ភ្នំពេញ៖ ប្រទេសអូស្រ្តាលី និងប្រទេសនូវែល សេឡង់ នឹងដាក់ការិយាល័យតំណាង អចិន្រ្តៃយ៍របស់ខ្លួន ប្រចាំការនៅក្នុងលេខាធិការដ្ឋានអាស៊ាន ដែលមាននិវេសនដ្ឋាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេ ស៊ី ដើម្បីបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន។
លោកអគ្គលេខាធិការអាស៊ាន ស៊ូរិន្ទ ពិតសុវណ្ណ បានប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នា រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ នាវិមានសន្តិភាព បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានថា «អូស្ត្រាលី និងណូវែលសេឡង់ ចង់ដាក់លេខាធិការដ្ឋានអចិន្រ្តៃយ៍របស់ខ្លួននៅហ្សាការតា ក្រៅពីស្ថាន ទូតរបស់ខ្លួនដែលមានស្រាប់ ដើម្បីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀត»។
បើតាមលោក ស៊ូរិន្ទ ប្រទេសទាំងពីរក្នុងចំណោមប្រទេសជាដៃគូពិភាក្សា ទាំង៦របស់អាស៊ាន ដែលមាន ប្រទេសអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង មានលេខាធិការដ្ឋានអចិន្រ្តៃយ៍របស់ខ្លួននៅហ្សាការតា។
គួរបញ្ជាក់ផងដែរថា លេខាធិការដ្ឋានអាស៊ាន គឺជាទីកន្លែងសម្របសម្រួលការងាររបស់អាស៊ាន ដែល ត្រូវបានបង្កើត និងសម្ពោធឲ្យប្រើប្រាស់ជាផ្លូវនៅខែកុម្ភៈ ឆ្នាំ១៩៧៦ ដោយក្រសួងការបរទេសអាស៊ាន ដែលមានទីតាំងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី៕