិអ៊ីយ៉ូដ នៅសាលាបឋមសិក្សា វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ។
លោក ខៀវ បញ្ញវឌ្ឍន៍ អនុប្រធានសាខា កាំកុងត្រូលផែស្ងួត ចុងទីភំ្នពេញបានបញ្ជាក់ថា ចំណុចសំខាន់នៃការផ្សព្វផ្សាយឲ្យសិស្សទទួល បាន ចំណេះ ដឹងទូទៅ អំពីសុវត្ថិភាពម្ហូបអាហារ ពីកសិដ្ឋានផលិត រហូតដល់តុបរិភោគ អោយសិស្សចេះធ្វើការ សំរេចចិត្តឲ្យ បានត្រឹមត្រូវក្នុងការ ជ្រើស រើសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ លក់ដូរប្រកបដោយសុវត្ថិភាព ឲ្យសិស្សស្គាល់តួនាទី របស់ខ្លួន ដែលជាអ្នកប្រើប្រាស់ ហើយផ្សព្វផ្សាយ ចំណេះ ដឹងដែលទទួលបានដល់មិត្តភ័ក្រ គ្រួសារ និងសហគមន៍ ដើម្បីរួមចំណែកទប់ស្កាត់ការ ចែកចាយម្ហូបអាហារ ដែលពុំមានសុវត្ថិភាព ក៏ដូចជាចំណេះដឹងបឋមពីច្បាប់ បទដ្ឋានគតិយុត្តិ ជុំវិញការ ផលិតចែកចាយ អាហារពុំមានសុវត្ថិភាព និងតួនាទីអ្នកប្រើប្រាស់ផងដែរ ។
លោក ហូយ វណ្ណថា អនុប្រធាន សាខាកាំកុងត្រូល ផែស្ងួតចុងទីភំ្នពេញ និងជាសមាជិកអនុគណៈកម្មការ លុបបំបាត់បញ្ហាកង្វះ ជាតិអ៊ីយ៉ូដបានឲ្យ ដឹងថា បើរាងកាយមនុស្សទទួលជាតិអ៊ីយ៉ូដពុំបានគ្រប់គ្រាន់ទេ រូបអ្នក និងគ្រួសាររបស់ លោកអ្នកជួបនឹងបញ្ហា លូតលាស់ខួរក្បាល ពុំបានល្អ និងនាំឲ្យពិការរាងកាយទៀតផង ។ ភាពពិការទាំងនេះរួមមាន គ ថ្លង់ ពកក និងអសមត្ថភាពរៀន សូត្រយ៉ាងធ្ងន់ធ្ងរ ដែលនាំឲ្យអ្នករៀនមិនពូកែ ។
លោកបញ្ជាក់ថា ការង្វះជាតិអ៊ីយ៉ូដ ក៏អាចនាំ ឲ្យស្រ្តីមានផ្ទៃពោះងាយ រលូតកូនឬនាំឲ្យទារក ស្លាប់ក្នុងផ្ទៃម្តាយទៀតផង ។
បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា មានប្រជាជន ប្រហែល ៨៣% បានប្រើប្រាស់អំបិល មានជាតិអ៊ីយ៉ូដ នៅពេលចំអិនអាហារ ៕