ភ្នំពេញៈ លោក ហួត សែម ដែលមហាជន និងប្រិយមិត្តទូទៅតែងតែ ឮសូរសំឡេង របស់គាត់ តាមរយៈការ អានព័ត៌មានថ្មីៗ ដកស្រង់ពី កាសែត នានា រៀងរាល់ព្រឹកក្នុងស្ថានីយវិទ្យុរាជធានីភ្នំពេញ FM 103 MHz បានដួលសន្លប់ធំ កាលពីវេលាម៉ោង ៦ និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១២ ខណៈដែលរូបលោកកំពុងតែអានព័ត៌មានផ្សាយផ្ទាល់ ក្នុងស្ទូឌីយោ វិទ្យុ៣ FM 103 MHz នៃកម្មវិធី "ដំណឹងពេលព្រឹក"។
ប្រភពព័ត៌មានពីក្រុមការងារ ដែលនៅក្នុងហេតុការណ៍នោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ជា រៀងរាល់ព្រឹក លោក ហួត សែម តែងតែអានព័ត៌មាន ផ្សាយជូនដល់ ប្រិយមិត្តអ្នកស្ដាប់ ដូចសព្វមួយដង ប៉ុន្តែនៅព្រឹកថ្ងៃទី៩ វិច្ឆិកា នេះ ពេលលោកកំពុង អានព័ត៌មាន ក្នុងចន្លោះ ពេល កំពុងចាក់ស្ពតពាណិជ្ជកម្ម លោក ហួត សែម បានដើរចូលទៅកាន់បន្ទប់ទឹក ក្នុងបំណងបទជើងតូច ពេលនោះស្រាប់តែលោក មានអាការៈ ងងឹតមុខ ដួលជ្រុបក្នុងបន្ទប់ទឹក នឹងបានស្រែកហៅឲ្យអ្នក នៅក្បែនោះជួយ បានតែ២-៣មាត់តែប៉ុណ្ណោះ ក៏សន្លប់ស្តូកស្តឹងតែម្តង ហើយត្រូវបានក្រុម ការងារផ្តល់ដំណឹងទៅគ្រួសារ និងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រជាបន្ទាន់។
បើតាមការឲ្យដឹងពីអ្នកស្រី លុក វាសនា ភរិយាលោក ហួត សែម បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅមុននេះបន្តិចថា រហូតមកដល់ ពេល នេះស្វាមី របស់គាត់ នៅមិនទាន់ដឹងខ្លួននៅឡើយទេ និងស្ថិតក្នុងបន្ទប់ សង្គ្រោះបន្ទាន់ ដោយមានប្រព័ន្ធ អុកស៊ីសែនដាក់ជំនួយ ហើយគ្រូពេទ្យ បាន ប្រាប់អ្នកស្រីថា លោក ហួត សែម អាចដាក់សរសៃ ឈាមខួរក្បាល ដោយរង់ចាំរយៈពេល ២៤ម៉ោង ទើបអាចសន្និដ្ឋាន ពីអាការៈជំងឺជាផ្លូវការ ថា មានលក្ខណៈ ធ្ងន់ធ្ងរកម្រិតណា ប្រសិនបើរូបគាត់នៅ តែមិនទាន់ដឹងខ្លួន ។
អ្នកស្រី បានបន្តទៀតថា កន្លងមកស្វាមីរបស់គាត់មានអាការជំងឺលើសឈាម ដែលបានធ្វើទុក្ខក្នុងខ្លួន រយៈពេល៤ទៅ ៥ថ្ងៃមកហើយ តែមិនដល់ ថ្នាក់ ធ្ងន់ធ្ងរដួលសន្លប់ ដូចពេលនេះទេ ពោលគាត់អាចបំពេញ ការងារជាធម្មតាបាន។ តែពេលនេះ លោក ហួត សែម មានស្ថានភាពធ្ងន់ធ្ងរ រហូត ដល់ ថ្នាក់ដួល សន្លប់មិនដឹងខ្លួន ធ្វើឲ្យក្រុមគ្រួសារ ក៏ដូចជាក្រុមការងារ មានការព្រួយបារម្ភយ៉ាងខ្លាំង ៕