Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ខ្វែងគំនិតគ្នា ក្រោយលេចមុខ អ្នកនិពន្ធ វ៉ោយ ហូ តាមកញ្ចក់ ទូរទស្សន៍

$
0
0

-អ្នករៀបចំកម្មវិធី មរតកសំនៀង ៖ ភាគច្រើន ខ្ញុំជឿថា លោកវ៉ោយ ហូ តែ ម្ចាស់សៀវភៅ មាសស្រោបនគរ អះអាង ថា ៩៩ភាគរយមិនជឿ

ភ្នំពេញ ៖ លោក វ៉ោយ ហូ ដែលគេស្គាល់ថា ជាអ្នកនិពន្ធបទចម្រៀង បានច្រើនបទជាងគេ ហើយភាគច្រើនជាបទល្បីៗ កាលពីទសវត្សទី៦០ និង៧០ ហើយបាត់ខ្លួននៅសម័យ ប៉ុល ពត ដោយមតិភាគច្រើនគេអះអាងថាលោកស្លាប់នោះ ស្រាប់តែឥឡូវបែរជាលេចបុរសម្នាក់ ដែលមាន អាយុខ្ទង់ ៦០ឆ្នាំ បានចេញមុខ មកអះអាងថា ខ្លួនគឺជា វ៉ោយ ហូ ធ្វើឱ្យមានការភ្ញាក់ផ្អើល នៅក្នុងមជ្ឈដ្ឋាន ដែលធ្លាប់ស្គាល់និងគាំទ្ររូបលោក តាំងពីដើមរៀងមក។ ប៉ុន្ដែខណៈដែលលេចមុខ បុរសវ័យចំណាស់ មកធ្វើការអះអាងថា ខ្លួនគឺជា វ៉ោយ ហូ អ្នកនិពន្ធបទចម្រៀងល្បីល្បាញ តាំងពីដើមមកនោះ បានធ្វើឱ្យមតិភាគច្រើនខ្វែងគំនិតគ្នា នៅក្នុងដំណឹងដ៏ ភ្ញាក់ផ្អើលនេះ ដោយអ្នកខ្លះបានជឿថា បុរសវ័យចំណាស់ដែលលេច មុខខាងលើ គឺពិតជាលោក វ៉ោយ ហូ ពិតប្រាកដ តែអ្នកខ្លះទៀតមិនជឿ រហូតមកដល់ថ្ងៃនេះ សំណួរនៃការខ្វែងគំនិតគ្នា ខាងលើនេះ គេនៅមិនទាន់រកឃើញចម្លើយតែមួយពិតប្រាកដថា បុរសវ័យចំណាស់ខាងលើនេះ ពិតជា វ៉ោយ ហូ ពិតប្រាកដ ឬក៏ជា មនុស្សក្លែងបន្លំនៅ ឡើយនោះទេ។

សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃសៅរ៍ ចុងសបា្ដហ៍កន្លងទៅ នៅក្នុងកម្មវិធី មរតកសំនៀង របស់ស្ថានីយទូរទស្សន៍ អប្សរា ដែលមានលោក ប៉ាន់ ខែមប៊ុនថន ជាអ្នក រៀបចំ បានធ្វើឱ្យមានការភ្ញាក់ផ្អើល នៅក្នុងចំណោមអ្នកទស្សនា ដោយសារតែអ្នករៀបចំកម្មវិធី បានធ្វើការសម្ភាសន៍ជា មួយបុរសវ័យចំណាស់ម្នាក់ ដែលមានអាយុខ្ទង់ប្រមាណ ៦០ឆ្នាំ មានដៅមុខមួយចំហៀង ដោយបុរសខាងលើនេះ អះអាងថា ខ្លួនឈ្មោះ វ៉ោយ ហូ គឺជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីល្បាញ កាលពីសម័យ ទសវត្ស៦០និង៧០។

