ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា នេះធនាគាជប៉ុន ម៉ារ៉ូហាន់ បានប្រារព្ធពិធីចុះហត្ថលេខា លើកម្មវិធីរត់ប្រណាំងសប្បាយៗ របស់ម៉ារ៉ូហាន់ ធនាគាជប៉ុន ដើម្បីជំនួយដល់អង្គការ PSE នៅភោជនីយដ្ឋាន ឡូទូប្លង់ នារាជធានីភ្នំពេញ។
នាយក និងជាអ្នកគ្រប់គ្រងទូទៅ របស់ធានាគា ម៉ារ៉ូហាន់ លោក អូនីស៊ី ស៊ីហ៊្សូ មានប្រសាសន៍ក្នុងពិធីនោះថា ចាប់តាំងពីឆ្នាំ២០០៨មក យើងមានមោទនភាពយ៉ាងខ្លាំង ដែលបានផ្តល់ជូនជាស្រេច ទាំងជំនួយហិរញ្ញវត្ថុ និងជំនួយជារបស់ដល់គម្រោងកម្ពុជា។
មកទល់នឹងពេលនេះ ជំនួយទាំងអស់នោះរួមមាន ការឧបត្ថម្ភដល់កម្មវិធីកីឡា របស់អង្គការ PSE ដែលផ្តល់ឱកាស ដល់កុមារមកពីគ្រួសារក្រីក្រខ្លាំង អ្នករស់នៅក្បែរ គំនរសំរាមក្នុងទីក្រុង ឬធ្វើការជាអ្នករើសសំរាម ឲ្យបានចូលរួមលេង។
លោកមានប្រសាសន៍បន្តថា មូលនិធិដែលរកបានពី កម្មវិធីរត់កំសាន្តនេះ នឹងគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ របស់អង្គការ PSE ដែលផ្តល់ដល់សិស្សានុសិស្ស ក្រីក្រ នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យមានគុណភាពខ្ពស់ ដោយរៀបចំសម្រាប់ពួកគេ ដើម្បីបំពេញតម្រូវការ ទីផ្សារការងារ និងជួយពួកគេក្នុងការស្វែងរកការងារធ្វើ។ លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះមានសិស្សានុសិស្ស ១៥០០នាក់ បានចុះឈ្មោះចូលរៀន នៅក្នុងសាលា PSE ទាំង៨។
សាលាទាំងនេះផ្តល់ជូន ៣០មុខវិជ្ជា ទាក់ទងផ្នែកសណ្ឋាគា និងការរៀបចំម្ហូបអាហារ រហូតដល់ផលិតកម្មសំឡេង និងរូបភាព។ សិស្សានុសិស្សចំនួន៣០០នាក់ បានបញ្ចប់ការសិក្សា ហើយ៩៨ភាគរយ នៃសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សានេះ បានចូលទៅក្នុងការងារ។
ចាប់តាំងពីឆ្នាំ១៩៩៥មក អង្គការ PSE បានធ្វើការផ្តល់អាហារជំរក តំហែរក្សាសុខភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈ ទៅដល់កុមាររងគ្រោះ ក៏ដូចជាកុមារ ដែលមិនមានឱកាស ទទួលយកចំណេះដឹងលើសពី ៦៥០០នាក់ ជួយឧបត្ថមសិស្សប្រហែល ៣០០០ នាក់ នៅតាមសាលារដ្ឋនានា ១៥០០នាក់ ក្នុងកម្មវិធីថ្នាក់ពន្លឿន និង១៥០០នាក់ទៀត ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ៕