ក្រចេះ៖ ដោយមានការដឹកនាំ និងចង្អុលបង្ហាញពីលោក ព្រាប សុទ្ធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ កម្លាំងជំនាញផ្នែក រដ្ឋបាលព្រៃឈើក្រចេះ និងសង្កាត់ រដ្ឋបាលព្រៃឈើកន្ទួត រួមសហការជាមួយ កម្លាំងកង រាជអាវុធខេត្ត កាលពីថ្ងៃទី៨ វិច្ឆិកា បានចុះរុករកនិងចាប់ រឹបអូសឈើប្រណិតប្រភេទធ្នង់ បានចំនួនជាង ២០ដុំធំៗ ដែលឈ្មួញ បានដឹកចេញពីខេត្តមណ្ឌលគីរី មកលាក់ទុកក្នុងព្រៃសុំ ដឹកចេញបន្ត ។
ឈើប្រណិតប្រភេទធ្នង់ធំៗ ត្រូវបានកម្លាំងជំនាញធ្វើការបង្រ្កាបបាននៅក្នុង ព្រៃខាងក្រោយភូមិក្រសាំង ឃុំថ្មី ស្រុកចិត្របុរី ក្រោយពេលដែលឈ្មួញបានធ្វើការដឹកតាម រទេះគោក្របីមកលាក់ទុកនៅតាមព្រៃតែត្រូវបាន កម្លាំងជំនាញរុករកនិង ចាប់ឃាត់តែម្តង។
មន្រ្តីផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងថា ឈើដែលសមត្ថកិច្ចរុករកនិងចាប់ ឃាត់នៅក្នុងព្រៃនេះ គឺសុទ្ធសឹងជាឈើប្រណិតប្រភេទធ្នង់មានមុខកាត់ ធំៗនិងមានចំនួនជាង២០កំណាត់ ស្មើរនិងជាង៥ម៉ែត្រគូប។
ទោះបីជាយ៉ាងណា ក្នុងសកម្មភាពចាប់រឹបអូសឈើប្រណិតពីសំណាក់មន្រ្តីជំនាញ នាថ្ងៃនោះ សមត្ថកិច្ច ពុំបានចាប់ជនណាម្នាក់ជាម្ចាស់ឈើនោះទេ ដោយសមត្ថកិច្ច បញ្ជាក់ថា ឈើទាំងនេះ គឺពួកឈ្មួញ ដឹកយកមកលាក់ទុកក្នុងព្រៃដើម្បីដឹក យកទៅ លក់បន្តរនៅពេលឱកាសល្អផ្តល់អោយ។
លោកព្រាប សុទ្ធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានប្រាប់មជ្ឈមណ្ឌល ដើមអម្ពិលថា កម្លាំងជំនាញ និងនៅតែបន្ត តាមឃ្លាំមើល និងមានវិធានការបង្រ្កាបជាប្រចាំ បើទោះបីជាក្រុមឈ្មួញប្រើ រូបភាពស្មុគស្មាញ យ៉ាងណាក៏ដោយ។
លោកនាយផ្នែកបានបន្តថា នៅតំបន់នោះជាតំបន់ព្រៃនិងមានផ្លូវច្រើនទើបកន្លងមក ការចុះបង្រ្កាប របស់ សមត្ថកិច្ចជួបការលំបាកក្នុងការរុករក ចំពោះឈើទាំងអស់ដែល មន្រ្តីជំនាញចាប់រឹបអូសបាន គឺត្រូវបាន ជំនាញដឹកមករក្សារទុកនៅស្ថានីយ៍បណ្តុះ កូនឈើខ្សារ ដើម្បីចាត់វិធានការបន្ត៕