នៅក្នុងកិច្ចសម្ភាសន៍ បុរសវ័យចំណាស់ខាងលើ បានធ្វើ ការរៀបរាប់ពីជីវិតរបស់ខ្លួន រួមទាំងមានសាក្សីមួយចំនួន ធ្វើការអះអាង សបញ្ជាក់ឱ្យឃើញថា រូបគាត់គឺពិត ជាអ្នកនិពន្ធ វ៉ោយ ហូ ពិតប្រាកដ មែន ។ ប៉ុន្ដែក្រោយពីទូរទស្សន៍អប្សរា ចាក់ផ្សាយនូវកម្មវិធីមរតកសំនៀង នៃកិច្ចសម្ភាសន៍ខាងលើនេះ មានមជ្ឈដ្ឋានមួយចំនួន បានចេញមុខ ធ្វើការអះអាងថា បុរសរូបនោះមិនមែនជាលោក វ៉ោយ ហូ នោះឡើយ គឺជាមនុស្សក្លែងក្លាយ មកអះអាងថាខ្លួនជា វ៉ោយ ហូ ក្នុងបំណងចង់ ល្បីឈ្មោះ និងចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ពាក់ព័ន្ធទៅនឹងការប្រតិកម្មខាងលើនេះ លោក ប៊ូ ប៊ុនធួន ជាប្រជាពរដ្ឋរស់នៅភូមិក្អម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល បានអះអាងប្រាប់ ដើមអម្ពិល តាមទូរស័ព្ទថា បុរសដែលប៉ុស្ដិ៍ទូរទស្សន៍អប្សរា ចាក់ផ្សាយនោះ មិនមែនជាលោក វ៉ោយ ហូ នោះទេ គឺរូបគាត់គេហៅ តាព្រលឹត មានអាយុខ្ទង់ ៥០ឆ្នាំ ជាអ្នករស់ នៅក្នុងភូមិក្អម ឃុំឫស្សីជ្រោយជាមួយគាត់ ហើយពីមុនមកមានមុខរបរ ជាអ្នកជួសជុលម៉ាញ៉េ ទូរទស្សន៍នៅម្ដុំស្ពាន ព្រែកតាម៉ាក់ កាលអំឡុងឆ្នាំ១៩៩១ ដល់១៩៩៧ ហើយស្នាមដៅនៅលើផ្ទៃមុខគាត់មួយចំហៀងនោះ គឺមានតាំងពីកំណើតមកម្ល៉េះ ។

លោក ប៊ូ ប៊ុនធួន បានបន្ដថា តាព្រលឹត ពីដើមឡើយ គាត់រស់នៅក្នុងភូមិក្អមនេះ ដោយមានប្រពន្ធនិងកូន២នាក់ តែក្រោយមកដោយសារមាន ជម្លោះលែងលះគ្នា តាព្រលឹត ក៏បានយកប្រពន្ធថ្មី ហើយទៅរស់នៅលើទឹកដីខេត្ដបាត់ដំបងរហូតមក ដែលប្រពន្ធដើមនៅរស់រហូតដល់សព្វថ្ងៃ ។

ជាការប្រតិកម្ម ទៅនឹងការអះអាងខាងលើនេះដែរ អ្នកនិពន្ធវ័យក្មេង សេង តារា ដែលជាអ្នកនិពន្ធ និងធ្វើការស្រាវជ្រាវពីប្រវត្ដិបទចម្រៀង ប្រវត្ដិអ្នកសិល្បៈ ហើយ ជាម្ចាស់សៀវភៅ មាសស្រោបនគរ ដែលសៀវភៅនេះ និយាយពាក់ព័ន្ធទៅនឹងអ្នកសិល្បៈ សម័យមុនៗនោះ បានធ្វើ ការអះអាងប្រាប់ដើមអម្ពិលថា ៩៩ភាគរយ លោកមិនជឿថា បុរសវ័យចំណាស់ ដែលឡើងសម្ភាសន៍នៅប៉ុស្ដិ៍ទូរទស្សន៍អប្សរានោះ គឺជាលោក វ៉ោយ ហូ នោះឡើយ ដោយលោកជឿតែ១ភាគរយប៉ុណ្ណោះ ។

លោក សេង តារា បានអះអាងបន្ដទៀតថា មុនបុរសវ័យចំណាស់ខាងលើឡើង សម្ភាសន៍នៅទូរទស្សន៍អប្សរា អះអាងថាខ្លួនជា វ៉ោយ ហូ នោះ គឺរូបគាត់ធ្លាប់ទំនាក់ ទំនងមករូបលោក ដើម្បីផ្ដល់កិច្ចសម្ភាសន៍ ថារូបគាត់ជា វ៉ោយ ហូ តែដោយសារលោកមិនជឿ ទើបលោកមិនបានធ្វើការសម្ភាសន៍ និងចុះផ្សាយនោះឡើយ។

