ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៤ ក្រុមហ៊ុនស្រាបៀរអង្គរបេះដូងខ្មែរ បានប្រារព្ធ ពិធីជប់លៀង អបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា លើក ទី១២៨ ដល់បុគ្គលិក កម្មករ កម្មការិនី និយោជិត និងក្រុមគ្រួសារ ប្រមាណជិត ២០០០ នាក់ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ។
លោក ឆេង សុភ័ក្រ ប្រធានរដ្ឋបាល ធនធានមនុស្ស បានប្រាប់ មជ្ឈមណ្ឌលព៌តមាន ដើមអម្ពិល ឲ្យដឹងថា ក្រុមហ៊ុនស្រាបៀរអង្គរ បានប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ គឺចាប់តាំង ពីឆ្នាំ ១៩៩៣មកម៉្លេះ ហើយគោលបំណងរបស់យើង គឺដើម្បីផ្សារភា្ជប់នូវចំណងមិត្តភាព សាមគ្គីភាព រវាងក្រុមគ្រួសារកម្មករ និយោជិត និងថ្នាក់គ្រប់គ្រង នៅក្នុងក្រុមហ៊ុនទាំងមូល ពោលគឺពួកយើងជាគ្រួសារតែមួយ។ លោក ឆេង សុភ័ក្រ ក៏បានបញ្ជាក់ថា សម្រាប់ក្រុមហ៊ុន ស្រាបៀអង្គរ ក្នុង១ឆ្នាំ មានប្រារព្ធពិធីជួបជុំ ៤ធំៗ និងពិធីតូចៗជាច្រើនទៀតផងដែរ ។
នៅក្នុងពិធីនោះដែរ ក្រុមហ៊ុនបានរៀបចំល្បែងកម្សាន្ត ជាច្រើនប្រភេទ ដោយមានភ្ជាប់មក ជាមួយប្រាក់រង្វាន់លើកទឹកចិត្ត និងអមដោយដន្រ្តីកំដរកម្សាន្ត សប្បាយផងដែរ ៕