ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានថ្លែងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នេះ ដោយបានចាត់ទុក គណបក្សសង្រ្គោះជាតិ ថាគឺជាពស់ក្បាលពីរ ម្ខាងឯកភាព និងម្ខាងទៀតមិនឯកភាពទៅវិញ។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុម អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សារវាង លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក ហាវលាងស៊ូ ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងលោកស្រី ផ្លាវីយ៉េ ប៉ង់ស៊ីយ៉េរី នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពជាមួយគ្នា ជាច្រើនចំណុចហើយ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានជួបនិយាយជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដោយបានកំណត់ថ្ងៃចូលព្រះបរមរាជវាំង ដើម្បីឲ្យព្រះមហាក្សត្រធ្វើជាព្រះរាជាធិបតី ចុះហត្ថលេខា នៃកិច្ចព្រមព្រៀងគណបក្សទាំងពីរ ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែបែរជាគណបក្សប្រឆាំងនេះ ប្រែក្រឡាស់ទៅវិញ។
លោកបន្តថា “ឯកឧត្តមហោ ណាំហុង បានបញ្ជាក់ថា គណបក្សប្រឆាំង (គណបក្សសង្រ្គោះជាតិ) ដូចជាពស់ក្បាលពីរ មួយគេឯកភាពជាមួយយើង តែក្បាលមួយទៀត គេមិនឯកភាពគេជំទាស់ ហើយគេរកលេសផ្សេងៗ ធ្វើឲ្យដំណើការនេះ (ការចរចារវាងបក្សទាំងពីរ) វាខកខានទៅវិញ”៕
លោក កុយ គួង បន្តថាទោះបីជាយ៉ាងណា គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហរជានិច្ច ក្នុងការជួបចរចាជាមួយ គណបក្សសង្រ្គោះជាតិ បើទោះបីជាគណបក្សសង្រ្គោះជាតិ ប្រើប្រាស់រូបភាពបែបណាក៏ដោយ ប៉ុន្តែសង្ឃឹមថា ថ្ងៃណាមួយនឹងមានដំណោះស្រាយជាក់ជាមិនខាន៕