ព្រៃវែង៖ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំចាយមា លោកស្តើង សុខុម បានជំរុញឱ្យសមាជិក ក្រោមបង្គាប់ទាំងអស់ ត្រៀមខ្លួន សម្រា ប់ការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សារាជធានី-ខេត្ត នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ការជំរុញនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ស្របនឹងប្រទេស កម្ពុជាទាំងមូល បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សា ស្រុកអាណត្តិទី២ សម្រាប់ថ្ងៃទី១ ខណៈដែល បោះឆ្នោត នឹង ប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា ខាងមុខនេះ ។
លោក ស្ដើង សុខុម បានគូសបញ្ជាក់ ពីសមិទ្ធផល ជាប្រវត្តិសាស្រ្ត ដែលដឹកនាំដោយ សម្ដេចទាំងបី បានកសាងជូនប្រទេសជាតិ មានជាអាទិ៍ដូចជា បានរំដោះប្រជាពលរដ្ឋ ទូទាំងប្រទេស ឲ្យរួចផុត ពីការកាប់សម្លាប់ យ៉ាងសាហាវ ឃោរឃៅ ពីការស្លាប់ដោយអត់អាហារ ស្លាប់ដោយជំងឺជាដើម រក្សាប្រទេសជាតិ ឲ្យបានគង់វង្ស នៅក្នុងផែនទីពិភពលោក ដោយធានា បាននូវអធិបតេយ្យ និងបូរណភាព ទឹកដីពេញលេញ ពិសេសគឹបាននាំ មកនូវ សន្ដិភាព ការអភិវឌ្ឍគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ។
លោកក៏បានស្នើមន្រ្តីរបស់គណៈបក្សប្រជាជន ដែលមានតួនាទីជាអាជ្ញាធរ ឲ្យខិតខំអនុវត្តការងារ ឲ្យបានកាន់តែល្អថែមទៀត ពិសេសលើកកំពស់ ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមទិសដៅដឹកនាំ កំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ពិសេសខិតខំធ្វើឲ្យបានកាន់តែល្អថែមទៀតចំពោះការអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព សំដៅរក្សាឲ្យបានល្អនូវ សន្ដិសុខ សុវត្ថិភាព បរិយាកាសល្អ សម្រាប់ពេលយុទ្ធនាការ ឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត ៕