ភ្នំពេញៈ ប្រមុខដឹកនាំ នៃប្រទេសអាស៊ាន បានសម្រេចជ្រើសរើស សាកលវិទ្យាល័យ លី ហ្គាន់យូ ដែល ជាសាកលវិទ្យាល័យជាតិរបស់សឹង្ហបុរី ជាអ្នកធ្វើការស្រាវជ្រាវបញ្ហាសេដ្ឋកិច្ចអាស៊ាន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ច ប្រជុំកំពូលអាស៊ានលើកទី២១ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក កៅ គឹមហួន បានបញ្ជាក់ថា «ជំនួបរវាងប្រមុខ រដ្ឋាភិបាលអាស៊ាន ជាមួយថ្នាក់ដឹកនាំធុរកិច្ច ដោយការពិភាក្សាផ្តោតទៅលើអនុសាសន៍ ការស្រាវជ្រាវ ដោយ ជ្រើសយកសាលា លី ហ្គាន់យូ នៃសាកលវិទ្យាល័យជាតិសឹង្ហបុរី ដែលក្នុងអនុសាសន៍ គឺធ្វើយ៉ាង ណា ជំរុញឲ្យអាស៊ានមានការប្រកួតប្រជែងនៅលើវិស័យសេដ្ឋកិច្ច»។
លោកបន្តថា ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានចាត់ឲ្យរដ្ឋមន្ត្រីពាក់ព័ន្ធអាស៊ាន ធ្វើការសិក្សាអនុសាសន៍ ដើម្បីដាក់ជូនទៅប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចអាស៊ានវិញផងដែរ៕