លោក សេង តារា បានអះអាងថា ខណៈ ដែលបុរសវ័យចំណាស់ខាងលើ មកទាក់ទងរូបលោក ដើម្បីផ្ដល់បទសម្ភាសន៍នោះ គឺលោកបានទាក់ទងទៅលោក អ៊ុំ តារា ដែលជាអ្នកនិពន្ធ ជំនាន់លោក វ៉ោយ ហូ , លោក ហេ ជុនស៊ិ អ្នករត់ការបទចម្រៀង និងលោក ប៉ិល សំអ៊ុន អ្នកវាយស្គរ ដែលធ្លាប់លេងភ្លេង ធ្វើការជាប់ជា មួយលោក វ៉ោយ ហូ មកជួប ដើម្បីពិនិត្យមើល តែត្រូវបានពួកគាត់ធ្វើការបដិសេធ ថាមិនមែននោះទេ ។

លោក សេង តារា បានលើកយក អំណឹះអំណាង យោងតាមសាក្សីបានបញ្ជាក់ថា លោក វ៉ោយ ហូ និងភរិយារបស់គាត់ គឺជាតារាសម្ដែង អ្នកស្រី ចោម ច័ន្ទ បាន ទទួលមរណភាព កាលពីសម័យខ្មែរក្រហម នៅក្នុងខេត្ដកំពង់ឆ្នាំង ខណៈសម័យនោះ លោកបានស្កាត់ទៅរកជួបលោក ខៀវ សំផន និងលោក សុន សេន ដែលជា គ្រូបង្រៀនរបស់គាត់ ហើយក៏ត្រូវបានពួកខ្មែរក្រហមដឹង ចាប់យកទៅសម្លាប់ចោលតែម្ដងទៅ សូម្បីតែក្មួយរបស់គាត់ ដែលរស់នៅ សហរដ្ឋអាមេរិក ក៏អះអាងថា លោក វ៉ោយ ហូ ស្លាប់បាត់ដែរ ហើយអ្វីដែលកាន់តែធ្វើឱ្យគេមិនជឿនោះ បើគាត់ពិតជាលោក វ៉ោយ ហូ មែន ម្ល៉េះក្រោយរបបខ្មែរក្រហមដួលរលំ គាត់ចេញមុខមក ធ្វើការអះអាងថា រូបគាត់ជាអ្នកនិពន្ធ វ៉ោយ ហូ បាត់ទៅហើយ ហើយបើទោះជាសម័យ រដ្ឋកម្ពុជា គាត់មិនហ៊ានបង្ហាញខ្លួន ដោយសារភ័យខ្លាច នៅក្រោយសម័យ បោះឆ្នោត ដែលប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យរហូតមក នោះ គឺគាត់គួរតែបង្ហាញខ្លួន ដើម្បីបញ្ជាក់ការពិត មិនមែនលាក់ប្រវត្ដិខ្លួនឯងជាង៣០ឆ្នាំ ទើប មកបង្ហាញខ្លួននៅពេលនេះនោះទេ ។

ដោយឡែកបើយោងតាមសៀវភៅ មាសស្រោបនគរ ភាគទី៥ របស់លោក សេង តារា បានបង្ហាញឱ្យដឹងថា លោក វ៉ោយ ហូ គឺជាអ្នកនិពន្ធ បទចម្រៀង ដែលល្បី ល្បាញ និងនិពន្ធបទចម្រៀងបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ១១៤បទឯណោះ ដែលបទភាគច្រើន ច្រៀង ដោយលោក ស៊ិន ស៊ីសាមុត, អ្នកស្រី រស់ សេរីសុទ្ធា និងអ្នកស្រី ប៉ែន រ៉ន ជាដើម ក្នុងនោះបទល្បីៗដែលលោកនិពន្ធដូចជាបទ ស្រីដែលខ្ញុំស្អប់ (២០ឆ្នាំក្នុងគុក), បទ ដីកានាំខ្លួន, បទ ដាវី ដាវី, បទ យប់ ១២កើត ជាដើម ។

ពាក់ព័ន្ធទៅនឹងប្រតិកម្មខាងលើនេះ លោកប៉ាន់ ខែមប៊ុនថន ជាអ្នកយកបុរសវ័យចំណាស់ ដែលអះអាងថាខ្លួនជា វ៉ោយ ហូ ទៅសម្ភាសន៍ចាក់ ផ្សាយខាងលើនេះ បានអះអាងប្រាប់ដើមអម្ពិល តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកាថា លោកនៅតែមានជំនឿថា បុរសវ័យចំណាស់ខាងលើ ជាលោក វ៉ោយ ហូ ពិតប្រាកដ ទោះបីជារូបលោកជាអ្នកស្រាវជ្រាវជំនាន់ក្រោយ កើតមិនទាន់ជំនាន់លោក វ៉ោយ ហូ ក៏ដោយ ក៏លោកជឿច្រើនជាងមិនជឿ។

