-លោក បារ៉ាក់ អូបាម៉ា ជួបពិភាក្សា ជាមួយ សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញៈ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ ក្បួនរថយន្តរបស់ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរមក ដល់វិមានសន្តិភាពប្រកបដោយសុវត្ថិភាព។
នាយកទីចាត់ការរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា ក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក អូបាម៉ា បានធ្វើដំណើរប្រកបដោយសុវត្តិភាព ។
ក្រោយពីបានទៅដល់វិមានសន្តិភាពហើយ ប្រធាធិបតីមហាអំណាច សេដ្ឋកិច្ចរបស់ពិភពលោកទី១ បារ៉ាក់ អូបាម៉ា បាននិងជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តី ដ៏មានឥទ្ធិពល និងប្រជាប្រិយភាពបំផុត របស់កម្ពុជាសម្តេចតេជោ ហ៊ុន សែន។
តាមសេចក្កីរាយការណ៍ ពីភ្នាក់ងារមជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិល ក៏បានឲ្យដឹងដែរថា កម្លាំងសមត្ថកិច្ចបាន ការពារសន្តិសុខ សុវត្ថិភាព គ្រប់គោល ដៅ ក្នុងនោះផ្លូវមួយចំនួនត្រូវបានបិទ មិនឲ្យធ្វើដំណើរឆ្លងកាត់ ក្នុងនោះសូម្បីតែអ្នកដំណើរថ្មើរជើងក៏ហាមមិនឆ្លងកាត់ដែរ ។
សេចក្តីរាយ ការណ៍បានបន្តទៀតថា នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្សី អាជ្ញាធរបានបិទនៅចំណុចសណ្ឋាគារមនោរម្យ និងរង្វង់មូលស្ពានជ្រោយចង្វារ ឯផ្លូវព្រះនរោត្តមក៏បានបិទដែរ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ក្នុងរយៈពេលបិទផ្លូវនេះ បានធ្វើឲ្យរថយន្តជាច្រើនគ្រឿងត្រូវកកស្ទះ នៅតាមបណ្តោយផ្លូវទាំងនោះ ហើយចំណុចដែរស្ទះជាងគេ គឺនៅផ្លូវផ្លូវព្រះស៊ីសុវត្ថិ ផ្លូវកម្ពុជាក្រោម និងនៅម្តុំរង្វង់មូលស្ពានជ្រោយចង្វារ ហើយចរាចរអាចនិងប្រសើរឡើងវិញប្រហែលនៅម៉ោង១០ និង១១ យប់៕