Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តុលាការកំពូល នៃសាលាក្តី ខ្មែរក្រហម នឹងបើកសវនាការ លើបណ្តឹងសាទុក្ខ ករណី អៀង ធីរិទ្ធ នៅថ្ងៃទី១៣

$
0
0

ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូលនៃ សាលាក្តីខ្មែរក្រហម(អ.វ.ត.ក.) នឹងបើកសវនាការមួយនៅថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ដើម្បីស្តាប់ការវែកញែក ដោយផ្ទាល់មាត់ទាក់ទង នឹងបណ្តឹងសាទុក្ខ របស់សហព្រះរាជអាជ្ញា លើលក្ខខណ្ឌនៃការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ។

លោកស្រី អៀង ធីរិទ្ធ ដែលត្រូវបាន ប្រធានអង្គជំនុំជម្រះតុលាការកំពូល សម្រេចដោះលែង ឲ្យនៅក្រៅឃុំ ជាមួយនឹងលក្ខខណ្ឌបណ្តោះអាសន្ន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២កន្លងទៅ ដោយអង្គជំនុំជម្រះយល់ឃើញថា ពុំមានភាពចាំបាច់ ក្នុងការឃុំខ្លួនគាត់បន្តទៀត នៅអំឡុងពេលនៃការដោះស្រាយបណ្តឹងសាទុក្ខ។ នេះបើតាមការបញ្ជាក់ឲ្យដឹង របស់មន្ត្រីនាំពាក្យ របស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី១២ វិច្ឆិកា ២០១២។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា សវនាការរបស់អង្គជំនុំជម្រះតុលាការកំពូល នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១២ នឹងផ្តោតលើការ ទាមទារ របស់សហព្រះរាជអាជ្ញាដែលថា ការដោះលែងជនជាប់ចោទ ត្រូវតែធ្វើឡើងដោយភ្ជាប់នឹងលក្ខខណ្ឌ ខណៈក្រុមមេធាវីការពារក្តីរបស់ជនជាប់ចោទ អៀង ធីរិទ្ធ ស្នើឲ្យមានការដោះលែង ដោយគ្មានលក្ខខណ្ឌ។

លោកបន្តទៀតថា “សវនាការនេះ គឺដើម្បីពិភាក្សាថា តើលក្ខខណ្ឌអ្វីខ្លះ ដែលត្រូវដាក់ឲ្យអនុវត្ត ចំពោះការដោះលែងជនជាប់ចោទ ហើយសវនាការនេះមិនមែន ជាសវនាការ ដើម្បីពិនិត្យឡើងវិញ ពីបញ្ហាសមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មារតីនៅក្នុងការចូលរួមសវនាការ របស់ជនជាប់ចោទទេ ហើយក៏មិនមែនជា សវនាការ ដែលទាក់ទងនឹងការដោះលែងគាត់ ចេញពីមន្ទីរឃុំឃាំងដែរ”។

លោក នេត្រ ភក្ត្រា បានរម្លឹកថា នៅក្នុងបណ្តឹងសាទុក្ខរបស់ខ្លួន សហព្រះរាជអាជ្ញា បានដាក់ស្នើលក្ខខណ្ឌដូចតទៅ៖

(១).ត្រូវស្នាក់នៅក្នុងលំនៅឋាន ជាក់លាក់មួយ ដែលសហមេធាវីការពារក្ដី របស់គាត់ត្រូវប្រាប់ពីអាសយដ្ឋាន។

(២).ត្រូវបង្ហាញខ្លួនមួយសប្ដាហ៍ម្ដង ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច ឬមន្ត្រីផ្លូវការដែលចាត់តាំងដោយអង្គជំនុំជម្រះសាលាដំបូង ធ្វើការត្រួតពិនិត្យពីសុវត្ថិភាព។

(៣).ត្រូវឲ្យគាត់ប្រគល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណរបស់គាត់។

(៤).មិនត្រូវទាក់ទងដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដី ជាមួយសហជនជាប់ចោទដទៃទៀត (លើកលែងតែស្វាមីរបស់គាត់គឺ អៀង សារី)។

(៥). មិនត្រូវទំនាក់ទំនងដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដី ជាមួយសាក្សី អ្នកជំនាញ ឬជនរងគ្រោះណាមួយក៏ដោយ ដែលអង្គជំនុំជម្រះសាលាដំបូង បានស្នើ សុំស្ដាប់ចម្លើយ ហើយមិនត្រូវជ្រៀតជ្រែកចូល ក្នុងកិច្ចការរដ្ឋបាលរបស់តុលាការ ហើយនិង (៦).ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ ដោយអ្នក អនុវត្តផ្នែកវេជ្ជសាស្ត្រ ដែលអង្គជំនុំជម្រះសាលាដំបូង បានចាត់តាំងរៀងរាល់ប្រាំមួយខែម្តង។