លោក ប៊ុនថន បានលើកយកអំណឹះអំណាង មកបញ្ជាក់ថា មានសាក្សីជាច្រើន បានទទួលស្គាល់ ថា បុរសខាងលើនេះ គឺពិតជាលោក វ៉ោយ ហូ ដោយក្នុងនោះ សាក្សីរួមមាន ដូចជា កវីនិពន្ធ ញ៉េប ជាបឡេង ដែលជាអ្នកនិពន្ធជំនាន់លោក វ៉ោយ ហូ ហើយភាគច្រើននិពន្ធប្រឡោមលោកឱ្យអ្នកស្រី ហ៊ុយ មាស និយាយ, អ្នកស្រី ដុំ សុផានី ភរិយាអ្នកនិពន្ធ ស្វាយ សំអឿ ហើយក៏ជា អ្នកធ្វើមេអណ្ដើកឱ្យលោក វ៉ោយ ហូ និងអ្នកស្រី ចោម ចន្ទ បានគ្នាជាប្ដីប្រពន្ធ, អ្នកស្រី រស់ សំបឿន ជាបងស្រី របស់តារាចម្រៀងល្បី អ្នកស្រី រស់ សេរីសុទ្ធា រួមទាំងកវីអ្នកចម្រៀង វ័រ សារុន ជាដើម គឺបានមកជួបមុខគ្នា នៅស្ថានីយទូរទស្សន៍អប្សរា ហើយពិភាក្សាគ្នារំលឹក រឿងដើម សុទ្ធតែអះអាងថា ពិតជាលោក វ៉ោយ ហូ ប្រាកដមែន ហើយសូម្បីតែឧកញ៉ា ថៃ សេងឡុង ដែលជាមិត្ដរួមថ្នាក់ជាមួយលោក វ៉ោយ ហូ ក៏បាន អះអាងថា ពិតជាលោក វ៉ោយ ហូ ប្រាកដមែន ព្រមទាំងលោកឧកញ៉ាហៅទៅពិសាអាហារជាមួយគ្នា ហើយឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ថែមទៀត ។

លោក ប៊ុនថន ក៏អះអាងបន្ថែមថា សាក្សីម្នាក់នៅខេត្ដកំពង់ធំ ដែលចង់ដឹងការពិត បានទូរស័ព្ទទៅសាកសួរពីប្រវត្ដិ ហើយទទួល ស្គាល់ថា បុរសខាងលើនេះ ពិតជា លោក វ៉ោយ ហូ ព្រោះដឹងប្រវត្ដិផ្ទាល់ខ្លួន ដោយលោក វ៉ោយ ហូ ធ្លាប់មានប្រពន្ធទី១ ឈ្មោះ បុស្បា មានកូនម្នាក់ ឈ្មោះ វ៉ោយហូ ស្ទឹងដា  ដោយឈ្មោះកូននេះ លោក យកឈ្មោះតាមលំនាំស្ទឹងមួយ នៅខេត្ដកំពង់ធំ ជាទីដែលលោកបានចាប់ចិត្ដ ស្រឡាញ់ភរិយាទី១នៅទីនោះ ដោយសារតែស្ទឹងគ្មានទឹក ហើយផុសចេញថ្មដាពីបាតស្ទឹង ទើបលោកសម្រេចដាក់ឈ្មោះកូន ស្ទឹងដា តែម្ដងទៅ។ មិនតែប៉ុណ្ណោះ នៅក្នុងប្រវត្ដិរូប សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណជាដើម ក៏លោកប្រើឈ្មោះ វ៉ោយ ហូ ដែរ ដែលជាតឹកតាង។

ប៉ុន្ដែចុងក្រោយ លោក ប៉ាន់ ខែមប៊ុនថន បានបញ្ជាក់ថា ដើម្បីរកឱ្យឃើញ្ញការពិត លោកនឹងបន្ដធ្វើការស្រាវជ្រាវ និងស្វែងរកសាក្សីដើម្បី បញ្ជាក់ឱ្យបានច្បាស់បន្ថែមទៀត ដោយលោកគ្រោងនឹងធ្វើដំណើរ ទៅកាន់ខេត្ដបាត់ដំបងសាជាថ្មី ដើម្បីស្រាវជ្រាវឱ្យបានលម្អិត កុំឱ្យមានការ យល់ច្រឡំ ឬមន្ទិលសង្ស័យតទៅទៀត ៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>