ភ្នំពេញ ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២នេះ បានចេញរបាយការណ៍មួយ ដោយបង្ហាញពីក្តីបារម្ភរបស់ខ្លួន ទាក់ទងយោធា និងនគរបាលនៅក្នុងប្រទេសកម្ពុជា។
ក្នុងរបាយការណ៍នេះ ក៏បានអំពាវនាវឲ្យមានកិច្ចពិភាក្សាថ្នាក់ជាតិ ស្តីពីការកំណែទម្រង់សន្តិសុខ និងផ្តល់អនុសាសន៍មួយចំនួនដើម្បីជួយសម្រួលដល់កិច្ចដំណើរការនេះផងដែរ។
របាយការណ៍៤ទំព័រ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១៦នេះ បានឲ្យដឹងទៀតថា នៅពេលសង្គ្រាមទ័ពឈ្លបប្រឆាំង នឹងខ្មែរក្រហមចុងក្រោយបញ្ចប់នៅឆ្នាំ១៩៩៧ និងការប្រយុទ្ធរវាងក្រុមប្រឆាំងត្រូវបានឃើញជាលើកចុងក្រោយនៅក្នុងឆ្នាំ១៩៩៧ ប្រទេសកម្ពុជា មិនបានស្ថិតក្នុងដាននៃសង្គ្រាមនៅលើទឹកដីរបស់ខ្លួនអស់ពេលជាងមួយទសវត្សរ៍។ប៉ុន្តែទាហានស្លៀកពាក់ឯកសណ្ឋានកងទ័ព និងប្រើប្រាស់កាំភ្លើងនៅតែឃើញមានទូទាំងប្រទេស។
របាយការណ៍បន្តទៀតថា ជាញឹកញាប់កងទ័ពជាប់ពាក់ព័ន្ធក្នុងរឿងមួយចំនួន៖ទី១-ការបណ្តេញចេញប្រជាពលរដ្ឋដោយហឹង្សា ដូចជានៅបុរីកីឡាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។ទី២-ការបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើកក្រុមបាតុករ នៅខេត្តកំពង់ស្ពឺ ដែលកងទាហានប្រដាប់អាវុធមកពីយោធាភូមិភាគ៣ ត្រូវបានរាយការណ៍ថា ដាក់ពង្រាយនៅតុលាការដែលអ្នកភូមិបានកំពុងតវ៉ារឿងដីធ្លី និងត្រូវបានគំរាមកំហែងបាញ់ដោយកាំភ្លើងវែងអាកា៤៧ និងកាំភ្លើងបាញ់ស្វ័យប្រវត្តិ ប្រសិនបើក្រុមតវ៉ាមិនរំសាយទេនោះ។ទោះបីជាមន្រ្តីកម្ពុជាបដិសេធថាមិនដឹងពីករណីនេះ ដោយថ្លែងថាពួកគេមិនដឹងថាអ្នកណាជាអ្នកចេញបញ្ជា ឬអ្នកណាដែលបានដឹកនាំត្រួតត្រាកងទាហាននោះក្តី។
របាយការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដដែលបានបន្ថែមថា យោធាត្រូវបានបង្ហាញឲ្យឃើញថា បានជាប់ពាក់ព័ន្ធក្នុងសកម្មភាពដ៏យង់ឃ្នងដូចជា ក្នុងរឿងកាប់ឈើខុសច្បាប់ ការ បំភិតបំភ័យក្នុងការបោះឆ្នោត និងការរំលោភយកដីធ្លីនានា ព្រមទាំងករណីរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ ជាច្រើនផ្សេងទៀត។
កងទ័ពមិនគួរត្រូវប្រើប្រាស់អាវុធក្នុងនាមជាជនស៊ីវិលនោះទេ ប៉ុន្តែគួរតែស្ថិតនៅក្នុងមូលដ្ឋានទាហានរបស់ខ្លួន ឬតាំងមូលដ្ឋាននៅតាមព្រំដែល ដើម្បីជាការត្រៀមខ្លួនការពារប្រទេសជាតិតាមរយៈសកម្មភាពយោធា។
នគរបាលត្រូវតែទទួលបានការផ្តល់ អំណាចដោយអនុលោមតាមច្បាប់ ដែលបានអនុម័តយ៉ាងត្រឹមត្រូវ ដើម្បីអនុវត្តភារកិច្ចរបស់ពួកគេ និងចាត់វិធានការទប់ទល់បទល្មើសឲ្យបានទូលំទូលាយជាងនេះនៅក្នុងរាជធានីភ្នំពេញ និងប្រទេសកម្ពុជា។ប្រាក់បៀវត្សរបស់នគរបាលត្រូវតែបង្កើន ហេតុដូច្នោះពួកគេអាចបំពេញតួនាទីរបស់ខ្លួនដោយសេចក្តីថ្លៃថ្នូរ ដោយមិនចាំបាច់ត្រូវបង្ខំទទួលយកសំណូកពុករលួយពីអ្នកដែលងាយរងគ្រោះជាងខ្លួន។
ក្នុងរបាយការណ៍ដដែល ក៏បានផ្តល់នូវអនុសាសន៍ចំនួន៩ ចំណុច ដល់រដ្ឋាភិបាលផងដែរ ដែលមានដូចជា៖
ទី១-គួរតែមានកិច្ចពិភាក្សាថ្នាក់ជាតិស្តីពីកំណែទម្រង់សន្តិសុខ។
ទី២-កងទ័ពគួរតែតាំងមូលដ្ឋាននៅឯព្រំដែន ឬមូលដ្ឋានទ័ព និងមិនត្រូវប្រើប្រាស់ក្នុងបរិបទនៃជនស៊ីវិលទេ។
ទី៣-ឯកសណ្ឋានយោធាមិនគួរស្លៀកពាក់ជាជនស៊ីវិលនោះទេ។
ទី៤-ការរំលោភបំពានសិទ្ធិមនុស្ស និងការប្រើប្រាស់អាវុធខុសច្បាប់ដោយកងទ័ពគួរតែត្រូវបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវ។
ទី៥-កងរាជអាវុធហត្ថគួរតែពិនិត្យលើកងទ័ពឲ្យបានត្រឹមត្រូវ។
ទី៦-នគរបាលគួរត្រូវបានអនុញ្ញាតឲ្យថែរក្សាសណ្តាប់ធ្នាប់សាធារណៈជាជាងយោធា។
ទី៧-នគរបាលគួរតែបានអនុញ្ញាតឲ្យចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយកម្រិតនៃការកើនឡើងបទល្មើស។
ទី៨-ប្រាក់បៀវត្សរ៍នគរបាលគួរតែត្រូវបានបង្កើន ហេតុដូចនេះនគរបាលមិនត្រូវបង្ខំឲ្យប្រព្រឹត្តអំពើពុករលួយ។
ទី៩-កិច្ចខិតខំក្នុងការដោះស្រាយបទល្មើសគួរតែត្រូវបានអនុវត្ត ឲ្យបានស្របតាមច្បាប់ដែលបានពិភាក្សាដេញដោលត្រឹមត្រូវ ជាជាងអនុវត្តតាមតែគោលនយោបាយ របស់អង្គការនីតិប្រតិបត្តិ ដូចជាគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