គួររម្លឹកថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ អង្គជំនុំជម្រះសាលាដំបូង បានអះអាងថា អៀង ធីរិទ្ធ នៅតែពុំមានសមត្ថភាពខាងបញ្ញាស្មារតី គ្រប់គ្រាន់ក្នុងការចូលរួម សវនាការ ដោយសារតែលោកស្រីមានជំងឺវង្វេងវង្វាន់ និងភ្លេចការចងចាំវិវត្ត ពីមធ្យមទៅជាធ្ងន់ធ្ងរ ដែលអាចជាជំងឺអាល់ហ្សៃមឺ។ ដោយសារតែមិនមានមូលដ្ឋានច្បាប់ ក្នុងការបន្តឃុំខ្លួនគាត់ បណ្តោះអាសន្នតទៅទៀតទេ អង្គជំនុំជម្រះសាលាដំបូង បានចេញសេចក្តីសម្រេចដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ជាបន្ទាន់ដោយភ្ជាប់ នូវវិធានការមួយចំនួន។ ការសម្រេចនេះធ្វើឡើងដូចគ្នានឹងការសម្រេច កាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១១ ដែលនៅពេលនោះ អង្គជំនុំជម្រះសាលាដំបូង បានរក ឃើញថា អៀង ធីរិទ្ធមិនមានកាយសម្បទាគ្រប់គ្រាន់ ក្នុងការចូលរួមសវនាការ។

អង្គជំនុំជម្រះបានធ្វើសេចក្តីសន្និដ្ឋានថា ដោយសារតែការបាត់ការចងចាំ របស់លោកស្រី អៀង ធីរិទ្ធ ក្នុងរយៈពេលខ្លី និងរយៈពេលវែង អៀង ធីរិទ្ធ មិនអាចមាន លទ្ធភាពយល់ ឲ្យបានគ្រប់គ្រាន់នូវដំណើរការនីតិវិធី មិនអាច ឲ្យគាត់ណែនាំទៅមេធាវីរបស់គាត់ ឲ្យបានត្រឹមត្រូវ ហើយវាធ្វើឲ្យប៉ះពាល់ដល់គាត់ ក្នុងការ ការពារក្តីរបស់ខ្លួនគាត់ផ្ទាល់។ អង្គជំនុំជម្រះសាលាដំបូង ក៏បានកត់សម្គាល់ផងដែរថា ដោយសារតែលក្ខខណ្ឌវេជ្ជសាស្ត្ររបស់ អៀង ធីរិទ្ធ វាបានបង្ហាញថា វាទំនងជាមិនអាចថា គាត់អាចនឹងឡើងផ្តល់សក្ខីកម្ម នៅក្នុងការជំនុំជម្រះក្តីបានទេ។

ទោះបីជាសហព្រះរាជអាជ្ញា បានយល់ស្របជាមួយអង្គជំនុំ ជម្រះសាលដំបូងថា អៀង ធីរិទ្ធ គួរតែត្រូវបាន ដោះលែង ប៉ុន្តែសហព្រះរាជអាជ្ញា បានទាមទារភ្ជាប់ លក្ខខណ្ឌមួយចំនួន ជាមួយការដោះលែង ដូចជា តម្រូវឲ្យគាត់ប្រគល់លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ និងត្រូវត្រៀមខ្លួនជានិច្ច សម្រាប់ការត្រូតពិនិត្យ សន្តិសុខប្រចាំសបា្តហ៍។ ក្នុងន័យនេះហើយ សហព្រះរាជអាជ្ញាបានប្តឹងសាទុក្ខ ចំពោះការសម្រេចដោះលែង ជនជាប់ចោទ អៀង ធីរិទ្ធ ដោយគ្មានលក្ខខណ្ឌ និងបានស្នើសុំ ទៅប្រធានអង្គជំនុំជម្រះ តុលាការកំពូល ត្រូវផ្អាកសេចក្តីសម្រេច ដោះលែងជនជាប់ចោទ របស់អង្គជំនុំជម្រះសាលាដំបូង។

ដោយសារតែការដោះលែងនេះ មិនត្រូវបានជំទាស់ ប្រធានអង្គជំនុំជម្រះតុលាការកំពូល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ បានរកឃើញថា វាមិនមានភាពចាំបាច់ ក្នុងការឃុំខ្លួនជនជាប់ចោទ ខណៈដែលការ សម្រេចលើបណ្តឹងសាទុក្ខកំពុងតែដំណើរការ។ ការដោះលែងនេះ ធ្វើឡើងដោយភ្ជាប់នូវលក្ខខណ្ឌ បណ្តោះអាសន្នមួយ ចំនួន ដែល អៀង ធីរិទ្ធ ១-ត្រូវជូនដំណឹងអំពីអាសយដ្ឋាន ស្នាក់នៅទៅអង្គជំនុំជម្រះ និងស្វែងរកការអនុញ្ញាត មុននឹងផ្លាស់ប្តូរអាសយដ្ឋាន ២-ត្រូវប្រគល់លិខិតឆ្លង ដែន និងត្រូវស្ថិតនៅក្នុងប្រទេស ៣-ត្រូវឆ្លើយតបទៅនឹងការកោះហៅ ដែលចេញដោយតុលាការ។ បន្ថែមពីលើនេះ អៀង ធីរិទ្ធ ត្រូវបានរម្លឹកថា គាត់មិនត្រូវជ្រៀត ជ្រែកលើកិច្ចការរដ្ឋបាល របស់តុលាការឡើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles