ភ្នំពេញ ៖ តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ថា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំ អាស៊ាន ពាក់ព័ន្ធផ្សេងទៀតនោះ ព្រះមហាក្សត្រ និងមហាក្សត្រយានី នៃប្រទេសប្រ៊ុយណេ នឹងយាង ចូលគោរព ព្រះវិញ្ញាក្ខន្ធ របស់ព្រះមហា វីរក្សត្រ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ព្រះករុណា ស៊ុលតង់ ហាជីហាសាណាល់ បុលគៀស មូអ៊ីហ្សាឌីន វ៉ាតដូឡាស់ និងព្រះមហាក្សត្រី យ៉ាង-ឌី ផឿទាន់ ណេហ្គារ៉ា នៃប្រទេសប្រ៊ុយណេ ដារូសាឡាម នឹងយាងចូលគោរព ព្រះវិញ្ញាក្ខន្ធ របស់ព្រះមហាវីរក្សត្រ សម្តេច ព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
ជាមួយគ្នានេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ដដែល វេលាម៉ោង២ និង១៥ នាទីរសៀល លោកបណ្ឌិត ថុងលូន ស៊ីស៊ូលីត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ក៏នឹងអញ្ជើញទៅ គោរព ព្រះវិញ្ញាក្ខន្ធ របស់ព្រះមហាវីរក្សត្រ សម្តេច ព្រះបាទនរោត្តម សីហនុ ព្រះវរ រាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរផងដែរ៕