ភ្នំពេញៈ ថ្លែងចំពោះមុខ តំណាងអង្គការសហប្រជាជាតិ (UN) ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ លោក ហោ ណាំងហុង បានសន្យាថា កម្ពុជា នឹងធ្វើឲ្យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែល្អប្រសើបន្ថែមទៀត។
ការថ្លែងបែបនេះ របស់ប្រមុខការទូត គឺបានធ្វើឡើងក្នុងកិច្ចជំនួបដោយបិទទ្វារ រវាងតំណាងអង្គការសហប្រជាជាតិ ចំនួនពីររូប គឺលោក ហាវលាង ស៊ូ (Haoliang Xu) ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងអ្នកស្រី ផ្លាវីយ៉េ ប៉ងស៊ីយ៉េរី (Flavia Pabsier) ឧត្តមស្នងការរងជាន់ខ្ពស់ អ.ស.ប. ទទូលបន្ទុកសិទ្ធិមនុស្ស នាទី ស្តីការក្រសួងការបរទេសខ្មែរនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នេះ។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសខ្មែរ បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចជំនួបនោះថា «កម្ពុជាប្តេជ្ញា ចិត្តធ្វើឲ្យមានឆន្ទៈពិតប្រាកដ ធ្វើឲ្យមានការជឿនលឿន ផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តម(ហោ ណាំហុង) បានបញ្ជាក់ថា ប្រទេសជាច្រើនគេមិន បានទទួល ឲ្យមានឧត្តមស្នងការការិយាល័យ ផ្នែកសិទ្ធិមនុស្សនៅក្នុងប្រទេសគេនោះទេ ទាំងអង្គការសហប្រជាជាតិ និងអ្នករាយការពិសេស តែកម្ពុជាទទូលយក… .ដូច្នេះកម្ពុជាបង្ហាញពីឆន្ទៈ ទទួលយកពិតប្រាកដដែលកម្ពុជាមាន ក្នុងការធ្វើឲ្យដំណើរការសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ឲ្យបានជឿនលឿនទៅមុខនោះ»។
នៅក្នុងកិច្ចជំនួបរវាងភាគីទាំងពីរ រយៈពេលជិតមួយម៉ោងនោះ លោក កុយ គួង ក៏បានបញ្ជាក់ផងដែរថា ភាគីទាំងពីក៏បានពិភាក្សាគ្នា ជាច្រើនទៀតទាក់ទងនឹងបញ្ហា សិទ្ធិមនុស្សនៅកម្ពុជាបញ្ហាបាតុកម្ម ដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិ នាពេលកន្លងទៅ និងអំពីកិច្ចសហប្រតិបត្តិការ បន្តរវាងភាគីទាំងពីរ និងអំពីបញ្ហាការ កែទម្រង់នៃពន្ធនាគារជាដើម។
ជាមួយគ្នានោះដែរ បើតាមលោក កុយ គួង បានមានប្រសាសន៍បញ្ជាក់ទៀតថា អ្នកស្រីផ្លាវីយ៉េ ប៉ងស៊ីយ៉េរី បានស្នើឲ្យគណបក្សទាំងពីរ បន្តធ្វើការចរចាគ្នាដោយ សន្តិវិធី ដើម្បីឲ្យស្ថានភាព នៅប្រទេសកម្ពុជាប្រសើរឡើងវិញ តែយ៉ាងណាក្តី លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានឆ្លើយតបទៅនឹងអ្នកស្រី ប៉ងស៊ីយ៉េរី ថាគណបក្សប្រជាជនកម្ពុជា មានឆន្ទៈគ្រប់ពេលវេលា សម្រាប់ធ្វើការដោះស្រាយអំពីបញ្ហានានា ជាមួយនឹងគណបក្សសង្គ្រោះជាតិ ដែលបានកើតចេញពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនោះ។
ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានេះផងដែរ អ្នកស្រី ប៉ងស៊ីយ៉េរី បានថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរថា ប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស តែងតែមាននូវភាពវិជ្ជមាន និងអវិជ្ជមាន តែយ៉ាងណាក្តី អ្នកស្រីក៏បានកោតសរសើរ ចំពោះប្រជាជនកម្ពុជា បានចេះដឹងច្រើនជាងពីកន្លង ទៅទាក់ទង នឹងការបញ្ចេញមតិ និងការទាមទារសិទ្ធិសេរីភាព របស់ពួកគេ៕