ភ្នំពេញ៖ ជំនួបទ្វេរភាគីជា ប្រវត្តិសាស្ត្ររបស់ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីសហរដ្ឋមេរិក លោកបារ៉ាក់ អូបាម៉ា នៅកម្ពុជា បានបញ្ជាក់ពីលទ្ធផល ជាថ្មី នៃដំណោះស្រាយបញ្ហាបំណុលដែលប្រទេសកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកជាច្រើនឆ្នាំទសវត្សរ៍កន្លងមកនោះ។
រដ្ឋមន្ត្រី ប្រតិភូ អមនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខន និងជារដ្ឋាលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីបាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបទ្វេភាគី រវាងសម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ថា ភាគីទាំងពីរ សម្តេចនាយករដ្ឋន្ត្រី និង អូបាម៉ា បានសម្រេចឯកភាពឲ្យ ក្រុមការងារប្រទេសទាំងពីរ រៀបចំកម្មវិធីឡើងវិញ ដើម្បីពិភាក្សាអំពីបញ្ហាលុបបំណុល ដោយកម្ពុជាស្នើសុំឲ្យដោះស្រាយជាទ្វេភាគី ដោយបង្វែរសំណងនោះជាជំនួយលើវិស័យសិក្សាធិការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។
លោក ប្រាក់ សុខុន បានថ្លែងក្នុងសន្និសីទបន្ត ដោយលើកឡើងនូវ ប្រសាសន៍របស់សម្តេចតេជោថា ជាកាតព្វកិច្ចមរតក កម្ពុជាត្រូវតែសងបំណុលអាមេរិក តែសូមបង្វែបំណុលនេះ ទៅជាជំនួយសម្បុរស និងរកលទ្ធភាព ដើម្បីដោះស្រាយបញ្ហានេះ។ លោកបញ្ជាក់ថា កម្ពុជាចង់សងបំណុលសហរដ្ឋអាមេរិកទៅតាម សំណើ ដែលខ្លួនបានធ្វើចុងក្រោយបំផុត កាលពីភាគីទាំងពីរ ជួបគ្នានាឆ្នាំទៅ(២០១១) ដោយប្រើប្រាស់យន្តការទ្វេរភាគី មិនប្រើប្រាស់យន្តការក្លឹបឌឺប៉ារីស (Club de Paris)។ ចំណុចទី១. ស្នើឲ្យភាគីទាំងរៀបចំការសងបំណុលនេះ ឡើងវិញ តាមដំណាក់កាល។ ទី២. ការសងនោះធ្វើឡើងដោយគិតអត្រាការប្រាក់ ១ភាគរយ។
លោកបន្ថែមថា សម្តេចបានស្នើបន្ទុកសេវា បំណុលមួយភាគធំយ៉ាងហោចណាស់៧០ភាគរយ គឺបង្វែរជួយជាការអភិវឌ្ឍន៍វិស័យសង្គម ពិសេសជាផ្នែក អប់រំសិក្សា ធិការ ជាការផ្តល់អាហាររូបករណ៍ និងជួយដល់ផ្នែកផ្សេងទៀតដូចជា ការអប់រំវប្បធម៌ ការបោសសម្អាតមីនជាដើម។
លោកប្រាក់ សុខុន បានបញ្ជាក់ថា «លោកប្រធានាធិបតីអូបាម៉ា បញ្ជាក់ថាលោករីករាយក្នុងការ ចាត់ឲ្យក្រុមរបស់លោកធ្វើការជួយកម្ពុជា ដើម្បីរកនូវការស្រុះស្រួលណាមួយ ដោះស្រាយបញ្ហាបំណុលនេះ ហើយឲ្យពិនិត្យជាមួយកិច្ចព្រមព្រៀងដែលកម្ពុជាបានធ្វើជាមួយ IMF ទាក់ទងទៅនឹងការសងបំណុលនេះ រកលទ្ធដើម្បីសម្រួលការដោះស្រាយបញ្ហានេះ»៕