ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ថា រថក្រោះដែលកម្ពុជា បានទិញកាលពី ពេលថ្មីៗនេះ គឺដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជាប៉ុណ្ណោះ មិនមែនយកទៅឈ្លានពាន ឬធ្វើសង្គ្រាមជាមួយនឹងប្រទេសណាមួយនោះទេ។ ការថ្លែងយ៉ាងដូច្នោះ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចបានអញ្ជើញ ទៅចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៅខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា “ប្រទេសណាក៏គេមានសម្ភារៈ សព្វាវុធ ដើម្បីពង្រឹងវិស័យការពារជាតិរបស់គេដែរ ហើយរថក្រោះ ដែលកម្ពុជាបានទិញកាលពីពេលថ្មីៗ កន្លងទៅនេះ គឺដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជាប៉ុណ្ណោះ មិនបានទិញយកមក សម្រាប់ធ្វើសង្គ្រាមឈ្លាន ពានជាមួយប្រទេសណានោះទេ ប៉ុន្តែបើគ្មានអាវុធសោះក្នុងដៃ គឺវាមិនកើតនោះទេ”។
យ៉ាងណាក៏ដោយ សម្តេចតេជោ មិនបានបញ្ជាក់ថា រថក្រោះទាំងនេះ ទិញយកមកពីប្រទេសណានោះឡើយ ព្រោះនេះជាអាថ៌កំបាំងខាងផ្នែកយោធា ហើយខាង ប្រទេសដែលបានលក់ឲ្យ ក៏គេត្រូវការរក្សានូវអាថ៌កំបាំងផ្ទាល់ខ្លួនដែរ ហើយប្រទេសទាំងអស់ នៅលើពិភពលោក មិនទាន់មានប្រទេសណាមួយ ដែលថា គ្មានកាំភ្លើងនោះទេ។
សូមជ្រាបថា កម្ពុជាកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ បានទិញរថក្រោះ និងរថពាសដែកជិត២០០គ្រឿង ពីប្រទេសអឺរ៉ុបខាងកើត ដែលត្រូវចំណាយ ថវិកាអស់ជាច្រើន ។
កាលពីកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យប្រទេសកម្ពុជា ខ្ចីលុយជិត១០០លានដុល្លារអាមេរិក ដើម្បីទិញនូវឧទ្ធម្ភាចក្រការពារ ភេរវកម្ម និងការពារប្រទេស៕